ខេត្តបាត់ដំបង ៖ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត លោក នួន សាន បានចុះទៅពិនិត្យទីតាំង ដែលក្រុមជនទុច្ចរិត ប៉ុនប៉ងជីកកកាយ រកកំណប់ នៅក្បែរសំណង់ អាងកំពីងកំពួយ ស្ថិតក្នុងឃុំតាគ្រាម ស្រុកបានន់ នៅព្រឹកថ្ងៃទី២៥ តុលានេះ បន្ទាប់ពីសំណុំរឿង ដ៏រំជើបរំជួលនេះ បានផ្ទុះឡើង ធ្វើឱ្យភ្ញាក់ផ្អើល ពេញខេត្តបាត់ដំបង នាប៉ុន្មានថ្ងៃកន្លងទៅនេះ ។

រណ្តៅជីកកំណប់នេះ ត្រូវគេជីកនៅក្នុងក្រោម តូបលក់ម្ហូបអាហារ ដែលមានចម្ងាយ ពីសំណង់ទី១ នៃអាងកំពីងកំពួយ ប្រហែល៥០ម៉ែត្រ តែត្រូវសមត្ថកិច្ច បញ្ជាឱ្យម្ចាស់តូប យកក្តារវ៉ៃបិទជិតវិញហើយ ។ ប៉ុន្តែមានមនុស្សជាច្រើន កំពុងតាមឃ្លាំមើលសកម្មភាព មនុស្សប្លែកៗ ដែលចេញចូលទៅកាន់ទីនោះ ខណៈកម្លាំងសមត្ថកិច្ច បានដេកយាមជារៀងរាល់យប់ យ៉ាងប្រុងប្រយ័ត្នបំផុត។

លោក នួន សាន មានប្រសាសន៍ថា ដើម្បីកុំឱ្យបញ្ហាកំណប់នេះ បង្កការរំជើបរំជួលកាន់តែខ្លាំង យើងគួរតែបង្កើត ក្រុមគណៈកម្មការមួយ ជីកកកាយរកកំណប់នេះតែម្តង ។ ហើយបើសិនជាមានកំណប់មែន គួរតែប្រើប្រាស់សម្រាប់អភិវឌ្ឍន៍ ឫកសាងនូវអ្វីមួយ ជាសម្បត្តិសាធារណៈ ដើម្បីទុកសម្រាប់ឱ្យកូនចៅជំនាន់ក្រោយៗ បានដឹងនិងឃើញ ។ លោកថា យើងមិនគួរធ្វើអ្វី ដែលនាំឱ្យមានការ ភ្ញាក់ផ្អើលនោះទេ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]