ខេត្តរតនគិរី ៖ អ្នកទោសម្នាក់ ក្នុងចំណោម៦នាក់ ដែលហែកគុករត់ ត្រូវសមត្ថកិច្ចស្រាវជ្រាវ ចាប់ខ្លួនបានម្នាក់មកវិញ កាលពីវេលា ម៉ោង១១យប់ ថ្ងៃទី២៤ តុលា នៅក្នុងផ្ទះសំណាក់ អង្គរជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ហើយក្រោយពីចាប់ខ្លួន អ្នកទោសរូបនោះ ត្រូវបញ្ជូនទៅ ពន្ធនាគារខេត្តរតនគិរី ទាំងយប់ ។

អ្នកទោសដែលចាប់បាននោះ ឈ្មោះ ស៊ី ណូយ ជាប់ចោទករណី ប្រើអំពើហិង្សា ។ សូមបញ្ជាក់ថា អ្នកទោសចំនួន៧នាក់ បានព្យាយាមរត់ចេញ ពីពន្ធនាគារភ្នំស្វាយ កាលពីវេលា ម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៣ តុលា ។ ទោះបីជាយ៉ាងណា ត្រូវបានប្រធានពន្ធនាគារមកទាន់ ក៏ចាប់ខ្លួនបានម្នាក់មកវិញ រីឯ៦នាក់ទៀត រត់រួចដោយសុវត្ថិភាព បាត់ស្រមោល ។

យោងតាមប្រភពព័ត៌មាន ពីលោកឧត្តមសេនីយ៍ត្រី ទីន សុវណ្ណី ប្រធានពន្ធនាគារភ្នំស្វាយ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់ទ្បាបានសៀក ក្រុងបានលុង ឱ្យអ្នកយកព័ត៌មានដឹង នៅព្រឹកថ្ងៃកើតហេតុថា អ្នកទោសក្នុងបន្ទប់មួយនេះ មានចំនួន១២នាក់ ហើយនៅវេលាទៀបភ្លឺ ម៉ោងប្រមាណជាង៣ លោកបានចូលទៅក្នុងពន្ធនាគារ ស្រាប់តែប្រទះឃើញ អ្នកទោសពីរបីនាក់ រត់ចេញតាមចម្រឹងបង្អួច ដែលកាត់ដាច់ចំនួន២ដើម ។

ពេលនោះលោកបានស្រែកហៅកម្លាំង មកជួយក៏ចាប់ខ្លួន បានអ្នកទោសម្នាក់វិញ ហើយទៅពិនិត្យមើលក្នុងបន្ទប់ បាត់អ្នកទោសចំនួន៦នាក់ ។ តាមសម្តីរបស់លោកប្រធានពន្ធនាគារ បានបង្ហាញថា ប្រសិនបើលោកមកមិនទាន់ សកម្មភាពអ្នកទោសរត់ទេ ក្នុងបន្ទប់ទាំង១២នាក់ ច្បាស់ជារត់រួចទាំងអស់ មិនខានទ្បើយ ។ លោកប្រធានពន្ធនាគារនិយាយថា អ្នកទោសទាំង៦នាក់រួមមាន៖

១-ឈ្មោះ  ចាន់ សារស់ ជាមេខ្លោង ករណីលួច (ធ្លាប់ចាប់ខ្លួនបាន និងហែកគុករត់ចេញញឹកញាប់) ។
២-ឈ្មោះ ផាន់ សុភ័ក្ត្រ ករណីលួច
៣-ឈ្មោះ ស៊ី ណូយ ករណីប្រើអំពើហិង្សា
៤-ឈ្មោះ សាស់ សារ៉េត ករណីលួច
៥-ឈ្មោះ អ៊ុន ចាន់ធូ ករណីលួច
៦-ឈ្មោះ លឹម ស៊ីថា ប្រើប្រាស់សារធាតុញៀន ៕

អ្នកទោសហែកគុករត់ ចាប់បានមកវិញ

អ្នកទោសទាំង៦នាក់ហែកគុករត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]