កណ្តាល ៖ ជារឿងគួរឲ្យ ហួសចិត្តនឹង ការធ្វេសប្រហែស ពីសំណាក់ឪពុកម្តាយ វ័យក្មេង ព្រោះតែឲ្យកូនប្រុស អាយុទើប ៦ខែ ក្បែរខ្លួននៅលើគ្រែ ហើយពេលពួកគេ ទាំងពីរនាក់ ដេកលង់លក់ កូនប្រុសរមៀល ធ្លាក់ពីលើគ្រែ មកក្រោម គាប់ជូននឹង ភ្លៀងធ្លាក់ខ្លាំង ទឹកហូរចូលផ្ទះ បណ្តាលឲ្យលង់ ស្លាប់តែម្តង កាលពីវេលា ម៉ោងជាង ១១យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាឪពុកឈ្មោះ ចន សុខហេង អាយុ២២ឆ្នាំ និងស្ត្រីជាម្តាយ ឈ្មោះ កែវ ពិសី អាយុ ២០ឆ្នាំ បាននាំគ្នាដេក លើគ្រែមើល ទូរទស្សន៍ ដោយទុកកូន ប្រុសឲ្យដេកខាង ។ លុះពេលភ្ញាក់ឡើង នៅពាក់កណ្តាលយប់ ស្ត្រីជាម្តាយ មិនឃើញកូន ក៏ដាស់ប្តីស្រាប់ ក្រឡេកមើលក្រោម គ្រែឃើញកូនប្រុស លង់ទឹកស្លាប់បាត់ ទៅហើយ ព្រោះតែភ្លៀងបានធ្លាក់ ហើយទឹកលិច ចូលផ្ទះកម្ពស់ជាង ៣០ សង់ទីម៉ែត្រ ។

ក្រោយកើតហេតុ នគរបាលមូលដ្ឋាន បានចុះមកពិនិត្យ និងអះអាងថា ពិតជាករណីលង់ ទឹកស្លាប់ប្រាកដមែន ។ បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់ សពក្មេងប្រុសរងគ្រោះ ឈ្មោះ ចន គីមឈាង អាយុទើបតែ៦ខែ ជូនក្រុម គ្រួសារធ្វើបុណ្យ តាមប្រពៃណី ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]