បាល់ទាត់៖ នាយប់នេះ នៅក្នុងក្របខ័ណ្ឌ Primera División របស់ប្រទេសអេស៉្បាញ នឹងមានមួយគូ ដែលមិនអាចមើលរំលងបាន នោះគឹការប្រកួតរវាង ក្រុមអធិរាជ-ស Real Madrid ត្រូវបើកទ្វារកីឡាដ្ឋាន Santiago Bernabéu ស្វាគមន៍ បងប្អូនរួមផ្ទៃ ស៊ីសាច់ហុចឈាម អ្នកមានបុណ្យ Barcelona វេលាម៉ោង ១១ យប់ ម៉ោងនៅកម្ពុជា។

៥ ប្រកួតចុងក្រោយ ក្នុង La Liga របស់ Real Madrid គឺឈ្នះទាំង ៥ បច្ចុប្បន្នឈរនៅលេខរៀង ទី ៣ មាន ១៨ ពិន្ទុ តាមពីក្រោយក្រុមលេខពីរ Sevilla មាន ១៩ ពិន្ទុ។ Gareth Bale នឹងបន្តអវត្តមាន លេងឲ្យក្រុម Real Madrid ខណៈគ្រូបង្វឹកលោក Carlo Ancelotti នឹងរក្សាទម្រង់លេងដូចពេល ដែលផ្តួលហង្សក្រហម Liverpool ០ទល់នឹង៣ នាទឹកដី Anfield ប្រទេសអង់គ្លេស ក្នុងក្របខ័ណ្ឌ Champions League កន្លងទៅ។ Real Madrid នៅមានគ្រាប់អុក នៅជួរមុខ បីនាក់ សំខាន់ៗ ដូចជា Cristiano Ronaldo, Karim Benzema និង James Rodriguez។

ងាកទៅក្រុមអ្នកមានបុណ្យ Barcelona វិញ ៥ ប្រកួតចុងក្រោយ ក្នុង La Liga គឺឈ្នះ ៤ និងស្មើ ១ បច្ចុប្បន្នឈរនៅ កំពូលតារាង មាន ២២ ពិន្ទុ ខណៈទើបតែទទួលបានជ័យជម្នះ ទៅលើក្រុមហូឡង់ Ajax ក្នុងក្របខ័ណ្ឌ Champions League កន្លងទៅ។ ខ្សែប្រយុទ្ធ Luis Suarez នឹងអាចបង្ហាញវត្តមាន ក្នុងក្រុមរបស់លោក Luis Enrique នាជំនួបយប់នេះ បន្ទាប់ពីបម្រាម ៤ ខែត្រូវបានបញ្ចប់ ដែលជាហេតុ Pedro អាចនឹងបាត់បង់តំណែង អង្គុយនៅកៅអីបម្រុង។ គ្រូបង្វឹក លោក Luis Enrique  ទំនងនឹងដាក់ Luis Suarez នឹងលេងជាខ្សែប្រយុទ្ធជួរមុខ អមសងខាងដោយ កីឡាករមុជស្រួច Lionel Messi និង Neymar។


គួរបញ្ជាក់ផងដែរថា ប្រវត្តិជួបគ្នាទាំង ៥៦ ដង គឺ Real Madrid ឈ្នះតែ ១៦ ដង ខណៈ Barcelona ឈ្នះ ២៤ ដង និងស្មើ ១៦ ដង។ ប្រកួតចុងក្រោយបង្អស់ គឺ Barcelona ចាញ់ Real Madrid យ៉ាងអាម៉ាស់ ក្នុងទឹកដី ដោយលទ្ធផល ១ទល់នឹង២ ក្នុងពានរង្វាន់ Copa Del Rey។

ព្យាករណ៍ទម្រង់លេង ១១ នាក់ដំបូង


ទស្សនៈ៖ Real Madrid 2 –1 Bareclona

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]