ចិន៖ នេះពិតជា ទេពកោសល្យមួយ ដ៏អស្ចារ្យ ដែលបុរស ជនជាតិចិន វ័យ ៥០ ឆ្នាំ ម្នាក់ អាចគេង លើខ្សែពួរ មួយ ធ្វើជាអង្រឹង បានយ៉ាងសុខស្រួល ហើយមើលទៅ ដូចជាគ្មាន ផលវិបាកអ្វី បន្តិចឡើយ ដែលមនុស្សគ្រប់គ្នា ពិតជាមិនអាច ធ្វើដូចលោកបានឡើយ។

បុរសដែលមាន ទេពកោសល្យ ខ្ពស់រូបនេះ មានឈ្មោះ Liang មានឈ្មោះហៅក្រៅថា «បុរសកុងហ្វូ» ត្រូវបានគេ ប្រទះឃើញថា គាត់ដេក លើខ្សែពួរមួយ យ៉ាងរំភើយ នៅសួនច្បារ មួយកន្លែង ក្នុងក្រុង Huangyan ខេត្ត Zhejiang ប្រទេសចិន កាលពីពេលថ្មីៗនេះ។ មានពេលខ្លះ គាត់បានទំលាក់ដៃម្ចាង ទៅក្រោម ហើយយកដៃម្ចាងទៀត មកដាក់លើទ្រូង និង ពេលខ្លះទៀត គាត់បានលើកជើងម្ចាង ឡើងទៅលើទៀតផង ដែលមិនធ្វើឲ្យគាត់ ធ្លាក់ពី លើខ្សែពួរ ដ៏តូចនោះឡើយ។ អ្វីដែលគួរឲ្យ ចាប់អារម្មណ៍ទៀតនោះ នៅពេលដែល គាត់ឃើញ អ្នកដំនើរដើរឆ្លងកាត់ កន្លែង ដែលគាត់ដេក គាត់ក៏បាន លើកដៃសំពះពួកគេ ទៀតផង។

លោក Liang បានឲ្យដឹងថា គាត់បានរៀនវិធីសាស្រ្ត ដេកលើខ្សែពួនេះ ពីលោកគ្រូ កុងហ្វូរបស់គាត់ ដែលដំបូង ឡើយ ត្រូវការ ខ្សែពួរ បីខ្សែ មកចង ដើម្បីរក្សាលំនឹង។ បន្ទាប់មក លោកក៏ទម្លាក់ខ្លួនដេក ទៅខ្សែពួរ ដែលនៅកណ្តាល ដោយយកដៃទាំងសងខាង ទៅកាន់ខ្សែពួរ ពីរទៀត ដើម្បី កុំឲ្យធ្លាក់ដី ប៉ុន្តែទីបំផុត លោកនៅតែធ្លាក់ដី។ យ៉ាងណាមិញ ដោយសារតែ គុណលោកគ្រូកុងហ្វូ បានបង្ហាត់បង្រៀន ពេលនេះ លោក Liang អាចដេកលើខ្សែពួរ តែមួយ ក្នុងរយៈពេលយូរ បានយ៉ាងងាយស្រូល។ លោកបានបន្តថា ៖  «មនុស្សគ្រប់គ្នា អាចធ្វើបានដូចជារូបខ្ញុំ ទោះបីជា ពួកគេមិនចេះ ក្បាច់គុណ កុងហ្វូក៏ដោយ សំខាន់ឲ្យតែពួកគេ អាចរក្សាលំនឹង គូថ ,ស្មា និង ក្បាល ជាមូយនឹងខ្សែពួរនេះ ។ ប៉ុន្តែអ្វីដែលសំខាន់ ទៀតនោះ គឺពួកគេត្រូវ តាំងស្មារតី ឲ្យហ្នឹងនរ នោះបានទៅហើយ»។

គួរបញ្ជាក់ផងដែរ លោក Liang បានចាប់ផ្តើម ហ្វឹកហាត់ ជំនាញដ៏កម្រនេះ នៅពេលដែលលោក ត្រូវបានពិនិត្យ ឃើញថា មានជំងឺមហារីកបំពង់ក កាលពីបីឆ្នាំមុន។ ទោះបីលោក បានទទួលការវះកាត់ ពីវេជ្ជបណ្ឌិត ដោយជោគជ័យក៏ដោយ ក៏វេជ្ជបណ្ឌិត បានផ្តាំប្រាប់លោកថា ប្រសិនបើលោក មិនទទួលការ សំរាកគ្រប់គ្រាន់ទេ លោកមានពេលតែ ៦ ខែប៉ុណ្ណោះ ដើម្បីរស់ តទៅមុខទៀត។ ដូច្នេះហើយ បានជាលោក សំរេចចិត្ត ហ្វឹកហាត់វា ដែលលោកបាន ឲ្យដឹងថា ការធ្វើបែបនេះ អាចឲ្យលាក មានអាការៈធូស្រាល ជាងមុនបានច្រើន៕






ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]