ភ្នំពេញ៖ បន្ទាប់ពីចំណង ស្នេហារបស់ពិធីករ សម្បូរវោហាស័ព្ទលោក ឡាយ អិន បានដើរដល់ផ្លូវបំបែក ដោយភរិយារបស់លោក បានដាក់ ពាក្យប្តឹងសុំលែងលះ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ រួចមិនទាន់ បានប៉ុន្មានផង លោកក៏បានរៀបរាប់ ការឈឺចាប់ និងសម្រក់ ទឹកភ្នែក ប្រាប់ឲ្យដឹងថាទុក្ខរបស់ លោកពេលនេះ គឺធ្ងន់ខ្លាំង លើសពី ភរិយាសុំលែងទៀត ព្រោះថាពេលនេះ លោកត្រូវ រស់នៅបែកឃ្លាត ឆ្ងាយពីកូនៗ សំណព្វចិត្តទាំងបី ដោយមិនដឹងឡើយថា ពួកគេរស់នៅឯណា ។

នៅក្នុងកិច្ចសម្ភាសន៍ ជាមួយគេហទំព័រ Looking TODAY នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤នេះ ពិធីករ និងជា DJ រូបនេះ បាន ថ្លែងប្រាប់ឲ្យដឹង ទាំងសំឡេងអួលដើមករ ថ្ងួចថ្ងូរថា ភរិយា របស់ លោក ធ្វើបាបលោក ខ្លាំងណាស់ ដោយនាងបាន ពង្រាត់កូនៗ ចេញពីលោកទៅបាត់ ស្រមោលដោយទុក ឲ្យលោករស់នៅ កណ្តោចកណ្តែង ជាមួយការឈឺចាប់ និងការដង្ហើយ ដើររកកូនគ្រប់ ច្រកល្ហក “ ខ្ញុំពិតជាឈឺចាប់ ខ្លាំងណាស់ ព្រោះថាកូនៗជា ទីស្រលាញ់របស់ខ្ញុំ ត្រូវបានឃ្លាត ឆ្ងាយពីខ្ញុំហើយ ដោយភរិយាខ្ញុំ គេបានលួចយក កូនៗ ចាកចេញ ពីខ្ញុំតាំងពីចុងខែកញ្ញា រហូតដល់ពេលនេះ ខ្ញុំនៅមិនទាន់ បានជួបមុខកូនទេ ខ្ញុំពិតជានឹក កូនខ្លាំងណាស់ ពេលនេះខ្ញុំស្ទើរ តែឆ្គួតទៅហើយ ” ។

លោក ឡាយអិន បានប្រាប់ដោយ សំឡេងសោកសៅ និងលាយឡំ សំឡេងយំទៀតថា “កាលពី ថ្ងៃទី២៩ ខែកញ្ញា វេលាម៉ោង ២៖៤៥ នាទី ភរិយាខ្ញុំបាននាំកូនៗ ចេញពីផ្ទះទៅ បាត់ស្រមោល តែពេលនោះ ខ្ញុំមិនគិតទេថា គ្រប់យ៉ាងវា ធ្ងន់ធ្ងរបែបនោះ ដោយខ្ញុំគិតថានាង ទៅគ្រាន់តែមួយ រយៈពេលខ្លី និងត្រឡប់មក វិញតែដឹងអី ក្រោយពី ចេញទៅបានជិតមួយខែ នាងបានដាក់ពាក្យ ប្តឹងលែងលះខ្ញុំ ហើយ មិនតែប៉ុណ្ណោះ នាងថែមទាំង ហាមឃាត់ខ្ញុំ មិនឲ្យជួបមុខកូនៗ ទាំង៣ទៀត រហូតដល់ពួកខ្ញុំត្រូវ បានតុលាការ កោះហៅខ្ញុំក៏បាន ជួបនាង តែនាងមិនបាន យកកូនមកជាមួយទេ ព្រោះថានាងបាន យកទៅ លាក់បាត់ហើយ” ។

លោកបានបន្ត ទាំងអារម្មណ៍ ខ្សឹបខ្សួលទៀតថា ពេលនេះលោកខំ ប្រឹងដើររក កូនគ្រប់ទីកន្លែង តែគ្មានដំណឹង កូនបន្តិចណាឡើយ អារម្មណ៍ពេលនេះ លោកពិតជា នឹកកូននិង ចង់បីត្រកង កូនៗខ្លាំង ណាស់ បើទោះជាភរិយា របស់លោក មានការខឹងសម្បារ និងចង់ លែងលះលោក ក៏ដោយ តែគេ (ភរិយា) គ្មានសិ្នទ្ធណា មកពង្រាត់កូនចេញ ពីដើមទ្រូងឪពុក ដូចជារូបលោកឡើយ ជាការពិតឪពុក គ្រប់ៗរូប តែងតែធ្វើគ្រប់ យ៉ាងដើម្បីកូន តែបើនាងអស់ ចិត្តមិនស្រលាញ់ លោកសុំត្រឹមតែ ឲ្យលោកជួបកូនៗ លោកវិញ ទៅបានហើយ ។

ជាមួយគ្នានោះ លោក ឡាយអិន ក៏បានផ្ញើរ សារទទូចទៅ ដល់ទស្សនិកជន ទាំងអស់ផងដែរថា “ប្រសិនបើមានបងប្អូន ប្រជាពលរដ្ឋ ណាម្នាក់បាន ឃើញកូនទាំង៣របស់ខ្ញុំ ថាពួកគេរស់ នៅទីណា មេត្តាផ្តល់ដំណឹងឲ្យខ្ញុំ តាមរយៈលេខ ទូរស័ព្ទ 099 88 88 98 ផង អាណិតទឹកចិត្ត ឪពុកម្នាក់នេះផង ខ្ញុំខានបាន ជួបមុខកូន ជិត១ខែហើយ…..”។

លោក ឡាយអិន ក៏បានបង្ហើប ឲ្យដឹងទៀតថា លោកនឹងត្រូវឡើង តុលាការ សារជាថ្មីម្តងទៀត(លើកទី២) នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅវេលាម៉ោង ៨ព្រឹក ។

ទោះបីជាយ៉ាងណា សម្រាប់ចំណុច វិវាទរបស់ពួកគេ ទាំងពីរនាក់ ដែលធ្វើឲ្យមាន ភាពរកាំរកូសមិន ដាច់ស្រេចនោះគឺ ប្រពន្ធប្ដឹងលែង លះ ហើយទាមទារយក កូនទាំង៣នាក់ ទៅចិញ្ចឹម ប៉ុន្តែភាគីខាង លោក ឡាយអិន មិនព្រមឲ្យកូន ទៅខាងភរិយាទេ ដោយលោកក៏ ទាមទារយក កូនទាំង៣ មកចិញ្ចឹមដូចគ្នា។ ចំណុចប្រទាញប្រទង់គ្នានេះ គេមិនទាន់ដឹងថា តុលាការនឹងសម្រេច យ៉ាងណានោះទេ ខណៈការសាកសួរ កាលពីលើកទី១ គ្រាន់តែជា ជំហានដំបូង ដើម្បីសម្រុះសម្រួលគ្នា ជាមុនសិនប៉ុណ្ណោះ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]