ចិន៖ ក្មេងស្រីម្នាក់ឈ្មោះ Fan Zixuan អាយុ១១ខែ ត្រូវបាន បញ្ជូនទៅកាន់ មន្ទីរពេទ្យ នៅក្នុងទីក្រុង Liaocheng ខេត្ត Shandong ហើយបានថតកាំរស្មីអ៊ិច ឃើញមាន ម្ជុលចំនួន ១២ ដើម ជាប់នៅក្នុងរាងកាយ ដោយមិនដឹងមូលហេតុ។

បើតាមសម្តីរបស់អ្នកស្រី Liu ម្តាយរបស់ក្មេងស្រី តូចនេះ បានឲ្យដឹងថា គាត់ធ្លាប់បាន យកម្ជុល ចំនួន៤ ចេញពីខ្លួន របស់កូនស្រីគាត់ ម្តង រួចមកហើយ ប៉ុន្តែមិនបានដឹងថា នៅមានម្ជុល ច្រើនយ៉ាងនេះ ជាប់ក្នុងខ្លួន នាងទៀតនោះទេ និងមិនបានដឹងថា ម្ជុលទាំងនោះចូល ទៅក្នុង ខ្លួនរបស់ Zixuan ដោយរបៀបណានោះដែរ។ អ្នកស្រី Liu គាត់បានបន្តទៀតថា គាត់បានឃើញ ស្នាមក្រហមតូចៗ នៅគូថរបស់ Zixuan ប៉ុន្តែគាត់ បានគិតថា ជាស្នាមរោល ក្រហមធម្មតាប៉ុណ្ណោះ និងបាននាំនាង ទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យ ស្នាមក្រហមទាំងនោះដែរ។

នៅឯមន្ទីរពេទ្យ ពេលថតកាំរស្មីអ៊ិច បែរជាឃើញម្ជុលប្រាក់ ចំនួន១២ នៅក្នុងគូថ និងពោះរបស់ក្មេងស្រី Zixuan ទៅវិញ។ ម្តាយរបស់ក្មេងស្រី បាននិយាយថា ដំបូងឡើយនៅពេល ដែលគាត់បានឃើញម្ជុល៤ ជាប់នៅគូថរបស់ Zixuan គាត់គិតថា ប្រហែលជាជាប់នៅពេល កូនស្រីគាត់ ទាញម្ជុលលេង ហើយក៏អង្គុយចំពីលើ ព្រោះនាងរពឹសខ្លាំងណាស់ ហើយចេះតែទាញម្ជុលលេង។ ប៉ុន្តែនៅពេលដែល បានឃើញម្ជុលជាច្រើន ជាប់ក្នុងខ្លួននាង បែបនេះ ទើបគាត់ដឹងថា ប្រាកដជាមាន នរណាម្នាក់ ជាអ្នកធ្វើរឿងនេះ ហើយក៏ប្តឹងប៉ូលីសតែម្តង។

យ៉ាងណាមិញ នៅពេលនេះ Zixuan ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ នៅក្នុងទីក្រុងប៉េកាំង ដើម្បីព្យាបាលហើយ ប៉ុន្តែម្ជុលទាំង១២នោះ មិនទាន់បានយកចេញ ពីខ្លួនរបស់នាងនៅឡើយទេ ហើយគ្រូពេទ្យបានប្រាប់ថា ម្ជុលទាំងនោះ អាចនឹងចាក់ ចូលទៅក្នុងសរីរាង្គ ណាមួយ នៅពេលដែល ក្មេងស្រីនោះ ធ្វើចលនា។ ដោយសារតែគ្រួសារ ក្មេងស្រី Zixuan ជាគ្រួសារកសិករ គ្មានលទ្ធិភាព ក្នុងការព្យាបាល ទើបអ្នកភូមិបាន ប្រមូលលុយគ្នា បាន ៣,០០០យ័ន (ជិត៥០០ដុល្លារ អាមេរិក) ដើម្បីជួយថ្លៃថ្នាំរបស់ Zixuan ផងដែរ៕





ប្រភព៖ Shanghaiist

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]