ខេត្តស្វាយរៀង ៖ ភ្លៀងធ្លាក់ចុងឆ្នាំមួយមេយ៉ាងធំ លាយឡំដោយផ្គរ និងខ្យល់បោកបក់យ៉ាងខ្លាំងនោះ រន្ទះប្រល័យបានបាញ់ យ៉ាងកក្រើកដី ដែលបាតុភូតនេះ ត្រូវបានគេរាយការណ៍ថា រន្ទះបានបាញ់ចំហ្វូងគោ ងាប់អស់១៧ក្បាល ជាបន្តបន្ទាប់ នៅរសៀលថ្ងៃ ទី២២ តុលា ក្នុងរយៈពេលចន្លោះគ្នា ជាង១ម៉ោងប៉ុណ្ណោះ ។ ករណីទី១ កើតឡើងវេលា ម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី២២ តុលា នៅភូមិទួលស្តីឃុំទួលស្តី ។ ទីនេះរន្ទះបាញ់គោងាប់១ក្បាល ។

ករណីទី២ កើតឡើងវេលា ម៉ោង៤រសៀល ថ្ងៃដដែល នៅភូមិពពែត ឃុំពពែត ស្រុកស្វាយទាប រន្ទះបាញ់គោងាប់ អស់៥ក្បាល និងទី៣ នៅម៉ោង៤ និង៣០នាទី រន្ទះបានបាញ់ងាប់គោ១១ក្បាល នៅភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា ។

នេះជាលើកទីមួយហើយ ដែលមានគ្រោះធម្មជាតិដ៏អាក្រក់ ភ្លៀងផ្គរខ្យល់រន្ទះ ប្រល័យគោងាប់ជាបន្តបន្ទាប់ អស់១៧ក្បាល គួរឱ្យសោកស្តាយបែបនេះ ខណៈគោទាំងនោះ កំពុងដើរស៊ីស្មៅ នៅឯវាលស្រែ ដ៏ស្រឡះធំល្វឹងល្វើយ ។

ហេតុការណ៍នេះធ្វើឱ្យក្មេងឃ្វាលគោ មានការភ័យខ្លាចរន្ធត់តក់ស្លុត យ៉ាងខ្លាំង នាំគ្នារត់មកផ្ទះ ទាំងព្រលឹងចុងសក់ ដើម្បីប្រាប់ម៉ែឪ ។ បើតាមអ្នកភូមិគោកតែក ឃុំចន្ទ្រា បាននិយាយថា មុនពេលកើតហេតុ ក្រុមក្មេងឃ្វាលគោ ឃើញមានមេឃពណ៌ខ្មៅ រកកល់ភ្លៀង បន្ទាប់មកក៏មានខ្យល់បក់បោក យ៉ាងខ្លាំង លាយឡំផ្គរលាន់ និងផ្លេកបន្ទោ គ្រហឹមស្ទើរបែកមេឃ គួរឱ្យខ្លាចក៏នាំគ្នា ដេញគោត្រឡប់មកផ្ទះវិញ ។

ពេលដេញគោមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែភ្លៀងចាប់ផ្តើមធ្លាក់កាត់ផ្លូវ និងមានផ្គររន្ទះបាញ់ នៅកណ្តាលវាលស្រែ ជាច្រើនដង និងបាញ់ត្រូវគោ ដួលប្រកាច់ងាប់រដូករណែល ក្បែរៗគ្នាលើផ្លូវ ធ្វើឱ្យពួកគេភ័យតក់ស្លុតយ៉ាងខ្លាំង នាំគ្នារត់មកផ្ទះរៀងៗខ្លួន ទាំងញ័ររន្ធត់ ។ បន្ទាប់មកអ្នកស្រុក ក៏នាំគ្នាទៅមើលគោរបស់ខ្លួន ដែលងាប់នៅរាយប៉ាយ ទាំងសោកសៅ ។ ពុំមានរបាយការណ៍ណាមួយ បញ្ជាក់ពីមនុស្សរងគ្រោះ ដោយរន្ទះប្រល័យនេះឡើយ។ រីឯហ្វូងគោខ្លះក៏ភ័យ បោលតាមក្រោយម្ចាស់មកផ្ទះដែរ ។

នៅចុងរដូវវស្សានេះ ហេតុការណ៍ដែលកើតរឿង គួរឱ្យកត់សម្គាល់ គឺនៅថ្ងៃទី២២ តុលា រន្ទះបាញ់ប្រហារគោងាប់ ជាបន្តបន្ទាប់ រហូត១៧ក្បាល នៅបីកន្លែងផ្សេងគ្នា ក្នុងថ្ងៃតែមួយ និងមានមនុស្សលង់ទឹកស្លាប់២នាក់ផងដែរ ។ រីឯក្រុងស្វាយរៀង ក៏មានអគ្គិភ័យឆេះ ផ្ទះអស់៦ខ្នង និងមានមនុស្សម្នាក់ រងរបួសធ្ងន់ ២នាក់របួសស្រាល ដែលនេះជាគ្រោះដ៏អាក្រក់ កើតមានសម្រាប់ខេត្តស្វាយរៀង ។

តាមចាស់ៗជនបទ និយាយថា រន្ទះនៅចុងឆ្នាំ គេហៅថារន្ទះបាញ់ក្បាលត្រីក្រាញ់ ។ វាមិនត្រឹមតែបែកក្បាលត្រីក្រាញ់ប៉ុណ្ណោះទេ តែវាបានប្រល័យ ជីវិតមនុស្ស និងសត្វថែមទៀតផង ៕

ងោដែលងាប់ដោយរន្ទះបាញ់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]