កំពង់ស្ពឺ៖ រថយន្ដបង្កគ្រោះថ្នាក់ ចរាចរមួយគ្រឿង ដែលគ្មាននរណាម្នាក់ ទាំងសាក្សី និងសមត្ថកិច្ច ស្គាល់ម៉ាក និងស្លាកលេខនោះ បានបុកបុរសម្នាក់ វ័យជាង៦០ឆ្នាំម្នាក់ ស្លាប់យ៉ាងអាណោចអធ័ម នៅលើកំណាត់ ផ្លូវជាតិលេខ៤ ត្រង់ចំណុច គីឡូម៉ែត្រលេខ ៣៤-៣៥ ក្នុងភូមិព្រៃសុភី ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ កាលពីវេលាម៉ោង ៧និង២០នាទី យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤។

សពជនរងគ្រោះ សមត្ថកិច្ចនិង ប្រជាពលរដ្ឋ មិនទាន់ស្គាល់ អត្ដសញ្ញាណនៅ ឡើយទេ ហើយបច្ចុប្បន្ន សមត្ថកិច្ចជំនាញ និងសមត្ថកិច្ច មូលដ្ឋានបាននឹង កំពុងទាក់ទងទៅ ក្រុមគ្រួសារ ដើម្បីមកទទួលយក សពទៅធ្វើបុណ្យ តាមប្រពៃណី ។

មន្ដ្រីនគរបាល ចរាចរណ៍ផ្លូវគោក ខេត្ដកំពង់ស្ពឺ បានថ្លែងឱ្យដឹងថា ជនរងគ្រោះមានអាយុ ប្រមាណ៦០ឆ្នាំ រាងស្គម ពាក់អាវដៃវែង ពណ៌ពងក្រសា ខោជើងខ្លីពណ៌ខៀវខ្ចី សម្បុរ សណ្ដែកបាយ ហើយក៏មិន ដឹងថាមានឈ្មោះ អី និងរស់នៅ ទីណាដែរ ។

បើតាមការបញ្ជាក់ របស់សមត្ថកិច្ចសព ជនរងគ្រោះត្រូវបាន រថយន្ដបុកបណ្ដាលឱ្យ បែកក្បាល និងមានស្នាមរបួស លើខ្លួននៅ កន្លែងកើតហេតុ ប៉ុន្ដែមិនដឹងថា រថយន្ដបង្ក ជារថយន្ដប្រភេទអ្វី និងពាក់ស្លាកលេខ ប៉ុន្មាននោះដែរ ។

បើតាមសមត្ថកិច្ច ក្រោយពេលប្រទះ ឃើញសពជនរងគ្រោះ ដេកស្លាប់នៅលើផ្លូវជាតិ ប្រជាពលរដ្ឋ ក៏បានរាយការណ៍ ជូនសមត្ថកិច្ច ហើយទាក់ទងទៅ រថយន្ដសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែក ខេត្ដកំពង់ស្ពឺ យកទៅតម្កល់ ទុកនៅសាលដាក់ សពរបស់មន្ទីរពេទ្យ ដើម្បីស្វែងរក គ្រួសារមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី ។

ជាមួយគ្នានេះ ប្រសិនបងប្អូនណា បាត់សមាជិក គ្រួសារ ដែលមានភិនភាគ ដូចខាងលើសូម ទាក់ទងទៅសមត្ថកិច្ច ខេត្ដកំពង់ស្ពឺ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]