អង់គ្លេស៖ រថយន្តប្រើប្រាស់ ថាមពលចំហាយទឹក ដ៏កម្រមួយគ្រឿង ផលិតក្នុងប្រទេសបារាំង ដែលមាន អាយុកាល ជាង ១០៩ ឆ្នាំហើយនោះ ពេលនេះត្រូវបាន ដាក់ដេញថ្លៃលក់ ជាផ្លូវការ ក្នុងតំលៃប្រមាណ ៣៥០,០០០ ផោន ឬក៏ ៥៦១,០០០ ដុល្លារអាមេរិក។ រថយន្តដែលមាន ឈ្មោះថា Gardner-Serpollet 18HP ខាងលើនេះ បានផលិតតាំងពីឆ្នាំ ១៩០៥ មកម្ល៉េះ ហើយវាត្រូវបាន បុរសម្នាក់ ឈ្មោះ George Milligen ដែលរស់នៅ ប្រទេសអង់គ្លេសទិញពី លោក Alec Hodsdon ដែលជា អ្នកផលិត រថយន្តមួយរូប កាលពីឆ្នាំ ១៩០៧ ក្នុងតំលៃ ៧២១ ដុល្លារអាមេរិក។

លោក Milligen ដែលជាម្ចាស់ ដំបូងគេ របស់រថយន្ត Gardner-Serpollet មានចំនួលត្រឹម ២០ ដុល្លារ ប៉ុណ្ណោះ ក្នុងមួយ សប្តាហ៍ ប៉ុន្តែគាត់អាច សន្សំទិញវាបាន ក្នុងតំលៃ ៧២១ ដុល្លារ ដែល ៧២១ ដុល្លារ សម័យនោះ មានតំលៃប្រហែល ១៥,០០០ ដុល្លារអាមេរិក នាពេលបច្ចុប្បន្ន។ ទោះជាយ៉ាងណា ក៏ដោយ ក្រោយពេល លោកMilligen បានស្លាប់ កាលពីឆ្នាំ ២០០៤ កន្លងទៅ រថយន្តនេះ ក៏ត្រូវបានគេយកទៅ ដេញថ្លៃលក់ លើកទី១ នៅ Bonham កាលពីខែមេសា ឆ្នាំ ២០០៩ ក្នុងតំលៃ ៣៨០,០០០ ដុល្លារអាមេរិក ហើយចំពោះការ ដាក់ដេញថ្លៃជាលើកទី២នេះ អ្នកនាំពាក្យ Bonham ដែលជា កន្លែងដាក់ដេញថ្លៃ វត្ថុនានា ដ៏ល្បីមួយ ក្នុងប្រទេសអង់គ្លេស មានសុទិដិ្ឋនិយមថា តំលៃរបស់វា នឹងអាច ទទួលបាន ចាប់ពី  ៥៤៥,០០០ ដុល្លារអាមេរិក ទៅដល់ ៥៧៧,០០០ ដុល្លារអាមេរិក។

នៅក្រោយពេល ដែលលោក Milligen ប្រើប្រាស់រថយន្ត ដើរដោយចំហាយទឹកនេះ បាន ៦០ ឆ្នាំ គេសង្កេត ឃើញថា រថយន្តនេះ នៅតែមាន សភាពម៉ាស៊ីន និង កំលាំងខ្លាំងធម្មតា ដោយសារតែ វាធ្លាប់បាន ប្រណាំង ក្នុងការប្រកួត នានា ក្នុងទីក្រុងឡុងដ៍។ ជាមួយគ្នានេះរថយន្ត Gardner-Serpollet ក៏ធ្លាប់បានជាប់ឈ្មោះ ជារថយន្តបុរាណ ដែលមានតំលៃបំផុត កាលពី៤ ឆ្នាំមុនផងដែរ៕






ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]