អាមេរិក៖ នេះគឺជា មោទនភាពជាតិខ្មែរ ថ្មីមួយទៀត ដែលកាល ពីថ្ងៃទី ១៨ ខែតុលា កន្លងទៅនេះ ប្រាសាទអង្គរវត្ត បានឈ្នះ ជ័យលាភីលេខ ១ ជាទីកន្លែង បុរាណវត្ថុ មានក្បូរក្បាច់រចនា និង អស្ចារ្យ ជាងគេ សំរាប់ការប្រារព្ធ ទិវា បុរាណវត្ថុអន្តរជាតិ ឆ្នាំ២០១៤ តាមរយៈ ការបោះឆ្នោត អនឡាញ ក្នុងគេហទំព័រ វិទ្យាស្ថានបុរាណវិទ្យាអាមេរិក (Archaeological institute of America ) ។

កម្មវិធីប្រកួតនេះ មានឈ្មោះថា ArchaeoMadness ដែលមានទីកន្លែង បុរាណវត្ថុ និង តំបន់ប្រវត្ថិសាស្ត្រ ចំនួន ៣២ កន្លែង ទូទាំងពិភពលោក ត្រូវបានជ្រើសរើស ចូលរួមប្រកួតប្រជែង ហើយការប្រកួតនេះមាន រយៈពេល ១ខែ គឺបានចាប់ផ្តើមពីថ្ងែ១៧កញ្ញា និងបញ្ចប់ថ្ងៃទី១៧តុលា ។ ដោយក្នុងមួយថ្ងៃៗ អ្នកចូលរួម ត្រូវធ្វើការបោះឆ្នោត យក ទីកន្លែង បុរាណវត្ថុ និង តំបន់ ប្រវត្តិសាស្ត្រ ដោយជ្រើសរើស យកតែមួយ ក្នុងចំណោមតំបន់ចំនួន ពីរ ដែលពួកគេពេញចិត្ត។ បន្ទាប់មក ទីកន្លែងបុរាណវត្ថុណា ដែលមាន ការបោះឆ្នោតច្រើន (Vote) ជាងគេ នឹងត្រូវបាន បន្តទៅ ប្រកួតជុំ បន្ទាប់ទៀត។ រហូតដល់ រកឃើញ ទីកន្លែងដែល ទទួលបានជ័យលាភី ជាទីកន្លែង បុរាណវត្ថុ ល្អដាច់គេ សំរាប់ឆ្នាំ ២០១៤នេះ។

ប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា ដែលជាបុរាណវត្ថុ ល្អឯកបំផុត លើពិភពលោក បានឈ្នះ ការប្រកួត ហើយក្លាយជា ជ័យលាភី សំរាប់ឆ្នាំ ២០១៤នេះ ដោយប្រាសាទអង្គរវត្ត បានយកឈ្នះ តំបន់ឧទ្យាន ប្រវត្តិសាស្ត្រ Chaco Cayon របស់សហរដ្ឋអាមេរិក នៅជុំទី១ និង ឈ្នះតំបន់ ប្រវត្តិសាស្ត្រ ទីក្រុងបុរាណលើភ្នំ Machu Picchu របស់ប្រទេសប៉េរូ និង ជុំទី៣ យកឈ្នះ ទីក្រុងបុរាណ Tikal របស់ប្រទេសហ្គា តេម៉ាឡា។ ខណៈជុំទី៤ ប្រាសាទអង្គរវត្ត បានយកឈ្នះ ទីក្រុងបុរាណ Cahokia របស់អាមេរិក  និង ជាចុងក្រោយ ក្នុងជុំទី ៥ជាវគ្គផ្តាច់ព្រ័ត្រ ប្រាសាទអង្គរវត្ត ផ្តួល យកឈ្នះ តំបន់ប្រវត្តិសាស្ត្រ Caracol របស់ប្រទេសប៊ែលីហ្ស (Belize) ហើយបាន ក្លាយជាម្ចាស់ ជ័យលាភី សម្រាប់ឆ្នាំ២០១៤ ក្នុងចំណោម ប្រាសាទ និង តំបន់ប្រវត្តិសាស្ត្រល្បីៗនានា លើពិភពលោកនេះ ។

តាមរយៈលទ្ធផលនេះ ពិតជាធ្វើឲ្យប្រជាជនខ្មែរ មានមោទនភាព ចំពោះស្នាដៃរបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុក ឲ្យកូនខ្មែរជំនាន់ក្រោយ ហើយក៏អាចសបញ្ជាក់ថា ប្រទេសកម្ពុជា ដែលមាន ប្រាសាទអង្គរវត្ត ជាដួងព្រលឹងជាតិខ្មែរ ត្រូវបានល្បីសុះសាយ ពេញសាកលលោក ដែលមាន មនុស្សភាគច្រើន បានស្គាល់ និង ចង់មកបន្ត ទស្សនាកម្ពុជា ផងដែរ។ ដូច្នេះកូនខ្មែរគ្រប់រូប ត្រូវចូលរួមយ៉ាងសកម្ម បន្តផ្សព្វផ្សាយ និង ថែរក្សាសម្បត្តិ វប្បធម៌ និងប្រាង្គប្រាសាទបុរាណខ្មែរ ឲ្យបានគង់វង្ស៕

** អត្ថបទទាក់ទង៖
ប្រាសាទអង្គរវត្តឈរលេខរៀងទី១ក្នុងបេតិកភណ្ឌយូនេស្កូជាប្រាសាទស្រស់ស្អាតជាងគេលើលោក
ជណ្តើរប្រាសាទអង្គរវត្តជាប់ឈ្មោះជាជណ្តើរគួរឲ្យខ្លាចបំផុត នៅលើពិភពលោក

 

ប្រភព៖ បរទេស

ដោយ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]