រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែល គេអះអាងថាជា មន្ត្រីនគរបាល បានដកកាំភ្លើងខ្លី ភ្ជង់គំរាមភាគីម្ខាងទៀត បន្ទាប់ពីជួប គ្រោះថ្នាក់ចរាចរណ៍ បន្តិចបន្តួច ហើយត្រូវសមត្ថកិច្ច ឃាត់យកទៅសួរនាំ ។

គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវ ចោមរោមមើល កាលពីវេលា ម៉ោង៤រសៀល ថ្ងៃទី២៣ តុលា នៅចំណុច អង់តែនទួលគោក ។

មន្ត្រីនគរបាលខាងលើ ត្រូវបានគេស្គាល់ ឈ្មោះ វឿន វៃ អាយុ៤១ឆ្នាំ ពាក់ស័ក្តិ៣ ជាមេផ្នែកអន្តរាគមន៍ នគរបាលព្រំដែន ចំណែកភាគីម្ខាងទៀត ឈ្មោះ តុង ពៀច ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិត ស្នាក់នៅក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានឱ្យដឹងថា ដំបូងលោកមេផ្នែក អន្តរាគមន៍នគរបាលព្រំដែន បានជិះម៉ូតូឌ្រីម សេ១២៥មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1Q-2408 ធ្វើដំណើរតាមមហាវិថី សេនាប្រមុខ គីម អ៊ីលសុង ទិសដៅពីជើងទៅត្បួង (បើកផ្លូវបញ្ច្រាស) លុះមកដល់ ចំណុចកើតហេតុ ក៏បានប៉ះគ្នា ជាមួយម៉ូតូស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1X-8178 បើកដោយបុរសម្នាក់ ទិសដៅពីត្បូងទៅជើង ហើយភ្លាមនោះ លោកមន្ត្រីនគរបាល ពុំបានសួរនាំអ្វីនោះទេ ចុះពីលើម៉ូតូ ដកកាំភ្លើងខ្លីភ្ជង់គំរាម ភាគីម្ខាងទៀតតែម្តង ធ្វើឱ្យប្រជាពលរដ្ឋ ចោមរោមនៅ កន្លែងកើតហេតុ លាន់មាត់ហួសចិត្តគ្រប់គ្នា ។

ក្រោយពីមានការភ្ញាក់ផ្អើល សមត្ថកិច្ចបានចុះត្រួតពិនិត្យ ដកហូតបាន កាំភ្លើងK59មួយដើម និងនាំភាគីទាំងពីរ ទៅសួរនាំនៅ នគរបាលប៉ុស្តិ៍ បឹងកក់ទី១ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]