ភ្នំពេញ ៖ បង្គោលតម្រុយកំណត់ព្រំដែនកម្ពុជា-វៀតណាម លេខ ៩៨ (១) ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តតៃនិញ ត្រូវបានគេលួច ទៅបាត់ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ ប៉ុន្តែ មន្រ្តីកិច្ចការព្រំដែន ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាបោះឡើងវិញ នៅថ្ងៃទី២៩ ខែតុលា ខាងមុខនេះ ។

លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រលប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤នេះថា បង្គោលតម្រុយព្រំដែនលេខ ៩៨ (១) ដែលត្រូវបាន គេដកទៅបាត់នោះ ស្ថិត នៅក្នុងចំការអំពៅលើទឹកដី របស់ជនជាតិ វៀតណាម ។

លោកបានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មាននេះ មន្រ្តីកិច្ចការព្រំដែន នៃប្រទេសកម្ពុជា និង វៀតណាម បានព្រមព្រៀងគ្នា បោះឡើងវិញនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤នេះ ។

លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ក៏បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដែរថា កម្លាំង អាជ្ញាធរ និងសមត្ថកិច្ចខេត្ត ត្បូងឃ្មុំ និងខេត្តតៃនិញ របស់វៀតណាម បានកំពុងជួបជជែកគ្នា អំពីបញ្ហា នេះ។ ដោយឡែកជន ដែលដកតម្រុយព្រំដែននោះ គេមិនទាន់ អាចកំណត់អត្តសញ្ញាណនៅឡើយទេ។

លោក វ៉ា គឹមហុង បានបញ្ជាក់ថា ការដកតម្រុយព្រំដែននេះ អាចបណ្តាលមកពីមានការថ្នាំងថ្នាក់ ពី ម្ចាស់ដី ដែលត្រូវបាត់បង់ដីរបស់ខ្លួន ដោយសារការវាស់វែង និងកំណត់ទីតាំងព្រំដែនថ្មីនោះ ។

ពាក់ព័ន្ធនឹងការដាក់ពិន័យ ឬទោសទណ្ឌចំពោះអ្នកលួចដកតម្រុយព្រំដែននោះ ត្រូវបានលោក វ៉ា គឹម ហុង បញ្ជាក់ថា យោងតាមការ ចុះអនុស្សារណៈយោគយល់គ្នា រវាងកម្ពុជា-វៀតណាម លើការបោះ បង្គោលព្រំដែនកាលពីឆ្នាំ ២០១២ មិនបានកំណត់ ក្នុងការដាក់ ទោសទណ្ឌដល់ប្រជាពលរដ្ឋណា ដែល ដកតម្រុយព្រំដែន ព្រោះការខឹងសម្បា ឬថ្នាំងថ្នាក់ពីការបាត់ដីរបស់ខ្លួននោះទេ។ លើកលែង តែជនណា ដែលដកតម្រុយព្រំដែន ក្នុងចេតនានយោបាយ ឬ ប្រជាភិថុតិណាមួយនោះ ត្រូវតែប្រឈមចំពោះមុខ ច្បាប់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]