កំពង់ឆ្នាំង៖ ករណីក្រុមចោរ ប្រើប្រាស់ កាំភ្លើងអាកានិងកាំភ្លើងខ្លី បាញ់ស្រោចទៅ លើអាជីវករលក់មាស ប្ដូរលុយពីរនាក់បង ប្អូនប្រចាំផ្សារព្រៃខ្មែរ តាមបណ្ដោយ ផ្លូវជាតិលេខ៥ ក្នុងឃុំរលាប្អៀរ ស្រុកលារប្អៀរ ខេត្ដកំពង់ឆ្នាំង កាលពីល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ កន្លងទៅនេះ ស្ថិតក្រោមការ តាមដាននិង ស៊ើបអង្កេត យ៉ាងយកចិត្ដ ទុកដាក់ជាទីបំផុត ពីសំណាក់សមត្ថកិច្ច ជំនាញព្រហ្មទណ្ឌ ខណៈដែលក្រុម ចោរប្លន់ទាំងនេះ បាននឹងកំពុងបន្ដ មានសេរីភាពនោះ ។

ថ្លែងដោយការ ប្រយ័ត្នប្រយ៉ែង នៅក្នុងករណី ប្លន់ប្រដាប់អាវុធ ជាលើកដំបូង នៅផ្សារព្រៃខ្មែរ ខាងលើនេះ ស្នងការនគរបាល ខេត្ដកំពង់ឆ្នាំង លោកឧត្ដមសេនីយ៍ ប្រាក់ វុទ្ធី បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលតាមទូរស័ព្ទ នៅរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ នេះថា “យើងកំពុង បន្ដអង្កេតទៀត ហើយចាំលទ្ធផល យ៉ាងណានោះ នឹងផ្ដល់តាមក្រោយ ” ។

លោកឧត្ដមសេនីយ៍ស្នងការ មិនទាន់ អាចបញ្ជាក់ព័ត៌មាន លំអិតបាននៅឡើយទេ ដោយសារករណីនេះ កំពុងតែ ដំណើរការតាម ដានយ៉ាងប្រយ័ត្នប្រយ៉ែង និងតាមជំនាញរបស់ខ្លួន ដើម្បីតាមបង្ក្រាបនិងចាប់ ក្រុមចោរប្លន់ ប្រដាប់អាវុធទាំងនេះ ។

បើតាមការបញ្ជាក់ ពីសំណាក់ស្នងការ នគរបាលខេត្ដរូបនេះ ក្នុងករណីប្លន់អាជីវករ លក់មាស និងដូរលុយ ជនរងគ្រោះបាន បាត់មាសអស់ ២០តម្លឹង បា្លទីន២៥តម្លឹង លុយ២ម៉ឺនដុល្លារ និង៥០លានរៀល ។

សូមបញ្ជាក់ថា ក្នុងអំពើប្លន់ ប្រដាប់អាវុធដ៏ សាហាវខាងលើនេះ បានបណ្ដាលឱ្យ ជនរងគ្រោះ ជាបងប្រុសឈ្មោះ សួន រដ្ឋា អាយុ៣១ឆ្នាំ ស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ នៅលើខឿនថ្ម មុខផ្ទះរបស់ខ្លួន រីឯប្អូនស្រីពៅ អាយុ២៧ឆ្នាំ សួន បូរិន រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយបច្ចុប្បន្ន កំពុងបន្ដសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ។

អំពើប្លន់ប្រដាប់ អាវុធខាងលើនេះ ត្រូវបានសមត្ថកិច្ច រាយការណ៍ថា បានកើតឡើង ខណៈដែល ជនរងគ្រោះពីរនាក់ បងប្អូន បានធ្វើដំណើរ ពីតូបនៅក្នុងផ្សារ ឆ្ពោះមកផ្ទះ ស្ថិតនៅពីមុខផ្សារ ដោយកាន់ថង់ដាក់មាស និងលុយមកជាមួយ ។ ពេលកំពុងដើរចូលផ្ទះ ស្រាប់តែជនសង្ស័យ ដែលកំពុងអង្គុយ នៅលើបង់រត់ទៅឆក់ កាបូបដាក់មាសនិងលុយ រួចរត់ឡើងលើម៉ូតូ ពណ៌ក្រហម មួយគ្រឿង ដែលបក្ខពួក កំពុងរង់ចាំ នៅក្បែរនោះ ។

សមត្ថកិច្ចបានបន្ដថា ភ្លាមៗនោះជនរងគ្រោះ សួន រដ្ឋា បានរត់ទៅដណ្ដើម កាបូបដាក់មាស ស្រាប់តែត្រូវ ក្រុមចោរប្លន់ បាញ់ដោយ កាំភ្លើងអាកានិង កាំភ្លើងខ្លី ស្រោចមកលើខ្លួន បណ្ដាលឱ្យស្លាប់ បើទោះបីក្រុមគ្រួសារ ខំព្យាយាមដឹក ទៅសង្គ្រោះនៅ មន្ទីរពេទ្យក៏ដោយនោះ ។ ពេលបាញ់ជន រងគ្រោះជាបងរួច ក្រុមចោរបាន បាញ់ប្អូនស្រី សួន បូរិន ដែលឈរនៅក្បែរនោះ បណ្ដាលឱ្យរងរបួស ត្រង់ត្រគាក យ៉ាងធ្ងន់ធ្ងរ រួចត្រូវបានដឹក បញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ។

យោងតាមប្រភព ព័ត៌មានពី អាជីវករផ្សារ ព្រៃខ្មែរ បានឱ្យដឹងថា មុនពេលធ្វើសកម្មភាព បាញ់ប្លន់ខាងលើនេះ ពួកគេបានប្រទះ ឃើញមាន មនុស្សចម្លែកមកអង្គុយ នៅលើបង់មុខ ផ្ទះជនរងគ្រោះអស់ រយៈពេលប៉ុន្មាន ថ្ងៃមកហើយ ប៉ុន្ដែពេលនោះ ជនរងគ្រោះមិន ចាប់អារម្មណ៍ ។

បើតាមអាជីវករ ពេលកំពុងធ្វើសកម្ម ភាពបាញ់ទៅលើជនរងគ្រោះ ដើម្បីប្លន់យក ថង់ដាក់ មាសនិងលុយនោះ គេបានឃើញ រថយន្ដមួយគ្រឿង ទៅឈប់ នៅពីមុខផ្ទះជន រងគ្រោះទៀតផង ទំនងជាបក្ខពួក ក្រុមចោរប្លន់ ដើម្បីបាំងភ្នែក ប្រជាពលរដ្ឋដទៃទៀត ។

អាជីវករដដែលនេះ បានបន្ដថា ថ្ងៃកើត ហេតុនោះគឺជា ថ្ងៃស៊យផងដែរ ពីព្រោះនៅ ពេលដែលបិទ តូបលក់ក្នុងផ្សារ ហើយប្រមូលមាស លុយ ដាក់ក្នុងថង់ដើរឆ្លង ផ្លូវមកផ្ទះរបស់ខ្លួន ជនរងគ្រោះ សួន រដ្ឋា ដែលជាមន្ដ្រីនគរបាល ពាក់ស័ក្ដិនៅ ខេត្ដកំពង់ឆ្នាំងផង នោះតែងតែ ដាក់កាំភ្លើងខ្លី នៅក្នុងហោប៉ៅខោ ប៉ុន្ដែលើក នេះបែរជាដាក់ នៅក្នុងកាបូប ទើបមិនអាចតដៃ ជាមួយក្រុមចោរប្លន់ ទាំងនោះបាន ។

ប្រភពព័ត៌មានពីសាក្សី បានបញ្ជាក់ថា ក្រោយពេលធ្វើ សកម្មភាពភ្លាមៗ ក្រុមចោរ ប្លន់ទាំងនេះ ដែលមានគ្នា៣នាក់ បានជិះម៉ូតូ គេចខ្លួន ឆ្ពោះទៅផ្លូវក្រាលកៅស៊ូ ទិសខាងលិចបាត់ ស្រមោលតែម្ដង ។

សូមបញ្ជាក់ថា ជនរងគ្រោះ សួន រដ្ឋា ជាបងគេបង្អស់ នៅក្នុងគ្រួសារ ក្នុងចំណោមបង ប្អូនទាំង៣នាក់ និងមានម្ដាយ ជាស្ដ្រីមេម៉ាយ ក្រោយពីឪពុករបស់ខ្លួន ឈ្មោះ ជុក បានស្លាប់ដោយសារជំងឺ កាលពីប្រមាណ ជាង១០ឆ្នាំមុន ។

ចំពោះករណីដែល នឹកស្មានមិនដល់នេះ ស្ដ្រីជាម្ដាយឈ្មោះ សុខ បានសន្លប់ជាញឹកញាប់ ពេលដឹងថា កូនប្រុសទី១ ជាទីស្រឡាញ់ របស់ខ្លួនបានស្លាប់ រីឯកូនស្រីពៅ រងរបួសធ្ងន់យ៉ាងដូច្នេះ មិនដឹងថា មានសង្ឃឹមអាច រស់បន្ដទៀតឬមួយ យ៉ាងណាឡើយ។

យ៉ាងណាក៏ដោយ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្ដ កំពង់ឆ្នាំង បាននឹងកំពុង ធ្វើការងារយ៉ាង ដុតដៃដុតជើង ដើម្បីបំបែកសំណុំ រឿងមួយនេះឱ្យ ទាល់តែបាន៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]