ចិន៖ លោក Mark Zuckerberg ជានាយកប្រតិបត្តិ និង ស្ថាបនិកបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក កាលពីថ្ងៃពុធ កន្លងទៅនេះ បានធ្វើឲ្យ ភ្ញាក់ផ្អើល ដល់និស្សិតចិនជាច្រើននាក់ និង មនុស្សទូទាំង ពិភពលោក ដែលនឹកស្មានមិនដល់ថា គាត់ អាចចេះ និយាយភាសាចិនកុកងឺ ដែល ជាភាសាចិន ផ្លូវការ បានយ៉ាងល្អ ។

បើតាមទំព័រហេ្វសប៊ុក ជាផ្លូវការ របស់លោក Mark Zuckerberg បានសរសេរថា  កាលពីថ្ងៃពុធ គាត់បានចូលរួម ជាលើកដំបូងបង្អស់ ក្នុងកម្មវិធី សួរ និងឆ្លើយសំនួរ (Q&A) ជាសាធារណៈមួយ ក្នុងសាកលវិទ្យាល័យ Tsinghua University ក្នុងទីក្រុង ប៉េកាំង ប្រទេសចិន។ យើងពិភាក្សា អំពីការភ្ជាប់ទំនាក់ទំនង មនុស្សទូទាំងពិភពលោក, Internet.org, ការបង្កើតអ្វីដែលប្លែកថ្មីៗ និង ដំណើរការនៅពេល ខាងមុខទៀតរបស់ បណ្តាញសង្គមហ្វេសប៊ុក។ គាត់ក៏បានសរសេរ បញ្ជាក់ដែរថា គាត់បានជួបជាមួយ ក្រុមប្រឹក្សារបស់ មហាវិទ្យាល័យ សេដ្ឋកិច្ច និង គ្រប់គ្រង នៃសាកលវិទ្យាល័យ Tsinghua ។

លើសពីនេះទៀត គាត់ក៏បានបញ្ជាក់ថា សាកលវិទ្យាល័យ Tsinghua ជាកន្លែងដ៏ពិសេស សំរាប់ការសិក្សា និង ស្រាវជា្រវ ហើយវាជា ទីកន្លែង ដែលត្រូវបានរំពឹងថានឹង មាននិស្សិតជាច្រើន អាចក្លាយជាអ្នកដឹកនាំដ៏មាន ទេពកោសល្យរបស់ ប្រទេសចិននា ពេលអនាគត ផងដែរ។

គាត់ក៏បាន ឆ្លើយសំណួរមួយថាតើ មូលហេតុអ្វី បានជាគាត់ រៀនភាសាចិនកុកងឺ ហើយគាត់បានឆ្លើយថា មកពី ក្រុមគ្រួសារ ខាងប្រពន្ធរបស់គាត់ និយាយភាសាចិន កុកងឺនេះ ដូច្នេះគាត់រៀន ដើម្បីអាចនិយាយ ទាក់ទងគ្នា ជាមួយក្រុមគ្រួសារ ប្រពន្ធគាត់បាន។

យ៉ាងណាមិញ បើតាមរយៈវីដេអូ ដែលត្រូវបាន បង្ហោះតាមទំព័រ គណនីរបស់លោក Mark Zuckerberg  បានបង្ហាញថា នៅពេល អ្នកសម្រប សម្រួល កម្មវិធីសួរសំណួរ គាត់ក៏បានឆ្លើយ ជាភាសាចិនកុកងឺ ដែលនិយាយ ជារបៀបកំប្លែងផងនោះ បានធ្វើ ឲ្យនិស្សិតជាច្រើនដែលបាន ចូលរួម នាំគ្នាទះដៃ និង សើចសប្បាយ គ្រប់គ្នាតែម្តង។ លើសពីនេះទៀត អ្នកលេងបណ្តាញហេ្វសប៊ុក ជាច្រើន បានបញ្ចេញមតិ ដោយ សរសើរដល់ លោក Mark Zuckerberg ដែលអាចនិយាយភាសាចិនកុកងឺ បានល្អ បែបនេះផងដែរ ៕

សូមមកទស្សនាវីដេអូនេះ ៖

តើប្រិយមិត្ត យល់ដូចម្តេចដែរ ?

ប្រភព ហេ្វសប៊ុក

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]