តៃវ៉ាន់៖ តារាចម្រៀង Jay Chou និង មិត្តស្រី Hannah Quinlivan គ្រោងនឹងរៀបការជាមួយគ្នា នៅក្នុងខែធ្នូ ខាងមុខនេះ ប៉ុន្តែអ្វីៗ ត្រូវបានផ្លាស់ប្តូរ ព្រោះ Jay Chou ត្រូវចូលរួម ការប្រគុំតន្ត្រី នៅប្រទេសសឹង្ហបុរី នៅចុងខែធ្នូ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីសប្តាហ៍មុននេះ Jay Chou និងមិត្តស្រី របស់គាត់ Hannah Quinlivan បានធ្វើដំណើរទៅអឺរ៉ុប ដើម្បីថតរូបរៀបការ ដោយពួកគេទៅ ជាមួយនឹងម្តាយរបស់ Jay Chou។ ដំណើរកម្សាន្ត ទៅអឺរ៉ុប គឺមានរយៈពេល ១១ថ្ងៃ ដោយពួកគេ បានចូលទៅ ទីក្រុងប៉ារីស និង ទីក្រុងវីយែនផងដែរ ដើម្បីផ្តិតយករូបភាព រៀបការ ដ៏រ៉ូមែនទិច និង ស្រស់ស្អាតបំផុត មុនពិធីអាពាហ៍ពិពាហ៍ ដែលមកដល់ ក្នុងពេលឆាប់ៗនេះ។

ជាមួយគ្នានេះដែរ ពួកគេទាំង២នាក់ គ្រោងនឹងរៀបការ មុនពេលខួបកំណើត ៣៦ឆ្នាំ របស់ Jay Chou នៅក្នុងខែមករា ឆ្នាំ២០១៥ ដូចនេះអាពាហ៍ពិពាហ៍ របស់ពួកគេ នឹងធ្វើឡើង នៅក្នុងខែធ្នូ ឆ្នាំ២០១៤ ខាងមុខនេះហើយ។ ដោយចង់ចំណាយពេល រៀបចំខ្លួនមុនរៀបការ Jay Chou បានបញ្ចប់ ការងារទាំងអស់ នៅមុនខែធ្នូ ប៉ុន្តែអ្វីៗ មិនដូចការគ្រោងទុក ព្រោះការប្រគុំតន្ត្រី របស់ Jay Chou ដែលត្រូវធ្វើឡើង នៅសឹង្ហបុរី ត្រូវពន្យាពេល ដោយលើក ពីថ្ងៃទី០៨ ខែវិច្ឆិកា ទៅថ្ងៃទី២៧ ខែធ្នូវិញ ព្រោះតែពហុកីឡាដ្ឋាន របស់សឹង្ហបុរី ត្រូវត្រៀមសម្រាប់ ការប្រកួត កីឡាបាល់ទាត់ ដ៏ធំមួយ នៅថ្ងៃទី២៣ ខែវិច្ឆិកា។

យ៉ាងណាមិញ ការពន្យាពេល ការប្រគុំតន្ត្រី ធ្វើឲ្យខកខាន មង្គលការ របស់ Jay Chou បានធ្វើឲ្យអ្នកគាំទ្រ ខកចិត្តយ៉ាងខ្លាំង ដល់ទៅ ២ដងផ្ទួនៗ ព្រោះតែពួកគេ ទន្ទឹងរងចាំ ថ្ងៃប្រគុំតន្ត្រីនោះ និងមង្គលការរបស់Jay Chou ជាយូរមកហើយ៕



ប្រភព៖ Lollipop

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]