សហរដ្ឋអាមេរិក៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកគ្រូស្រីផ្នែកគណិតវិទ្យា វ័យ១០០ឆ្នាំម្នាក់ នៅតែបន្តធ្វើការ នៅក្នុងសាលារៀន មួយកន្លែង ដែលគាត់ធ្លាប់បានរៀន កាលពីវ័យក្មេង តាំងពីអំឡុងឆ្នាំ១៩២០ មកម្ល៉េះ។

ប្រភពដដែល បានបន្តទៀតថា លោកយាយ Madeline Scotto ដែលជាគ្រូបង្រៀន ផ្នែកគណិតវិទ្យា មកពីទីក្រុង Brooklyn រដ្ឋ New York សហរដ្ឋអាមេរិក ដែលមានវ័យ១០០ឆ្នាំទៅហើយ នៅតែបន្តការធ្វើការ (បង្រៀន) នៅឯសាលាមត្តេយ្យមួយ មានឈ្មោះថា St. Ephrem ដែលជាសាលារៀនមួយ ដែលគាត់ធ្លាប់រៀន និងបានបញ្ចប់ការសិក្សា នៅក្នុងឆ្នាំ១៩២៨។

អ្នកគ្រូស្រីផ្នែកគណិតវិទ្យា វ័យចំណាស់រូបនេះ បាននិយាយថា «ចូលនិវត្តន៏ គឺជាពាក្យអាក្រក់ ខ្ញុំមិនចង់ស្តាប់ពាក្យនេះឡើយ។ មនុស្សមួយចំនួន ចូលចិត្តអ្វី ដែលពួកគេកំពុងតែធ្វើ ដូចជារូបខ្ញុំ ស្រលាញ់ និងចូលចិត្ត អ្វីដែលខ្ញុំកំពុងតែធ្វើអីចឹង។ នៅពេលដែលអ្នក មានការស្រលាញ់ និងចូលចិត្ត ចំពោះរឿងអ្វីមួយ អ្នកប្រាកដជា មិនបោះបង់វាឡើយ។»

គួរបញ្ជាក់ផងដែរថា លោកយាយ Scotto មានកូនចំនួន៥នាក់ (ពួកគេបានចូលនិវត្តន៏ ស្ទើរគ្រប់គ្នាទៅហើយ) ចៅចំនួន៩នាក់ និងចៅទួត ចំនួន១៦នាក់។ ប្តីរបស់លោកយាយ មានឈ្មោះថា Francis បានស្លាប់កាលពីឆ្នាំ១៩៩៩។ ជាមួយគ្នានេះដែរ លោកយាយ Scotto បានចាប់ផ្តើមបង្រៀន តាំងពីឆ្នាំ១៩៥៤ មកម្ល៉េះ សរុបគឺ៦០ឆ្នាំហើយ។ គាត់ត្រូវបានគេស្នើរ ឲ្យធ្វើជាគ្រូបង្រៀនស្ម័គ្រចិត្ត ដែលនៅពេលនោះ គាត់មានអាយុ ទើបតែ៤០ឆ្នាំប៉ុណ្ណោះ ថែមទាំងគ្មានបទពិសោធន៏ ក្នុងការបង្រៀនទៀត។

ជាងនេះទៅទៀត លោកយាយា Scotto ធ្លាប់រៀនភាសាបារាំង នៅឯសាលា St. Joseph’s College for Women ដែលធ្វើឲ្យគាត់ ក្លាយខ្លួនទៅជា គ្រូបង្រៀនទូទៅនៅក្នុងសាលា ប៉ុន្តែក្រោយមក ត្រូវប្តូរទៅជា គ្រូបង្រៀនគណិតវិទ្យាវិញ រហូតមកដល់សព្វថ្ងៃនេះ៕




ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]