ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមេបញ្ជាការកងអនុសេនាធំ នៃកងពលតូចថ្មើរជើង លេខ៥១ ត្រូវបានកូនទាហានរបស់ខ្លួន កាប់៣កាំបិតខ្វែវ បណ្តាលឲ្យស្លាប់ ក្នុងថ្លុកឈាម ។ ហេតុការណ៍នេះបង្កឲ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២២ តុលា ២០១៤ នៅក្នុងបន្ទាយកងពលតូច ថ្មើរជើងលេខ៥១ ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ។

ប្រភពព័ត៌មាន ពីនគរបាលស្រុក ព្រះនេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះក្នុងអំពើមនុស្សឃាតនេះ ឈ្មោះ ង៉ែត គង់រិទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ ជាយោធា មានតួនាទីមេបញ្ជាការ កងអនុសេនាធំ ស៊ើបការណ៍នៃកងពលតូច ថ្មើរជើងលេខ៥១ ស្នាក់នៅក្នុងបន្ទាយ ស្ថិតក្នងភូមិ-ឃុំ កើតហេតុខាងលើ ចំណែកជនដៃដល់ ឈ្មោះ តែ ប៊ុនធឿន ភេទប្រុស អាយុ៤៣ឆ្នាំ ជាកូនទាហាន ស្នាក់នៅក្នុងបន្ទាយ ។

ប្រភពដដែលបានឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះ តែ ប៊ុនធឿន ជាជនដៃដល់ បានឈ្លោះប្រកែកជាមួយ ប្រពន្ធរបស់ខ្លួន នៅពេលនោះ ជនរងគ្រោះក្នុងនាមជា មេកើយ បានដើរទៅឃាត់ និងអប់រំឲ្យបញ្ឈប់ កុំឈ្លោះប្រកែកគ្នាបែបនេះ នៅក្នុងបន្ទាយ វាមិនសម តែជនដៃដល់ មិនស្តាប់ ជនរងគ្រោះបានវាយ២ដៃ រួចត្រឡប់មកកន្លែងវិញ ស្រាប់តែពេលនោះ ជនល្មើសបានទាញកាំបិតខ្វែវ មានដងប្រវែង ជិត១ម៉ែត្រ កាប់ទៅលមេបញ្ជាការ របស់ខ្លួន ចំនួន៣កាំបិត បណ្តាលឲ្យដួលស្លាប់ ក្នុងថ្លុកឈាម ហើយរត់គេចខ្លួនបាត់។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនជនដៃដល់ មកផ្តន្ទាទោសតាមច្បាប់៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]