ខេត្តកំពង់ឆ្នាំង ៖ រថយន្តចម្រុះគ្រប់ម៉ាក ចំនួន៧៥៧គ្រឿង ដែលសមត្ថកិច្ចបង្ក្រាប និងដកហូត ពីបទល្មើសព្រៃឈើ ចាប់ពីឆ្នាំ២០០៤ ដល់២០១១ ត្រូវបានក្រសួងកសិកម្ម ប្រកាសដេញថ្លៃ លក់ឡាយឡុងរួចហើយ នៅថ្នាក់ជាតិ ក្នុងនោះរថយន្ត ចំនួន១៦គ្រឿង នៅក្នុងរដ្ឋបាលព្រៃឈើ កំពង់ឆ្នាំង ត្រូវអ្នកដេញថ្លៃ បាននាំគ្នាមកដឹកជញ្ជូន យកនៅល្ងាចថ្ងៃទី២១ តុលា ។

លោក ថោង វីរ៉ាវុឌ្ឍី នាយរងខណ្ឌរដ្ឋបាល ព្រៃឈើកំពង់ឆ្នាំង បាននិយាយឱ្យដឹង នៅល្ងាចថ្ងៃទី២១ តុលា ថា យោងតាម ស.ជ.ណ លេខ១០៨៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាស លេខ៤២៦ ប្រក.កសក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ បានប្រកាសដាក់ដេញថ្លៃ លក់ឡាយឡុងរថយន្ត ចំនួន៧៥៧គ្រឿង ដែលសមត្ថកិច្ច រដ្ឋបាលព្រៃឈើ នៅគ្រប់ខេត្ត-រាជធានី បង្ក្រាប និងដកហូត ពីបទល្មើសព្រៃឈើ ពីឆ្នាំ២០០៤ ដល់២០១១ ជម្រះចេញពីបញ្ជីកត់ត្រា សារពើភណ្ឌរបស់រដ្ឋ ក្រោយពីតុលាការ បានប្រកាសសាលក្រម រឹបអូសយកជាសម្បត្តិរដ្ឋរួចមក ។

ប្រភពដដែលប្រាប់ថា ការប្រកាសដាក់ឱ្យដេញថ្លៃរថយន្ត ជាសាធារណៈបានធ្វើនៅថ្នាក់ជាតិ តាមនីតិវិធី កាលពីខែមុន ដោយមានអ្នកចុះឈ្មោះ ដេញថ្លៃចំនួន៤នាក់។ ការដេញថ្លៃនោះ ត្រូវបានទៅលើឈ្មោះ ម៉ា សុធី ក្នុងតម្លៃ ២៤៨.៩៥០.០០០រៀល ប៉ុន្តែការដាក់រថយន្តលក់ដេញថ្លៃ គឺបានតែរថយន្ត ចំនួន៥៤៣គ្រឿង តែប៉ុណ្ណោះ ព្រោះរថយន្តចំនួន២១៤គ្រឿង ទៀតពុកផុយរលួយ ត្រូវលក់ឱ្យអេតចាយ ។

ដោយឡែក ក្នុងតួលេខដាក់ឱ្យដេញថ្លៃ រថយន្តខាងលើ នៅក្នុងរដ្ឋបាលព្រៃឈើ កំពង់ឆ្នាំង ក៏មានរថយន្តចំនួន១៦គ្រឿងផងដែរ  ហើយនៅល្ងាចថ្ងៃទី២១ តុលា អ្នកដេញថ្លៃបាន គេនាំគ្នាមកដឹកជញ្ជូន យកចេញពីទីស្នាក់ការ រដ្ឋបាលព្រៃឈើ កំពង់ឆ្នាំង អស់ទៅហើយ ។
អ្នកដឹងរឿងនៅខេត្តកំពង់ឆ្នាំង ក៏ដូចមន្ត្រីរដ្ឋបាលព្រៃឈើមួយក្រុម បាននិយាយថា ការដាក់ឱ្យដេញថ្លៃ លក់ឡាយឡុងរថយន្ត បទល្មើសខាងលើនេះ ក្រសួងសាម៉ីមានការយឺតយ៉ាវខ្លាំងណាស់ យឺតដូចដង្កូវបាក់ខ្នង ឬយឺតដូចជំហានគីង្គក់ គិតទៅចាប់បាន តាំងពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០១៤ មានរយៈពេល១១ឆ្នាំ ទើបមានការដាក់ឱ្យដេញថ្លៃ លក់ឡាយឡុង ធ្វើឱ្យរថយន្ត ចំនួន២១៤គ្រឿង ពុកផុយ ខូចខាតដល់ថវិកាជាតិយ៉ាងច្រើន ដែលគេនិយាយថា ហេតុតែជារបស់រដ្ឋ ។

ទន្ទឹមនេះដែរ រថយន្តដែលចាប់បាន ពីឆ្នាំ២០១១ មកឆ្នាំ២០១៤ រក្សាទុកនៅក្នុងស្ថាប័នរដ្ឋបាលព្រៃឈើ មានរាប់ពាន់គ្រឿងទៀត នៅទូទាំងប្រទេស និងមានរាប់រយគ្រឿងទៀត ឃើញមាននៅក្នុងខេត្តកំពង់ឆ្នាំង បើក្រសួងមិនឆាប់ ធ្វើការលក់ឡាយឡុង ទៀតទេនោះ រថយន្តរាប់រយគ្រឿង អាចនឹងពុកផុយអស់ ខាតបង់ថវិកាជាតិ ទៀតជាមិនខាន ។

មានដំណឹងគួរឱ្យជឿជាក់ថា នៅក្នុងខេត្តកំពង់ឆ្នាំង រថយន្តដែលចាប់បាន ពីបទល្មើព្រៃឈើនេះ មួយចំនួនត្រូវបានមន្ត្រីជំនាញ តូចតាច ដែលគេមិនសូវលើកតម្កើង បានទម្លាយឱ្យដឹងថា មានរថយន្តអាល្អៗ អាធុនទំនើបជាច្រើនគ្រឿង កំពុងត្រូវបានគេយកទៅ ប្រើប្រាស់ជា សម្បត្តិផ្ទាល់ខ្លួន ដែលមានទាំងស្ថាប័ន តុលាការ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ កងរាជអាវុធហត្ថខេត្ត និងខ្លះទៀត កំពុងស្ថិតនៅក្នុងស្នងការដ្ឋាន នគរបាលខេត្ត ។ គេប្រាប់ថា ក្នុងនោះ រថយន្តខ្លះ ជារថយន្តទំនើប ដូចជា កាមរីបាឡែន ឡិចស៊ីស៣០០ ម៉ាកធុនដ្រា និងហាយឡិនឌ័រ ជាដើម ដែលគួរតែក្រសួងកុំមើលរំលង ។

មិនមែនតែនៅខេត្តកំពង់ឆ្នាំងទេ ដែលយករថយន្ត ចាប់បានពីបទល្មើសព្រៃឈើ ទៅជិះផ្ទាល់ខ្លួននោះ សូម្បីនៅខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តដទៃទៀត ក៏មានដូចគ្នាដែរ ។ រថយន្តទំនើបៗទាំងនោះ ត្រូវចាប់បានក្នុងសម័យដឹកឈើគ្រញូង ។ ធ្វើបែបនេះ គេហៅថា រដ្ឋអំណាចអនាធិបតេយ្យ ៕

រថយន្តគ្រប់ម៉ាកដែលដឹកឈើត្រូវរឹបអូសពេលនេះបានលក់ឡាយឡុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]