ភ្នំពេញ៖ យុវជន៤នាក់ បានរងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូ ត្រូវរងការខូចខាត ស្ទើទាំងស្រុង ខណៈដែលពួកគេ កំពុងជិះម៉ូតូ ហើយត្រូវបាន រថយន្តម៉ាក ធុនត្រា មួយគ្រឿង បើកបុកនៅចំណុច ផ្លូវលេខ៤៣២ កែងផ្លូវលេខ១២៣ ស្ថិតក្នុងសង្កាត់ ទួលទំពូងទី២ ខណ្ឌចំការមន កាលពីវេលាម៉ោង ២២និង៣០នាទី យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ ហើយរថយន្តបង្ក បានបើកគេចខ្លួនបាត់ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ យុវជន៤នាក់ ជិះម៉ូតូសេ ១២៥ ពីរគ្រឿង មួយគ្រឿងស៊េរីឆ្នាំ ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AI-2042 ជិះ គ្នា២នាក់ និងមួយគ្រឿងទៀត ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1F-5873 ជិះគ្នា២នាក់ បានធ្វើដំណើរ ស្របទិសគ្នា តាមបណ្តោយផ្លូវលេខ ៤៣២ ក្នុងទិសដៅពីកើត ទៅលិច ខណៈមកដល់ ចំណុចមុខសាលារៀន ប្រ៊ីជតុន ស្រាប់តែមាន រថយន្តធុនត្រា មួយគ្រឿង ពណ៌ស មិនចាំស្លាកលេខ ធ្វើដំណើរ បញ្រ្ចាសទិសគ្នា បើកក្នុងល្បឿនលឿន បានជ្រុលបុករះ ចំពីមុខពេញទំហឹង បណ្តាល ឲ្យអ្នកជិះម៉ូតូរង របួសធ្ងន់ធ្ងរទាំង ៤ នាក់ ចំណែកម៉ូតូ រងការខូចខាត យ៉ាងដំណំ ហើយរថយន្តបង្ក បាន បើកគេចខ្លួនបាត់ ស្រមោលតែម្តង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវ បានរថយន្តសង្គ្រោះ ដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូសមត្ថកិច្ច បានធ្វើការវាស់វែង យកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលខណ្ឌ ចំការមន បណ្ណោះអាសន្ន និងស្រាវជ្រាវ តាមចាប់រថយន្ក បង្កយកមកដោះស្រាយ តាមផ្លូវច្បាប់ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]