រាជធានីភ្នំពេញ ៖ បុរសជនជាតិចិន ស្រវឹងធ្លាក់ភ្នែក បានបើករថយន្ត ឡិចស៊ីស៥៧០ ក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយ រថយន្តវីហ្គោពេញទំហឹង បណ្តាលឱ្យរថយន្ត ទាំងពីរគ្រឿងរង ការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង១ និង១០នាទីអាធ្រាត្រ ថ្ងៃទី ២៣ តុលា ២០១៤ នៅចំណុចមុខ ភោជនីយដ្ឋាន តាយ តាយ ស្ថិតតាមបណ្តោយ ផ្លូវព្រះមនុវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត វីហ្គោមួយគ្រឿង ពណ៌ស្លែរ ពាក់ស្លាកលេខ កណ្តាល 2A-448 ជិះដោយបុរស ជនជាតិចិន៣នាក់ និងនារីខ្មែរ២នាក់ ដោយធ្វើដំណើរ តាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅ ពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ រថយន្តវីហ្គោ ក៏បានបង្អង់ល្បឿន អែបចូលភោជនីយដ្ឋាន តាយ តាយ ក៏ត្រូវបានរថយន្តឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-7668 បើកដោយបុរស ជនជាតិចិន ស្រវឹងធ្លាក់ភ្នែកម្នាក់ តាមផ្លូវព្រះមុនីវង្ស ស្របទិសគ្នា ក៏បានបើកជ្រុល មកបុកពីក្រោយរថយន្ត វីហ្គោពេញទំហឹង បណ្តាលឱ្យរថយន្ត ទាំងពីរគ្រឿងរងការ ខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកពិនិត្យ និងសម្របសម្រួល ឱ្យភាគីទាំងពីរ បញ្ចប់រឿងនៅនឹង កន្លែងកើតហេតុផងដែរ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]