ខេត្តបាត់ដំបង ៖ បើតាមសេចក្តីរាយការណ៍ ព័ត៌មានពីអ្នក ឆ្លើយឆ្លងព័ត៌មាន កោះសន្តិភាព ប្រចាំខេត្តបាត់ដំបង បានឱ្យដឹងថា នៅវេលាម៉ោងប្រហែល ជាងម៉ោង៩យប់ ថ្ងៃទី២២ តុលា ២០១៤ នេះមានមនុស្សមួយក្រុម ដែលគេដឹងថា ដឹកនាំដោយអភិបាលរង ខេត្តបាត់ដំបងម្នាក់ និងអភិបាលរង ស្រុកបាណន់ម្នាក់ បានជិះរថយន្ត ចំនួន៣គ្រឿងមក ប៉ុនប៉ងធ្វើសកម្មភាព ជីកយកកំណប់ នៅសំណង់ទី១ នៃអាងកំពីងពួយ ដែលស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបានណន់ ខេត្តបាត់ដំបង ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព ដែលបានចុះទៅ យកព័ត៌មាន និងផ្តិតយករូបភា ពដល់ន្លែងកើតហេតុ ទាំងយប់ បានឱ្យដឹងថា មនុស្សមួយក្រុម ខាងលើនេះ បានគាស់ក្តារតូប របស់អាជីវករលក់ដូរ អាហារដែលមាន ចម្ងាយពីសំណង់ទី១ អាងកំពីងពួយ ប្រហែល៥០ម៉ែត្រ ដោយបានធ្វើសកម្មភាព ជីកកកាយដីក្រោមតូបនោះ បានទំហំ២ម៉ែត្រ គុណនឹង ៣ម៉ែត្រ ជម្រៅកន្លះម៉ែត្រ ។ ហើយពេលនេះ គេឃើញមានកម្លាំង សមត្ថកិច្ចស្រុកបាណន់ និងសមត្ថកិច្ចខេត្ត ជាច្រើននាក់ ដែលមានការ បញ្ជាផ្ទាល់ពីលោក ស្នងការនគរបាលខេត្ត ឱ្យចុះមកយាម និងការពារទីតាំង កើតហេតុខាងលើ ពេញមួយយប់ ។

បើតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចដែលទទួលបាន ការរាយការណ៍ ពីប្រជាពលរដ្ឋ បានឱ្យដឹងថា មនុស្សមួយក្រុម ខាងលើនេះ បានមកប៉ុនប៉ង ជីកយកកំណប់ នៅសំណង់ទី១ នៃអាងកំពីងពួយនេះ មានរយៈពេលជាង មួយអាទិត្យមកហើយ ។ សមត្ថកិច្ចបាន បន្តឱ្យដឹងថា មនុស្សមួយក្រុម ខាងលើនេះ អាចនឹងព្យាយាម ប៉ុនប៉ងមកជីកយក កំណប់ទីតាំងខាងលើ នៅវេលាអធ្រាត្រ នេះបន្តទៀត ។

គួរបញ្ជាក់ផងដែរថា បើតាមការប្រាប់ឱ្យដឹង ពីបុរសម្នាក់ ដែលគេជួល ឱ្យមកដេកយាម ទីតាំងជីករកកំណប់ ខាងលើនេះ បាននិយាយប្រាប់ សមត្ថកិច្ចថា មុននឹងឈាន មកជីកកកាយ រកកំណប់នេះ គឺមានមន្រ្តីស៊ីម៉ាក មកជួយរាវទីតាំង ខាងលើនេះផងដែរ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]