ខេត្តប៉ៃលិន ៖ បុរសអ្នករកស៊ី បើករថយន្តឈ្នួលម្នាក់ ត្រូវចោរចូលក្នុងរថយន្ត បើករត់គេចខ្លួន ខណៈលាងរថយន្ត រួចចតទុកចោល នៅក្បែរកន្លែងលាង ជាប់រវល់ដើរទៅ និយាយលេង ជាមួយមិត្តភក្តិ ក៏ត្រូវចោរចូល ទៅក្នុងរថយន្ត ហើយបើករត់គេចខ្លួន ។ ពេលម្ចាស់ឃើញយក រថយន្តចេញពីទីនោះ មិនចាប់អារម្មណ៍ ដោយនឹកស្មានថា ជាមិត្តភក្តិបើកបរលេង ទើបក្រោយមក ត្រូវចោរបើកបរគេចខ្លួន បានប្រហែលកន្លះម៉ោង ទើបប្តឹងសមត្ថកិច្ច ស្នងការនគរ បាលខេត្តប៉ៃលិន ឱ្យតាមចាប់ឃាត់ខ្លួន ទាន់ពេលតែម្តង ។

ហេតុការណ៍ចោរចូលក្នុងរថយន្ត លួចបើករត់គេចខ្លួននេះ បានកើតឡើង កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី២២ តុលា ២០១៤ ស្ថិតនៅមុខ កន្លែងលាងរថយន្ត ក្បែរចំណតរថយន្តថ្មី ក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ រីឯការឃាត់ខ្លួន ជនសង្ស័យបានធ្វើឡើង កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃដដែល ក្នុងភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។

ជនរងគ្រោះ ឈ្មោះ អ៊ុំ ផេង ភេទប្រុស អាយុ៥២ឆ្នាំ ជាអុ្នករកស៊ី បើកបររថយន្តឈ្នួល ពីប៉ៃលិនទៅបាត់ដំបង រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយត្រូវចោរយក រថយន្តម៉ាកកាមរីឆ្លាម ពណ៌ស ស៊េរីឆ្នាំ៩៤ ចង្កូតស្តាំ ពាក់ស្លាកលេខ ភ្នំពេញ 2K-6024 ។ ចំណែកចោរដែលត្រូវ សមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ លឿត កំសត់ ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរ មិនពិតប្រាកដ មានស្រុកកំណើត រស់នៅភូមិកោះសបាយ ឃុំបឹងបី ស្រុកមោងឫស្សី ខេត្តបាត់ដំបង ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]