ភ្នំពេញៈ តារាសម្តែង និងជាតារាបង្ហាញម៉ូដ ប្រចាំក្រុម Pop Model លោក ឡុង ប៊ុនហេង ថ្មីៗនេះ មានព័ត៌មានលេចឮ ដ៏រសើបមួយ ត្រូវបានគេ ទម្លាយឲ្យដឹងថា មួយរយៈដែលលោកផ្អាក ការងារសិល្បៈ ទៅស្រវាតំណែង ជាជំនួយការម្ចាស់ក្លឹបនោះ គឺលោក បានចងសម្ព័ន្ធភាព ជាមួយនារីវ័យក្មេង រូបស្អាតម្នាក់ ជាអ្នកសម្បូរទ្រព្យ និងកំពុងតែផ្អែមល្ហែម ជាមួយគ្នា ។

ទស្សនិកជននៅចាំបានថា នាពេលកន្លងមកតារាបង្ហាញម៉ូដក្នុង ក្រុម Pop Model លោក ឡុង ប៊ុនហេង ធ្លាប់បានជំពប់នឹង រឿងរ៉ាវ ស្នេហា ជាមួយនឹងតារាស្រីមួយដួង ដែលជាប្រធានក្រុមម៉ូដែល គឺកញ្ញា សារ៉ា ប៉ុន្តែព័ត៌មាននេះ ត្រូវបានស្ងប់ស្ងាត់ ទៅវិញ ប្រៀបបីដូចជា រលកស្ងប់ខ្យល់ បន្ទាប់ពីម្ចាស់សាម៉ីខ្លួន ទាំងពីរនាក់ បានចេញមុខបកស្រាយ និងច្រានចោលទៅវិញ។ បន្ទាប់ពីលោកបានបដិសេធរួចមក លោកក៏បានផ្តាច់ខ្លួន ចេញពីសិល្បៈមួយរយៈធំ ដោយទៅសម្ងំធ្វើជា ជំនួយការម្ចាស់ក្លឹបមួយ ក្នុងរាជធានីភ្នំពេញ ។

តែអ្វីដែលធ្វើឲ្យទស្សនិកជន មានការចាប់ អារម្មណ៍ ទៅលើលោកសារជាថ្មីម្តងទៀតនោះគឺ នៅពេលថ្មីៗ នេះ មានព័ត៌មានលេចឮ ដ៏ រសើបមួយថា តារាប្រុសរូបនេះ កំពុងតែលួចលាក់ បង្កាត់ភ្លើង ស្នេហ៍ថ្មី ជាមួយ នារីវ័យក្មេងរូបស្អាត ជាកូនអ្នកមានសម្បូរដុល្លារ ហើយនាងក៏ជាអ្នកនៅ ពីក្រោយខ្នង ជួយជ្រោមជ្រែងឲ្យ លោកបានធ្វើជាជំនួយ ការម្ចាស់ក្លឹបកម្សាន្ត នោះផងដែរ ។

បើតាមប្រភពក្រៅផ្លូវការមួយ បានបង្ហើបឲ្យដឹងថា ថ្មីៗនេះ លោក ប៊ុនហេង ហាក់មានភាពស្និទ្ធស្នាល ជាមួយនារីវ័យក្មេងរូបស្អាត សាច់ សម្នាក់នេះ ព្រោះជានិច្ចកាល គេតែងតែឃើញលោក បណ្តើរនារី ម្នាក់នោះ ទៅណាមកណាជាមួយគ្នា មិនដាច់ ប្រៀបដូចជា លលកញីឈ្មោល ។ មិនតែ ប៉ុណ្ណោះ នៅពេលដែលពួកគេ បង្ហាញវត្តមាន នៅក្នុងក្លឹបកម្សាន្ត ដែលលោកធ្វើការនោះ គឺពួកគេ ទាំងពីរនាក់ តែងតែបង្ហាញភាពល្អូកល្អឺន កៀកកើយគ្នា មិនចាញ់គូស្នេហ៍ដទៃឡើយ ។

ទាក់ទងនឹងព័ត៌មានក្ដៅៗនេះ ដែលលើកឡើងថា បុរសរូបសង្ហារ ម្នាក់នេះ ផ្តាច់ពីសិល្បៈទៅសម្ងំ សាងស្នេហ៍ស្ងាត់ៗ ជាមួយនារីរូប ស្អាតម្នាក់នោះ គេហទំព័រ LookingTODAY មិនអាចទាក់ទងទៅលោក ដើម្បីឲ្យបកស្រាយ ទាក់ទងនឹងរឿងនេះ បានទេ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤នេះ ខណៈទូរស័ព្ទ ត្រូវបានបិទ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]