ភ្នំពេញ ៖ ស្ដ្រីវ័យក្មេងម្នាក់ ដោយសារ តែតូចចិត្ដម្ដាយ សង្សាររបស់នាង មិនពេញចិត្ដ និងមិនឱ្យកូន ប្រុសរបស់ គាត់រៀបការ ជាមួយនាងធ្វើ ជាប្ដីប្រពន្ធស្របច្បាប់ ខណៈដែលពួកគេ ទាំងពីរនាក់ រស់នៅជាមួយគ្នា អស់ជាច្រើនឆ្នាំនោះ ក៏បានសម្រេចចិត្ដទៅ លោតទឹកពី លើស្ពានព្រះមុនីវង្សចាស់ ប៉ុន្ដែស្ដ្រីរងគ្រោះ ត្រូវបានកម្លាំង សមត្ថកិច្ចនៅ ខាងក្រោមស្ពាន ចេញអូរប័រជួយ សង្គ្រោះរួច ផុតពីសេចក្ដីស្លាប់ ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ករណីស្ដ្រីរូបនេះ លោតពីលើស្ពាន ព្រះមុនីវង្សចាស់ ក្នុងសង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បានបង្កឱ្យមាន ការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរ ឆ្លងកាត់ទីនោះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ ។

បើតាមការបញ្ជាក់ របស់សមត្ថកិច្ចស្ដ្រី រងគ្រោះឈ្មោះ សុខ ស្រីនាង អាយុ២១ឆ្នាំ មានមុខរបរនៅផ្ទះ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ហើយបច្ចុប្បន្ននេះ រស់នៅជាមួយ សង្សាររបស់ខ្លួន ដូចជាប្ដីប្រពន្ធ ទៅហើយនោះ ឈ្មោះ សីហា អាយុប្រមាណ២៥ឆ្នាំ មុខរបរជាអ្នក លក់ត្រី ។

ក្រោយការសួរនាំ ពីដំណើររឿង សមត្ថកិច្ចបាន បញ្ជាក់ថា ស្ដ្រីរងគ្រោះ បានរស់នៅ ជាមួយសង្សារ របស់នាងជា យូរណាស់មក ហើយ ប៉ុន្ដែពួកគេមិនទាន់ បានរៀបការតាម ផ្លូវច្បាប់ជាមួយគ្នា នៅឡើយ លុះពេលរក លុយបានខ្លះ ចង់រៀបចំពិធី ដើម្បីបំពេញមុខ មាត់និងក្លាយ ជាប្ដីប្រពន្ធស្របច្បាប់នោះ ស្រាប់តែម្ដាយខាងប្រុស មិនយល់ព្រមទើប ធ្វើឱ្យនាងខូចចិត្ដ ហើយជ្រើសរើស យកសេចក្ដីស្លាប់ ។

សេចក្ដីរាយការណ៍ បានបន្ដថា ក្រោយពី ស្ដ្រីរងគ្រោះបានលោតចូល ទៅក្នុងទឹកហើយ នោះកម្លាំង សមត្ថកិច្ចដែលឈរជើងនៅ ខាងក្រោមស្ពាន បានចេញអូរប័រ ជួយស្រង់ ឡើងមកលើគោក រួចផុត ពីសេចក្ដីស្លាប់តែម្ដង ហើយទាក់ទងទៅ ក្រុមគ្រួសារមកទទួល យកត្រឡប់ទៅផ្ទះវិញ ។

បើតាមការបញ្ជាក់ បន្ថែមពីសមត្ថកិច្ច ទំនងការលោត សម្លាប់ខ្លួនលើកទី១ នៅតែ មិនធ្វើឱ្យម្ដាយក្មេក ឬសង្សាររបស់នាងព្រម ទទួលយកនោះ ស្ដ្រីរងគ្រោះក៏បានទៅលោត ម្ដងទៀត កាលពីវេលាម៉ោង ១និង៣០នាទី រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ ប៉ុន្ដែ ការលោតម្ដងទៀតនេះ ក៏ត្រូវបានគេជួយ ទាន់ ហើយប្ដីរបស់នាង ក៏មកទទួលយក ទៅផ្ទះវិញ ។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើការដោះស្រាយ បញ្ហារវាងពួកគេ ទាំងពីរនាក់ ទទួលបាន លទ្ធផលបែបណានោះទេ ហើយ បើនៅតែមិនត្រូវគ្នា ហើយស្ដ្រីរងគ្រោះមក លោតទឹកសម្លាប់ ខ្លួនទៀតនោះ អ្នកដែល ហត់និងរវល់ គឺសមត្ថកិច្ចនៅ គោលដៅស្ពាន ព្រះមុនីវង្ស ដែលត្រូវជួយ សង្គ្រោះនិងយកព័ត៌មាន ដែលត្រូវទៅថត ពេលកើតហេតុនោះ យកមកផ្សាយ ៕

ស្រ្តីម្នាក់លោត ពីលើស្ពាន ព្រះមុនីវង្សចាស់ មិនទាន់ ដឹងមូលហេតុ


ស្រ្តីម្នាក់លោត ពីលើស្ពាន ព្រះមុនីវង្សចាស់ មិនទាន់ ដឹងមូលហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]