បរទេស៖ បច្ចុប្បន្ននេះ បន្ទាប់ពីមាន ការរីកចំរើនខាង បច្ចេកវិទ្យាក៏ដូចជា វិទ្យាសាស្ត្រឥតឈប់ឈរ បានធ្វើឲ្យ មធ្យោបាយក្នុងការ ដើរកំសាន្ត របស់មនុស្សកាន់តែ មានភាពងាយស្រួល ល្អប្រសើរខ្លាំងជាងមុន បើយើងធៀបទៅ នឹងអតីតកាល។ មនុស្សអាចទៅកំសាន្ត ដល់ទីណា ដែលគេចង់ទៅ តាមរយៈការ ធ្វើដំណើរតាម រថយន្ត, រថភ្លើង, កាណូត ឬក៏យន្តហោះ ជាដើម ហើយក្នុងនោះការដើរកំសាន្តតាមនាវា ទេសចរណ៍ធំៗ ក៏មានសកម្មភាព មិនអន់ប៉ុន្មានដែរ តែប្រហែលជាអ្នក ដែលមានទ្រព្យសម្បត្តិច្រើន គួរសមហើយ ទើបអាចធ្វើដំណើរតាម នាវាទេសចរណ៍ ធំៗទាំងនោះបាន។

ខាងក្រោមនេះគឺជា នាវាទេសចរណ៍ធំៗ ចំនួន១០ ដែលមានទំហំធំជាងគេ ហើយកំពុងមានសកម្មភាព ដឹកអ្នកទេសចរណ៍កំសាន្ត កាត់តាម ប្រទេសនានា ជុំវិញពិភពលោក យ៉ាងមមាញឹក៖ 

១. នាវាទេសចរណ៍ Allure of the Seas

នាវា Allure of the Seas ត្រូវបានគ្រប់គ្រង និងប្រតិបតិ្តការដោយក្រុមហ៊ុន Royal Caribbean International។ នាវានេះត្រូវបានគេស្គាល់ថា ជានាវាទេសចរណ៍ ធំជាងគេនៅលើពិភពលោក ជាមួយ នឹង ប្រវែង ៣៦០ ម៉ែត្រ និងមាន បន្ទប់ស្នាក់នៅ ចំនួន ២,៧០៦ បន្ទប់ ហើយអាចផ្ទុក អ្នកដំណើរ សរុប ទាំងអស់គឺចំនួន ៦២៩៦ នាក់។ ការសាងសង់នាវា ទេសចរណ៍ Allure of the Seas នេះគឺ ចំណាយអស់ ១.៨ កោដិដុល្លារអាមេរិក។

២. នាវាទេសចរណ៍ Oasis of the Seas

នាវាទេសចរណ៍ Oasis of the Seas សាងសង់ដោយក្រុមហ៊ុនតែមួយ ជាមួយនឹងនាវា Allure of the Seas។ ការសាងសង់ គឺចំនាយអស់ ១.៤ កោដិដុល្លារអាមេរិក។ Oasis of the Seas គឺជានាវា ទេសចរណ៍ធំ លំដាប់ទី២ នៅលើពិភពលោក ដែលមានប្រវែង ៣៦០ ម៉ែត្រ ហើយវា អាចផ្ទុកអ្នក ដំណើរបានសរុប ៦០០០ នាក់។

៣. នាវាទេសចរណ៍ Norwegian Epic

នាវាទេសចរណ៍ Norwegian Epic គឺជានាវា ដែលធំជាងគេ លំដាប់ទី៣ នៅលើពិភពលោក ជាមួយនឹង ប្រវែង ៣២៩ ម៉ែត្រ។ បច្ចុប្បន្ន វាត្រូវបាន គ្រប់គ្រងដោយក្រុមហ៊ុន Norwegian Cruise Line។ Norwegian Epic មានកំពស់១៩ ជាន់ ជាមួយនឹង បន្ទប់ស្នាក់នៅ ២១១៤ និងអាចផ្ទុក អ្នកដំណើរ បាន ទាំងអស់ ៥១៨៣នាក់។

៤. នាវាទេសចរណ៍ MS Freedom of the Seas

នាវាទេសចរណ៍ ធំបំផុតលំដាប់ទី៤ មួយនេះ ក៏គ្រប់គ្រងដោយក្រុមហ៊ុន  Royal Caribbean International ផងដែរ។ វាត្រូវបានចំណាយ ក្នុងការសាងសង់ អស់ប្រមាណ ៨០០ លានដុល្លារ អាមេរិក។ MS Freedom of the Seas មានប្រវែង ៣៣៨ ម៉ែត្រ ដែលមានបន្ទប់ស្នាក់នៅ ទាំងអស់ គឺចំនួន ៣៦៣៤ បន្ទប់ និងអាចផ្ទុកអ្នកដំណើរបាន ៤៣៧៥ នាក់។

៥. នាវាទេសចរណ៍ Liberty of the Seas

នាវាទេសចរណ៍ Liberty of the Seas មានទំហំប៉ុនគ្នាជាមួយនឹង នាវា MS Freedom of the Seas។ នាវានេះចាប់ផ្តើម ដំណើរការតាំងពីឆ្នាំ ២០០៧មកម្ល៉េះ។ វាមានកំពស់១៥ ជាន់ និងល្បឿន ៤០ គីឡូម៉ែត្រក្នុង១ ម៉ោង។ Liberty of the Seas អាចផ្ទុកអ្នកដំណើរ បានប្រមាណ ៣៦៣៤ នាក់។ 

៦. នាវាទេសចរណ៍ Independence of the Seas

នាវាទេសចរណ៍ Independence of the Seas គ្រប់គ្រងដោយក្រុមហ៊ុន Royal Caribbean cruise ហើយវាបើកដំណើរការ តាំងពីឆ្នាំ ២០០៨ មកម្ល៉េះ។ វាមានប្រវែង ៣៣៩ ម៉ែត្រ និងល្បឿន ៤០ គីឡូម៉ែត្រ ក្នុង១ម៉ោង។ Independence of the Seas មានកំពស់ ១៥ ជាន់ដែលអាច ផ្ទុកអ្នកដំណើរ បានសរុប ៤៣៧០ នាក់។

៧. នាវាទេសចរណ៍ MS Queen Mary 2

នាវាទេសចរណ៍ MS Queen Mary 2 ជានាវាធំតែមួយគត់ ក្នុងពេលបច្ចុប្បន្ន ដែលដឹកជញ្ជូនភ្ញៀវ ទេសចរ កាត់តាម មហាសមុទ្រ អាត្លង់ទិច បន្ទាប់ពីនាវា Queen Elizabeth 2 ដែលផលិត កាលពីឆ្នាំ ១៩៦៩ នោះបាន ឈប់ដំណើរការ របស់ខ្លួន កាលពី ឆ្នាំ ២០០៨ កន្លងទៅ។ 

៨. នាវាទេសចរណ៍ MS Navigator of the Seas

នាវាទេសចរណ៍ MS Navigator of the Seas គឺជានាវាដ៏ធំមួយ ដែលប្រតិបតិ្តការ ដឹកអ្នកទេសចរ នាពេលបច្ចុប្បន្ន។ នាវានេះ សាងសង់ នៅក្នុងប្រទេស ហ្វាំងឡង់ ដែលមានប្រវែង ៣១០ ម៉ែត្រ និងអាច ផ្ទុកអ្នកដំណើរ បានសរុប ៣១១៤ នាក់។

៩. នាវាទេសចរណ៍ MS Mariner of the Seas

នាវាទេសចរណ៍ MS Mariner of the Seas គឺជានាវាមួយ ក្នុងចំណោមនាវា ទាំង ៥ របស់ក្រុមហ៊ុន Royal Caribbean International ហើយក៏ជានាវា ធំលំដាប់ទី ៩ ផងដែរ របស់ពិភពលោក។ វាមានប្រវែង ៣១១ម៉ែត្រ និងអាចផ្ទុកអ្នកដំណើរ បាន ៣៨០៧ នាក់។

១០. នាវាទេសចរណ៍ MSC Fantasia

ចុងក្រោយនេះ គឺនាវាទេសចរណ៍ ធំលំដាប់ទី១០ របស់ពិភពលោក មានឈ្មោះថា MSC Fantasia គ្រប់គ្រងដោយ ក្រុមហ៊ុន MSC Cruises វាមានប្រវែង ៣៣៣ ម៉ែត្រ ហើយអាចផ្ទុក អ្នកដំណើរបាន ៣៩០០ នាក់ ។ 

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]