រាជធានីភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានកំណត់ថាចាប់ ពីឆ្នាំ២០១៥តទៅ គ្រប់ស្ថានីយ៍ ទូរទស្សន៍ទាំងអស់ រាល់ការចាក់ផ្សាយ ពាណិជ្ជកម្ម ត្រូវរៀបចំផលិត និងយកតួមកសម្ដែង ជាជនជាតិខ្មែរ មិនត្រូវយកតួ សម្ដែងបរទស មកចាក់ផ្សាយនោះទេ ។ លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមានប្រសាសន៍ ថ្លែងក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់ស្ដីពី ការចាក់ផ្សាយ ភាពយន្ដបរទេស តាមកញ្ចក់ទូរទស្សន៍ ព្រឹកថ្ងៃ ទី២១ ខែតុលានេះ នៅទីស្ដីការក្រសួងថា ក្រសួងនឹងចេញ សេចក្ដីណែនាំ ដល់គ្រប់ស្ថានីយ ទូរទស្សន៍ទាំងអស់ ចាប់ពីឆ្នាំ២០១៥ តទៅរាល់ការ ផ្សាយពាណិជ្ជកម្ម ត្រូវជ្រើសរើស យកសិល្បៈករ សិល្បៈការិនី និងអ្នកសម្ដែងខ្មែរ ដោយមិនត្រូវយក តួបរទេសមកមកប្រែ និងបញ្ចូលសម្លេង សម្រាប់ចាក់ផ្សាយ ស្ពតពាណិជ្ជកម្មនោះទេ ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ការកំណត់បែបនេះ គឺដើម្បីជួយលើកកម្ពស់ សិល្បៈករ សិល្បៈការិនី និង អ្នកសម្ដែងខ្មែរ កាន់តែមានលទ្ធភាព ក្នុងការចូលរួម ប្រកបវិជ្ជាជីវៈ បានកាន់តែទូលំទូលាយ និងអាចបង្កើន នូវចំណូលបាន មួយកម្រិតថែមទៀត ។ លោកលើក ឡើងទៀតថា បច្ចុប្បន្ននេះ ការចាក់បញ្ចាំង ភាពយន្ដបរទេស នៅតាមកញ្ចក់ ទូរទស្សន៍ ក្រសួងនឹងចេញ សេចក្ដីណែនាំ ដល់គ្រប់ស្ថានីយ ទូរទស្សន៍ទាំងអស់ ត្រូវកាត់បន្ថយការបញ្ចាំង តាមកញ្ចក់ទូរទស្សន៍ ហើយត្រូវពិភាក្សា ស្វែងរកវិធីសាស្រ្ដ បែបណា ដើម្បីបង្កើន គុណភាពក្នុងការ ផលិតខ្សែភាពខ្មែរ ឱ្យបានដល់ កម្រិតណាមួយ ស្របទៅតាមតំបន់ និងអន្ដរជាតិ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]