ចិន៖ ស្រ្តីវ័យ ៥៧ឆ្នាំម្នាក់ ឈ្មោះ Shen Ailan ដែលស្រវឹងជោកជាំ ខ្លាំងពេក ក្រោយផឹកស្រា vodka អស់២ដប បានចុះទៅក្នុងទឹកទន្លេ ក្នុងបំណង ដើម្បីលុបលាង មុខឲ្យបាន ស្វាងពីភាពស្រវឹង ប៉ុន្តែ នៅពេល ដែលគាត់ហក់ចូលទន្លេ ដែលមានទីតាំង ស្ថិតនៅក្រុង Huangshi ខេត្ត Hubei គាត់ហាក់ ដូចជា បាត់ស្មារតី មួយសន្ទុះធំ បន្ទាប់មក ពេលដែលគាត់ដឹងខ្លួនវិញ គាត់បែរជាស្ថិត នៅក្នុងក្រុង Ruichang ខេត្ត Ruichang ទៅវិញ ដែលមានចំងាយឆ្ងាយ ពីកន្លែងដែលគាត់ ចុះលុបមុខ និង លាងខ្លួនប្រាណ ជាង ៧៥ គីឡូម៉ែត្រ ឯណោះ។

ការបាត់បង់ស្មារតី នៅក្នុងទឹក តែបែរជាមិនស្លាប់ បែបនេះ អាចចាត់ទុកថាជា រឿងអភូតហេតុមួយ សំរាប់គាត់។ ក្រុមគ្រូពេទ្យបាននិយាយថា ស្ត្រីរូបនេះ កំពុងតែប្រឈមនឹងជំងឺ ខ្វះកំដៅនៅក្នុងខ្លួន ដោយសារ តែការត្រាំនៅក្នុង ទឹកត្រជាក់យូរពេក ហើយពេលនេះស្មារតី របស់គាត់មិនទាន់ ត្រលប់មកវិញ បាន១០០ភាគរយ នោះទេ។ គ្រូពេទ្យដដែល បានសន្និដ្ឋានថា នៅពេលដែល ស្ត្រីរូបនេះបាត់ស្មារតី នៅក្នុងទឹក ដៃនិងជើង របស់គាត់ អាចធ្វើចលនា ដោយស័្វយប្រវតិ្ត ទាំងមិនដឹងខ្លួន បន្តិចម្តងៗ តាមបណ្តោយខ្សែទឹក ដូច្នេះហើយទើប វាធ្វើឲ្យក្បាលរបស់គាត់ ហើបផុតពីផ្ទៃទឹក មិនបណ្តាលឲ្យឈ្លក់ ទឹកស្លាប់។

ថ្វីបើរូបគាត់ អណ្តែតតាមផ្ទៃទឹក ទាំងមិនដឹងខ្លួន ឆ្លងកាត់ស្ពានជាច្រើន, កាត់ទូក និង កាណូតផ្សេងៗ ក៏ពិតមែន ប៉ុន្តែឧបសគ្គ ទាំងនោះមិនបាន បណ្តាល ឲ្យគាត់ មានរងរបួសអ្វីនោះទេ។ បើសិនជា តាមផ្លូវទឹកនោះ ប៉ះទង្គិចអ្វីមួយ វាអាចបណ្តាល ឲ្យរូបគាត់ស្លាប់ក៏ថាបាន ក៏ប៉ុន្តែ ជាសំណាង គឺគាត់មិនបាន ជួបប្រទះហេតុការណ៍ អាក្រក់ណាមួយឡើយ។

ក្រោយពេលដឹង ខ្លួនគាត់បានស្រែក រកអ្នកស្រុកក្បែរខាងឲ្យជួយ ហើយមានបុរសម្នាក់ បានជួយ ស្រង់គាត់ ចេញពីទន្លេ។ ស្រ្តីឈ្មោះ Shen បានយំ ក្រោយដឹងថា ខ្លួនជួបរឿងរ៉ាវបែបនេះ ហើយគាត់ និយាយថា ប្រហែលជាគ្មាន លើកក្រោយទៀតទេ ព្រោះគាត់ប្តេជ្ញា ថានឹងលែង ទៅក្បែរស្រាទៀត ហើយ៕



ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]