បាត់ដំបង ៖ ស្រ្តីម្នាក់ដោយសារ តែមានជំងឺ សសៃប្រសាទ បានចងកសម្លាប់ខ្លួន នៅលើដើមអំពិល កាលពី វេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ ចំណុចវាលស្រែ ក្រោយផ្ទះស្ថិតក្នុង ភូមិក្រឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឬស្សី និងក្មេងស្រីម្នាក់ អាយុ១០ឆ្នាំ បាននាំគ្នាលេង ទឹកលង់ស្លាប់ម្នាក់ កាលពីវេលាម៉ោង ៤និង១៥នាទី ល្ងាចថ្ងៃទី២០ ខែតុលា នៅចំណុចប្រឡាយទឹក វាលស្រែ ក្នុងភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងឬស្សី។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសាច់ ញាតិយកទៅធ្វើ បុណ្យតាមប្រពៃណី ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា កាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ ចំណុចវាលស្រែ ក្រោយផ្ទះ ស្ថិតក្នុងភូមិក្រឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឬស្សី មានស្រ្តីម្នាក់ឈ្មោះ បិន ឌួង ភេទស្រី អាយុ៤៩ឆ្នាំ ដោយសារតែមាន ជំងឺសសៃប្រសាទ ប្រចាំកាយ បានសម្រេចចិត្ត ចង-កសម្លាប់ខ្លួន យកខ្សែគោចង នៅលើដើមអំពិល ក្រោយផ្ទះ ចម្ងាយ ១០០ម៉ែត្រ ។

កាលពីវេលាម៉ោង ៤ និង១៥នាទី ល្ងាចថ្ងៃទី២០ ខែតុលា នៅចំណុចប្រឡាយ ទឹកវាលស្រែ ក្នុងភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងឬស្សី មានក្មេងៗ នាំគ្នាលេងទឹក ហើយបណ្តាលឲ្យ ក្មេងស្រីម្នាក់ឈ្មោះ អ៊ុន សុឃីម ភេទស្រី អាយុ១០ឆ្នាំ លង់ទឹកស្លាប់ម្នាក់ ។ បន្ទាប់ពីករណីទាំង២នេះ បានកើតឡើង ធ្វើឲ្យអ្នកភូមិ និងសាច់ញាតិ ភ្ញាក់ផ្អើលនាំគ្នា ទៅមើល រួចសមត្ថកិច្ចជំនាញ បានចុះទៅត្រួត ពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យ ហើយបានប្រគល់សព ជូនទៅក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ។

អាជ្ញាធរស្រុក មោងឬស្សី បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ថា សូមអាណាព្យាបាល ទាំងអស់ ត្រូវមើលកូនចៅតូចៗ ឲ្យមានការ ប្រុងប្រយ័ត្ន កុំឲ្យលេងទឹកផ្តេសផ្តាស ជៀសវាងលង់ទឹក បណ្តាលឲ្យស្លាប់ ព្រោះករណីលង់ ទឹកស្លាប់ កើតទៅលើក្មេងតូចៗ ភាគច្រើនស្ទើរ តែគ្រប់ទីកន្លែង ជាហូរហែ កន្លងមក ដូច្នេះសូម ឪពុក-ម្តាយ មានការប្រុងប្រយ័ត្ន កុំឲ្យកូនទៅលេងទឹក ទោះជិតឬឆ្ងាយក៏ដោយ ដើម្បីទប់ស្កាត់ ការគ្រោះថ្នាក់ បណ្តាលឲ្យស្លាប់ ដោយសារលង់ទឹក ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]