រុស្ស៊ី៖ លោក Christophe de Margerie ដែលត្រូវបាន ពិភពលោក ស្គាល់ថា ជានាយកប្រតិបត្តិ ក្រុមហ៊ុន ប្រេងឥន្ធនៈដ៏ធំ របស់បារាំងឈ្មោះ TOTAL បានស្លាប់ ក្នុងហេតុការណ៍ ប៉ះទង្គិច យន្តហោះ កាលពី យប់មិញ នៅព្រលានយន្តហោះ Vnukovo ក្នុងទីក្រុង Moscow។

មូលហេតុ ដែលយន្តហោះធុនតូច ប្រភេទ SA Falcon ដែលជិះដោយ នាយកប្រតិបត្តិ ក្រុមហ៊ុនតូតាល់ វ័យ ៦៣ ឆ្នាំ ជួបគ្រោះថ្នាក់នោះ គឺដោយសារតែ យន្តហោះរបស់គាត់ បានទៅបុកនឹង រថយន្ត សំអាតព្រិលនៅ ព្រលានយន្តហោះ ដែលគ្រោះថ្នាក់នេះ បានបណ្តាលឲ្យមនុស្ស ៤នាក់ ស្លាប់ បាត់បង់ជីវិត ក្នុងនោះ មានរូបលោក Christophe de Margerie ខ្លួនឯងផ្ទាល់ផងដែរ ចំណែកឯមនុស្ស៣ នាក់ផ្សេងទៀត គេមិនទាន់ ស្គាល់អត្តសញ្ញាណ នៅឡើយ។ ទោះជាយ៉ាងណា ក៏ដោយ ពេលនេះ មន្ត្រីប៉ូលីសរបស់ រុស្ស៊ី ក៏កំពុងតែធ្វើការស៊ើបអង្កេត បន្ថែមទៀត ទៅលើករណី គ្រោះថ្នាក់យន្តហោះនេះ។

គូសបញ្ជាក់ផងដែរថា លោក Christophe de Margerie បានចូលរួម ជាមួយក្នុងក្រុមហ៊ុន TOTAL រយៈពេល ៤០ ឆ្នាំមកហើយ ពោលគឺតាំង ពីឆ្នាំ ១៩៧៤ មកម្ល៉េះ។ គាត់បានគ្រប់គ្រង ក្រុមហ៊ុនប្រេង ឥន្ធនៈដ៏ធំ របស់បារាំងមួយនេះ ទាំងទីតាំងនៅឥណ្ឌូនេស៊ី រហូតដល់ ប្រទេស កាហ្សាក់ស្តង់ (Kazakhstan) ហើយក្រោមការ គ្រប់គ្រងរបស់គាត់ បានធ្វើឲ្យក្រុមហ៊ុន TOTAL ក្លាយ ជា ក្រុមហ៊ុនប្រេងឥន្ធនៈ បារាំង ដែលរុករកប្រេង និងបំរុងប្រេងទុក បានច្រើនជាងគេ ក្នុង រយៈពេល ១៥ ឆ្នាំ។

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]