បរទេស៖ ការសិក្សារបស់ អ្នកវិទ្យាសាស្ត្រថ្មីៗនេះ បានបង្ហាញថា ការពិសាទឹកភេសជ្ជៈ មានជាតិ ស្ករច្រើន អាចនឹងបណ្តាលឲ្យ មនុស្សឆាប់ ចាស់ ដូចជាការជក់បារីដែរ។

ប្រភពព័ត៌មាន លើកឡើងថា អ្នកជំនាញបានរកឃើញថា ការពិសាភេសជ្ជៈត្រជាក់ មានជាតិស្ករច្រើន អាចប៉ះពាល់សុខភាព ដោយសារ បណ្តាល ធ្វើឲ្យ មនុស្សធាត់ ហើយមនុស្សមួយចំនួន អាចកើត ជំងឺទឹកនោមផ្អែម ប្រភេទ២ ប៉ុន្តែនេះជាការ ស្រាវជ្រាវដំបូងដែល បង្ហាញថាភេសជ្ជៈ មានជាតិស្ករ ក៏អាច បង្កើនល្បឿនកោសិកា ដែលធ្វើឲ្យ មនុស្សឆាប់ចាស់ដែរ ។

តាមរយៈការស្រាវជ្រាវនេះ អ្នកវិទ្យាសាស្ត្រ បានធ្វើការ សិក្សាលើ គំរូ DNA រាប់ពាន់ ហើយបាន រកឃើញថា មនុស្សដែលពិសាភេសជ្ជៈ ត្រជាក់មាន ជាតិស្ករច្រើន អាចធ្វើឲ្យ សឹករិចរិល Telomeres (ដែលជាទំរង់ តូចៗ ដែលការពារ DNA ពីការបំផ្លាញ និង ធ្វើឲ្យមានសុខភាពល្អ )។ អ្នកវិទ្យាសាស្ត្រ បានបង្ហាញថា នៅពេលមនុស្ស មានវ័យចាស់ Telomeres នេះគឺកាន់តែខ្លីនិងតូចទៅៗ ដែលបណ្តាលឲ្យDNA មនុស្សខូចខាត ជាហេតុធ្វើ មនុស្ស មានវ័យចាស់ និង ប្រឈមបញ្ហាជាច្រើន ដូចជា ជំងឺ ភ្លេចភ្លាំង ជំងឺទឹកនោមផ្អែម និង ជំងឺបេះដូងជាដើម។ លើសពីនេះ ការសិក្សានេះ ក៏បាន បង្ហាញថា មនុស្សដែលជាប្រចាំ ចូលចិត្ត ពិសាភេសជ្ជៈ ត្រជាក់មានជាតិស្ករច្រើន អាចបណ្តាលធ្វើ Telomeres នេះកាន់តែខ្លីៗទៅ ជាងមនុស្សមិន សូវពិសា ផងដែរ ។

រូបភាពៈ គំរូ DNA ដែលបង្ហាញពី Telomeres (ពណ៌ប្រផេះ)

ក្នុងការសិក្សានេះ បានធ្វើការពិសោធន៍ Telomeres នៃមនុស្ស ចូលរួមចំនួន ៥,៣០៩នាក់ មានអាយុ ចន្លោះពី២០ទៅ ៦៥ឆ្នាំ ដែលគ្មានប្រវត្តិមាន ជំងឺ ទឹកនោមផ្អែម និង ជំងឺបេះដូងពីមុនមក។ ជាលទ្ធផល នៃការស្រាវជ្រាវនេះ បានបង្ហាញថា មនុស្សដែលបានពិសា ភេសជ្ជៈឬ ទឹកក្រូចមានជាតិ ស្ករ ច្រើន ដែលស្មើ នឹង ២កំប៉ុង ក្នុងមួយថ្ងៃ អាចនឹងមាន DNA នៃកោសិកា រាងកាយផ្លាស់ប្តូរ ធ្វើឲ្យចាស់ជាងវ័យ ជិត ៥ ឆ្នាំ។

យ៉ាងណាមិញ សាស្ត្រាចារ្យ Elissa Epel នៃសាកលវិទ្យាល័យ California និង លោកវេជ្ជបណ្ឌិត Cindy Leung ក៏និយាយថា ការទទួលទាន ភេសជ្ជៈ មានជាតិស្ករច្រើន ពិតជាអាចធ្វើឲ្យ ឆាប់ចាស់ ហើយ សាស្ត្រាចារ្យ Elissa Epel ក៏បានព្រមានថា កត្តា នៃការទទួលទានភេសជ្ជៈ មានជាតិស្ករច្រើន ក៏ប្រហែលជា អាចបណ្តាល ឲ្យ Telomeres កាន់តែខ្លីៗទៅ ចំពោះ កុមារតូចៗ ដែលចូលចិត្ត ពិសាផងដែរ ។

លើសពីនេះទៀត អ្នកស្រាវជ្រាវ ក៏បានសរសេរ នៅក្នុង ទស្សនាវដ្តីសុខភាពរបស់សហរដ្ឋអាមេរិក មួយ បានលើកឡើងថាលទ្ធផលនៃ Telomeres កាន់តែខ្លីៗទៅ គឺបានកើតឡើងចំពោះ មនុស្សដែល ជក់បារី ហើយនេះអាចបង្ហាញថា ការទទួលទានភេសជ្ជៈមាន ជាតិស្ករ ច្រើន ក៏អាចធ្វើ ឆាប់ចាស់ ដូចជាការជក់បារី ផងដែរ ៕


តើប្រិយមិត្តយល់ដូចម្តេចដែរ?

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]