រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូ ចូលទៅក្នុងវត្តសន្សំកុសល ដោយបានធ្វើ សកម្មភាពដ៍ចម្លែក បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ព្រះសង្ឃ កូនសិស្សលោក រួមទាំងសមត្ថកិច្ច ចុះទៅពិនិត្យ និងសួរដេញដោល ទាំងកណ្តាលអាធ្រាត្រ ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១២ និង ៣០នាទីអាធ្រាត្រ ថ្ងៃទី២១ តុលា ២០១៤ នៅក្នុងវត្តសន្សំកុសល ស្ថិតក្នុង ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

តាមរយៈកាតសម្គាល់ខ្លួន បុរសខាងលើនេះ ត្រូវបានគេស្គាល់ ឈ្មោះ នួន វណ្ណៈ ធ្វើការនៅក្នុងរដ្ឋសភា នៅអគ្គនាយកដ្ឋានរដ្ឋបាល ហិរញ្ញវត្ថុ (អ.រ.ស) នាយកដ្ឋានពិធីការ ដែលមានមុខតំណែង ជាមន្រ្តីទំនាក់ទំនងទូទៅ ។ បុរសខាងលើមាន ទីលំនៅផ្ទះលេខ 9M ផ្លូវបេតុង ភូមិតាងូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ប្រភពព័ត៌មានពីព្រះសង្ឃ គង់ក្នុងវត្តសន្សំកុសល បានមានសង្ឃដីកា ឱ្យដឹងថា នៅមុនពេលកើតហតុ គឺបុរសខាងលើ បានជិះម៉ូតូ ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ AI-2920 បានជិះចូលមកក្នុងវត្ត ទាំងកណ្តាលអាធ្រាត្រ ដោយសួរទៅ កូនសិស្សលោកថា ចង់មកនិមន្តលោក ស្រោចទឹកឱ្យ និងបាននិយាយថា ចង់ឡើងទៅលើកុដទី៨ ។ ពេលនោះកូនសិស្សលោក បានចង្អុលប្រាប់ ទៅកុដទី៨ តែបែរជាបុរសម្នាក់នោះ ឡើងទៅលើកុដទី២ ហើយក៏បានចុះមកដីវិញ ។ បន្ទាប់មក បុរសខាងលើនេះ បានទុកម៉ូតូចោល ទៅសម្ងំអង្គុយឱបដៃ នៅមុខចេតីយ៍ធំ នៅក្នុងវត្តទាំង ស្ថានភាពងងឹតស្លុប ដែលបង្កឱ្យមាន ការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចចុះមកពិនិត្យ និងធ្វើសាកសួរ តែបុរសខាងលើ មិនបាននិយាយ អ្វីទាំងអស់ ។

មួយសន្ទុុះក្រោយមក ក្រុមអ្នកសារព័ត៌មាន ទៅដល់បានបើកភ្លើងហ្វា ដើម្បីថតរូប បុរសខាងលើនោះ ស្រាប់តែឃើញ សុទ្ធតែសត្វមូសរោម និងខាំបុរសខាងលើ ឡើងខ្មៅងងឹត តែបុរសនោះ ធ្វើជាមិនដឹង គិតតែពីអង្គុយឱបដៃ គ្រវីក្បាលតែប៉ុណ្ណោះ ។ អ្វីដែលគួរ ឱ្យចម្លែកទៀតនោះ គឺបុរសខាងលើ បានសួរទៅព្រះសង្ឍ និងកូនសិស្សលោក ថា <<នៅក្នុងវត្តនេះ មានកន្លែងដេកអត់ គាត់ចង់ដេក មុខព្រះអង្គធំ ព្រោះដេកមុខព្រះអង្គធំ លក់ស្រួល >> បុរសខាងលើ ក៏បាននិយាយ ឱ្យដឹងទៀតថា មានមនុស្សចង់ធ្វើបាប មកលើរូបគាត់។ ដោយសារសកម្មភាព បុរសខាងលើមានភាព មិនច្បាស់លាស់នោះ ព្រះសង្ឃមិនហាន អនុញ្ញាតឱ្យគេង ស្នាក់អាស្រ័យ ក្នុងព្រះវិហារនោះទេ ។ ពេលនោះដែរ ក្រុមអ្នកសារព័ត៌មាន បានសួរទៅ បុរសខាងលើថា <<ពូទៅផ្ទះអត់ ខ្ញុំជូនទៅ >>? រំពេចនោះបុរសខាងលើ ក៏បានទាញម៉ូតូ ឡើងជិះចេញ ទៅយ៉ាងលឿន មិននិយាយអ្វីទាំងអស់ ដោយបន្សល់ទុក នៅតែចម្ងល់ថា តើបុរសរូបនេះ មកក្នុងវត្ត ធ្វើសកកម្មភាព យ៉ាងចម្លែកទាំង កណ្តាលអាធ្រាត្រ ក្នុងគោលបំណង អ្វីពិតប្រាកដ ?



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]