រាជធានីភ្នំពេញ ៖ បុរសពីរនាក់ បានរងរបួសធ្ងន់ និងបុរសម្នាក់ទៀត រងរបួសស្រាល បន្ទាប់ពីជួបហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើង រវាងម៉ូតូពីរគ្រឿង បើកកៀរ និងទាក់ដៃចង្កូតគ្នា ដួលលើផ្លូវពេញទំហឹង កាលពីវេលាម៉ោង ៨ និង៥០នាទី យប់ ថ្ងៃទី២០ តុលា ២០១៤ នៅចំណុចមុខ សាលាកូលាប តាមផ្លូវព្រះស៊ីសុវត្ត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូ ធុនធំមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BX-7222 ជិះដោយបុរសម្នាក់ ធ្វើដំណើរតាមផ្លូវ ព្រះស៊ីសុវត្តិ ក្នុងទិសដៅ ពីត្បូងទៅជើង ខណៈមកដល់ ចំណុចកើតហេតុ មានម៉ូតូស៊ុយស៊ូគីនិច ពណ៌ក្រហម មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1CC-6658 ជិះដោយបុរសពីរនាក់ ដោយបើកយ៉ាងលឿន តាមផ្លូវព្រះស៊ីសុវត្តិ ក្នុងទិសដៅស្របគ្នា បានបើកមកកៀរ និងទាក់ដៃចង្កូត ជាមួយម៉ូតូធុនធំ បណ្តាលឱ្យម៉ូតូ ទាំងពីរគ្រឿង ដួលបោកទៅលើផ្លូវ ខ្ទេចផ្នែកខាងមុខ ម៉ូតូស៊ុយស៊ូគីនិច ស្ទើរទាំងស្រុង ហើយអ្នកជិះ រងរបួសធ្ងន់ទាំងពីរនាក់ ចំណែកម៉ូតូធុនធំ រងការខូចខាតតិចតួច ហើយអ្នកជិះ រងរបួសស្រាល ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវសមត្ថកិច្ច យកទៅរក្សាទុក នៅការិយាល័យ ចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នា តាមនិតិវិធីច្បាប់ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]