ម៉ិកស៊ិក៖ តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់ ដែលចូលចិត្ត ធ្វើអ្វីប្លែកៗ បានសាក់រូប និង ចោះដាក់ដែក ពេញមុខ ហើយថែមទាំង ចាក់ដុំពកដូចស្នែង នៅលើថ្ងាស រហូតដល់ ក្រុមគ្រួសារ លែងទទួលស្គាល់ ថែមទៀត។

បុរសដែលចាក់ដុំពក នៅលើថ្ងាសនោះ មានឈ្មោះថា Caim Mortis អាយុ៤២ឆ្នាំ ជាជនជាតិកូឡុំប៊ី បានសាក់រង្វង់ខ្មៅ នៅត្រង់ភ្នែក និង ចោះរន្ធដាក់ដែក ពេញមាត់ ដែលមើលទៅ គួរឲ្យខ្លាច ហើយ អ្នកគ្រប់គ្នា ហៅគាត់ ថាជាបិសាច។ លោក Caim បានចំណាយពេល ១១ឆ្នាំ ដើម្បីកែប្រែ រាងកាយ របស់គាត់ ទៅតាមអ្វី ដែលគាត់ចង់បាន ដោយគាត់មិនត្រឹមតែ ចាក់ដុំពក នៅលើថ្ងាសប៉ុណ្ណោះទេ គឺបានចាក់នៅ លើសៀតផ្កា និង កំពួនដៃជាច្រើនដុំ ថែមទៀតផង។

ជាមួយគ្នានេះដែរ ដោយសារតែការ ផ្លាស់ប្តូរចម្លែកៗ នៅលើរាងកាយ លោក Caim ត្រូវបានក្រុមគ្រួសារ ដែលជឿលើ សាសនាកាតូលិក លែងទទួលស្គាល់ ទើបគាត់ ត្រូវចាកចេញ ពីប្រទេសកូឡុំប៊ី ទៅកាន់ ប្រទេសម៉ិកស៊ិក ព្រោះទីនោះ គេទទួលស្គាល់ មនុស្សដូចគាត់ច្រើន។ ក្នុងនោះដែរ លោក Caim បាននិយាយថា “នៅពេលដែល មនុស្សគ្រប់គ្នា បានឃើញខ្ញុំលើកដំបូង ពួកគេតក់ស្លុត និងភ្ញាក់ផ្អើល យ៉ាងខ្លាំង ហើយសំនួរដំបូង ដែលពួកគេសួរខ្ញុំគឺ តើខ្ញុំឈឺទេ? អ្នកណាជាអ្នកធ្វើវា?”។

លោក Caim ក៏បានឲ្យដឹងដែរថា អ្វីដែលធ្វើឲ្យគាត់ កែប្រែខ្លួនទៅជាយ៉ាងនេះ គឺព្រោះតែគាត់ ចង់ឲ្យខ្លួនឯងប្លែក ខុសពីគេ និងមានតែមួយ នៅលើពិភពលោក។ លើសពីនេះទៅទៀត គាត់ក៏បានជួយ មនុស្សដែលមាន និស្ស័យដូចគាត់ ឲ្យធ្វើការជាមួយគាត់ ជាអ្នកសាក់រូប និង គូរ រូបលើរាងកាយផងដែរ។

យ៉ាងណាមិញ នៅពេលនេះ លោក Caim ក៏បានចាប់អាជីពថ្មីមួយទៀត គឺជា ឌីជេ (DJ) Halloween និង ជាតួអង្គនៅក្នុង កម្មវិធី Halloween តែម្តង ដែលពុំចាំបាច់ តុបតែងមុខមាត់ និង ពាក់របាំងមុខ អ្វីទាំងអស់នៅក្នុង កម្មវិធីនោះ៕









ប្រភព៖ ដេលីម៉េល

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]