រាជធានីភ្នំពេញ ៖ តារាកំប្លែងវ័យក្មេង ប្រចាំក្រុមនាយកុយ ដែលលេចធ្លោ អ្នកនាង ប្រិមប្រិយ កាលពីមួយរយៈមុន បានបង្កើតចំណងស្នេហា ជាមួយថៅកែ បៀហ្គាឌិន ល្បីឈ្មោះ មួយកន្លែង នៅម្តុំបឹងត្របែក ។  ប៉ុន្តែកម្រងស្នេហ៍ បានដួលរលំទៅវិញ ព្រោះតែមានមនុស្សថ្មី ជ្រែកស្នេហ៍ ដោយម្នាក់ៗ នៅបែកគ្នាអស់រាប់ខែ ។ ទំនងនៅដិតដាបស្នេហ៍ចាស់ ប្រកបដោយភាពផ្អែមល្ហែម ប្រិមប្រិយ និងថៅកែបៀហ្គាឌិន វ័យក្មេងរាងសង្ហាម្នាក់នោះ ក៏ផ្តើមត្រូវដងត្រូវផ្លែ ទទួលយកស្នេហាចាស់ ជាមួយគ្នាឡើយវិញ ឈប់ងើយមុខ បែរខ្នងដាក់គ្នា ។ ម្ល៉ោះហើយទើបអ្នកស្គាល់ តារាកំប្លែងប្រិមប្រិយ ទៅមកៗគេចមិនផុត ពីមន្តស្នេហ៍ថៅកែម្នាក់នោះ។

តារាកំប្លែងនាង ម៉ក់ សុគន្ឋស្រីនិច ហៅប្រិមប្រិយ កូនស្រីលោកម៉ក់ សុគន្ឋ អ្នកដឹកនាំក្រុមល្ខោន ព្រោះថា តារាកំប្លែងម្នាក់នេះ ជាស្ត្រីមេម៉ាយកូនមួយ ដែលធ្លាប់ជូរចត់ និងស្នេហាដំបូង រហូតឈានដល់ការ បែកបាក់គ្នា នៅផ្លូវម្ខាងម្នាក់ ។  ប៉ុន្តែអាចជាភ័ព្វសំណាង របស់នាងមួយ ដែលនៅមានរូបសម្រស់ ស្រស់សោភា ទោះជាមេម៉ាយ មានកូនស្រីមួយមែន ប៉ុន្តែនាងនៅទទួលបាន ការពេញចិត្តស្រឡាញ់ ថ្នាក់ថ្នមពីសំណាក់ លោកថៅកែបៀហ្គាឌិន នៅវ័យក្មេង រាងសង្ហា និងនៅកំលោះខ្លួនមួយ បើកចិត្តស្រឡាញ់  ដោយមិនបានគិត រឿងស្នាមអតីតកាល ឲ្យប្រិមប្រិយចម្បែងចិត្ត នោះឡើយ ។

អ៊ីចឹងហើយទើប ប្រិមប្រិយ ហ៊ានលាតត្រដាងស្នេហា ជាមួយថៅកែធំនោះ ប្រាប់សារព័ត៌មាន រហូតទាំងអ្នកនៅក្នុងសង្គមសិល្បៈ ដឹងរឿងនេះ ម្នាក់ៗអត់សរសើរមិនបាន ពីលាភសំណាង ដែលនាងអាចទាញចិត្ត កំលោះថៅកែហាង ឲ្យបាក់ទន់ស្នេហ៍បាន ។ អ្វីដែលធ្លាប់ធ្វើឲ្យមហាជន ក៏ដូចជាអ្នកសិល្បៈ ភ្ញាក់ផ្អើល ភាពស្និតស្នាលនោះ ស្រាប់តែរង្គោះរង្គើរម្នាក់ៗ ស្រាប់តែដាច់ខាត ឈប់រវីរវល់ដាក់គ្នា ធ្វើឲ្យមានការចាប់អារម្មណ៍ ហើយតាំងពីប្រិមប្រិយ ដាច់គ្នាជាមួយថៅកែ បៀហ្គាឌិននោះមក នាងស្រាប់តែមិនសូវ ជាស្រឡះចិត្តប៉ុន្មាននោះទេ រឿងគេចមុខពីមហាជន និងអ្នកកាសែត ក្នុងការតាមសួរនាំ ទាំងរូបផ្ទាល់ខ្លួន ក៏នាងកម្រនឹងឲ្យសារព័ត៌មាន ថតបានដោយស្រួល ដូចពីដំបូងឡើយ។

អ្នក មេម៉ាយកូនមួយ ម៉ក់ សុគន្ឋស្រីនិច ហៅប្រិមប្រិយ ដែលនៅមានរូបសម្រស់ គួរឲ្យគយគន់ សាច់សខ្ជី អាចបន្ទន់ចិត្តគូស្នេហ៍ ឲ្យស្រឡាញ់ថ្នមចិត្ត បានលើកឡើងថា «កាលពីមួយរយៈ មុន ពេលនាងចូលលេងកំប្លែងដំបូងៗ ជាមួយលោកពូកុយ  ពិតជាមានការប្រាស្រ័យ ទាក់ទងស្នេហា ជាមួយថៅកែបៀហ្គាឌិន នោះមែន ។  ពួកយើងទាំង២ ហាក់យល់ចិត្តគ្នាច្រើន ពេលនោះទោះជាដឹងថា នាងមានកូន១ តែនៅមិនមានអ្វីរំខានក្នុងចិត្ត អាចបង្អាក់ដំណើរស្នេហាបាននោះទេ ។ ពេលនោះស្នេហានាង ស្រាប់តែត្រូវបានបែកធ្លាយ ដល់មហាជន បានដឹងរាប់ទាំងសារព័ត៌មាន ទើបនាងបានឯកភាព ទទួលដឹងឮរឿងស្នេហានេះ ប្រាប់គេឯងវិញ ។ ដោយសារតែម្នាក់ៗ មានការយល់ច្រឡំគ្នា ព្រោះកន្លងមក មានបុរសម្នាក់ស្គាល់នាង បានចូលមករាប់អានគ្នា តែនោះជាការរាប់អាន បែបសាមញ្ញទេ ។ ប៉ុន្តែមិនដឹងជាយ៉ាងណា ពួកយើងស្រាប់តែយល់ខុស រឿងនោះ ដែលមានការយល់ថា មានអ្នកជ្រៀតជ្រែក ក៏បានបែកគ្នា មួយរយៈអស់ជាច្រើនខែ» ។

តារាដែលចេះទាំង សិល្បៈល្ខោន និងកំប្លែងរូបនេះ ថ្លែងទៀតថា «ឥឡូវ នេះយើងទាំង២ ផុតពីបញ្ហាខ្វែងគំនិតគ្នាទៀត ហើយក្រោយពេល យល់ពីមូលហេតុហើយ បុរសដែលថា មកធ្វើឲ្យសង្វាក់ស្នេហានាងចង់ដួលនោះ ក៏គ្មានគិតអ្វី លើសពីមិត្តភាព បន្ទាប់ពីនាងក៏យល់ថា មិនអាចស្រឡាញ់ទៅវិញ បានក្រៅពីបែបធម្មតាៗ។  ប៉ុន្តែពេលនេះ ខ្ញុំនិងគូស្នេហ៍ ពិតជាត្រូវគ្នាវិញ ដោយសព្វថ្ងៃ នៅមិនទាន់ឆ្លងដល់ រឿងគិតដល់ការសំពះផ្ទឹម អ្វីនៅឡើយទេ គ្រាន់តែចាស់ៗ គាត់បានដឹងដែរ ។ ម្នាក់ៗចង់ទុកពេលខំប្រឹង រកប្រាក់សិន ចាំគិតរឿងរៀបការ សំខាន់យើងអាចល្អនឹងគ្នាវិញ ជារឿងមួយប្រសើរ ហើយកន្លងមកបញ្ហានេះ មានគេសួរនាំដែរ ខ្លះគិតថា នាងលាក់បាំងជីវិតឯកជន ពេលបានល្បី ។ ជាក់ស្តែងពេលនេះ ដូចជាគ្មានអ្វីបិទបាំងនោះទេ ព្រោះនាងមិនចង់ឲ្យ គេឆ្ងល់មានអ្វីត្រូវឲ្យដឹង ដើម្បីខ្លួនឯង ក៏មានអារម្មណ៍ស្រឡះខ្លួន លែងគិត ឬគេច ជាក់ស្តែងពេលនេះ បងប្អូន និងសារព័ត៌មាន ពិតជាបានជ្រាប និងរំសាយចិត្ត ពីព័ត៌មានស្នេហា ដោយនាងសូមបញ្ជាក់ថា បុរសជាគូស្នេហ៍នាង ពីមុនជាម្ចាស់ហាង «បុប្ជាជាយដែន»   តែឥឡូវប្តូរទីតាំង និងឈ្មោះថ្មី ជាភោជនីយដ្ឋាន «ពិភពរាត្រីថ្មី» នៅខាងក្រោយភោជនីយដ្ឋាន ស្ប៉ាក ឬក្បែរស៊ុបម្លប់ស្វាយ៩៩ ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]