ខេត្តឧត្តរមានជ័យ ៖ សពក្មេងស្រីជំទង់ម្នាក់ ក្នុងចំណោមមនុស្ស៩នាក់ ដែលបានបបួលគ្នា ទៅលេងកម្សាន្តទឹកធ្លាក់ នៅក្បាលជ្រោះអូរស្វាយ ស្ថិតនៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ កាលពីអំឡុង រដូវភ្ជុំបិណ្ឌ ត្រូវបានសាច់ញាតិ រុករកឃើញ កាលពីរសៀល ថ្ងៃទី១៨ តុលា ២០១៤ បន្ទាប់ពីទឹកកួចបាត់ខ្លួន រយៈពេលមួយខែ ។

ប្រភពពីស្ត្រីម្នាក់ ឈ្មោះ ហឿ សុយាត្រា អាយុ២៤ឆ្នាំ ជាគ្រូបង្រៀន មានទីលំនៅ ក្នុងស្រុកបន្ទាយអំពិល បានរៀបរាប់ថា នៅក្នុងរដូវភ្ជុំបិណ្ឌ ពួកខ្លួនបានបបួលគ្នីគ្នា មានប្រុសមានស្រី ចំនួន៩នាក់ ទៅលេងកម្សាន្តទឹកធ្លាក់ នៅចង្កេះភ្នំដងរ៉ែក ដែលគេហៅថា ទឹកធ្លាក់ក្បាលអូរស្វាយ តាំងពីព្រឹក រហូតមកទល់ ពេលរសៀល ស្រាប់តែមេឃពណ៌ខ្មៅងងឹត បន្ទាប់មកមានភ្លៀងធ្លាក់ មួយមេធំ ទឹកជន់ហូរយ៉ាងខ្លាំង កួចឆក់យកជីវិត មនុស្សចំនួន២នាក់ និងរងរបួសស្រាល២នាក់ ។

អ្នកស្លាប់ទី១-ឈ្មោះ ហឿ ចរិយា ភេទស្រី អាយុ១៤ឆ្នាំ ត្រូវជាប្អូនស្រីបង្កើត និងទី២-ឈ្មោះផាត សាវ៉ាត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅក្នុង ភូមិពរពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ។

ស្ត្រីដដែលបញ្ជាក់ថា នៅពេលកើតហេតុនោះ សពបុរសឈ្មោះ ផាត សាវ៉ាត ត្រូវបានបងប្អូនសាច់ញាតិ នាំគ្នារុករកឃើញ ដោយឡែកសពប្អូនស្រី ឈ្មោះហឿ ចរិយា អាយុ១៤ឆ្នាំ ដែលបានបាត់ខ្លួននោះ ចាប់ពីរដូវភ្ជុំបិណ្ឌមក បើគិតមកដល់ពេលនេះ មានរយៈពេល១ខែហើយ នៅពេលទឹកស្រកទៅវិញ បានបបួលគ្នីគ្នា ទៅរុករកសារជាថ្មីម្តងទៀត កាលពីរសៀល ថ្ងៃទី១៨ តុលា ទើបបានប្រទះឃើញ សពប្អូនស្រី នៅក្រោមផ្ទាំងថ្មធំមួយ និងមានឬសឈើ នៅពីលើកៀបជាប់ ដោយសព មានរូបរាងកាយអាក្រាត មិនមានសំលៀកបំពាក់ នៅជាប់ខ្លួន ថែមទាំងមានផ្សិតដុះ ពាសពេញតែខ្លួន ត្រូវបាននាំយក មកធ្វើបុណ្យ ទៅតាមប្រពៃណី នៅឯភូមិឃុំ ស្រុកកំណើតខាងលើ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]