ខេត្តកំពត ៖ សពស្ត្រី២នាក់ ត្រូវបានអាជ្ញាធរ ខេត្តគៀងយ៉ាង ដឹកឆ្លងកាត់ តាមច្រកទ្វារអន្តរជាតិ ព្រែកចាក ប្រគល់ឱ្យក្រុមគ្រួសារ និងអាជ្ញាធរខ្មែរ កាលពីព្រឹក ថ្ងៃទី១៨ តុលា ។ គ្រោះថ្នាក់រហូតដល់ស្លាប់ ស្ត្រី២នាក់នេះ បានកើតទ្បើង នៅក្នុងសមុទ្រ ខណៈទៅនេសាទត្រី នៅចំណុចជិត កោះសេះ ក្នុងដែនសមុទ្រខ្មែរ ហើយត្រូវទូកនេសាទ វៀតណាមបុក រីឯបុរសជាប្តី ត្រូវបានអ្នកនេសាទវៀតណាម ជួយសង្គ្រោះភ្លាមៗ ។

ទាក់ទិននឹងការបុកនេះ មិនមានរបាយការណ៍ណាមួយ ប្រាប់ឱ្យដឹងថា បានកើតទ្បើង បែបណាទេ ដោយគ្រាន់តែដឹងថា ទូកនេសាទខ្មែរ បានចតដាក់លបក្តាម ស្រាប់តែមានការបុកនេះ កើតទ្បើងតែម្តង ។ ហេតុការណ៍នេះ បានកើតទ្បើង កាលពីវេលាម៉ោង ប្រហែល១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ តុលា ។

ស្ត្រីទាំង២នាក់ដែលស្លាប់ នៅកណ្តាលសមុទ្រនេះ ម្នាក់ឈ្មោះ អូវ សុខុន អាយុ៥០ឆ្នាំ និងម្នាក់ទៀត ជាប្អូនឈ្មោះ អូវ ឃន អាយុ៣៩ឆ្នាំ ។ រីឯបុរសឈ្មោះ រេម រ៉េន អាយុ៥១ឆ្នាំ ជាប្តីស្ត្រីឈ្មោះ អូវ សុខុន ត្រូវបានទូកវៀតណាម ជួយសង្គ្រោះទាន់ពេលវេលា ។ អ្នកស្លាប់ទាំង២នាក់ រស់នៅភូមិ កោះក្រស្នា ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ។

លោក ចាន់ ភក្តី នាយស្តីទីប៉ុស្តិ៍នគរបាល ឃុំឫស្សីស្រុកខាងលិច មានប្រសាសន៍ថា អាជ្ញាធរវៀតណាម នៅព្រឹកថ្ងៃទី១៨ តុលា បានដឹកសព ស្ត្រី២នាក់ ជាបងប្អូនបង្កើតនឹងគ្នានេះ ប្រគល់ឱ្យអាជ្ញាធរកម្ពុជា ។

ឧប្បត្តិហេតុគ្រោះថ្នាក់ កើតទ្បើងកាលពីវេលា រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ តុលា ប៉ុន្តែសពស្ត្រីទាំង២នាក់ អាជ្ញាធរវៀតណាម រកមិនឃើញ ទើបតែនៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១៧ តុលា ទើបប្រទះឃើញសព អណ្តែតទឹក ក៏ដឹកយកមកប្រគល់ ឱ្យអាជ្ញាធរកម្ពុជា និងក្រុមគ្រួសារជនរងគ្រោះ ។

ជាមួយនឹងការដឹកសព មកប្រគល់ឱ្យនេះដែរ អាជ្ញាធរខេត្តគៀងយ៉ាង ក៏បានឧបត្ថម្ភ ដល់គ្រួសារសពទាំង២នាក់ ចំនួន៣០០លានដុង ដើម្បីរៀបចំ ធ្វើបុណ្យតាមប្រពៃណី ៕

សពស្ត្រី២នាក់បងប្អូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]