រាជធានីភ្នំពេញ ៖ ជនសង្ស័យវាយប្លន់ យកម៉ូតូម្នាក់ ក្នុងចំណោមពីរនាក់ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួនបាន ក្រោយពេលធ្វើ សកម្មភាពវាយប្លន់យក ម៉ូតូរបស់ជនរងគ្រោះ ពីរនាក់បងប្អូន ចំណែកជនសង្ស័យ ម្នាក់ទៀតរត់គេចខ្លួន បាត់ស្រមោល ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី១៩ តុលា ២០១៤ នៅចំណុចក្រោយ វត្តវង្គតបូរី តាមផ្លូវ២០០២ ស្ថិតក្នុង ភូមិផ្សារទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យមានឈ្មោះ ឈូក សុខា អាយុ២៧ឆ្នាំ ទើបចេញពី ពន្ធធនាគារបាន៦ខែ និងស្នាក់ផ្ទះជួល ក្បែរកន្លែងកើតហេតុ ។ ចំណែកជនរងគ្រោះ ទី១, ឈ្មោះ ឡេង រិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ និងជនរងគ្រោះទី២. ឈ្មោះ ឡេង នី ភេទស្រី អាយុ២៥ឆ្នាំ ។ ជនរងគ្រោះ ជាបងប្អូនគ្នា មានមុខរបរជា កម្មកររោងចក្រ និងស្នាក់នៅបន្ទប់ជួល ក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីជនរងគ្រោះ ទាំងពីរនាក់បងប្អូន បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ ពីរនាក់បងប្អូន បានជិះម៉ូតូហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AA-3454 ទៅទិញម្ហូប ដោយប្អូនប្រុស ជាអ្នកឌុប ហើយបងស្រី ជិះពីក្រោយ ខណៈជិះម៉ូតូ បានជិត២គីឡូម៉ែត្រ ស្រាប់តែម៉ូតូបែកកង់ ហើយជនរងគ្រោះ ពីរនាក់បងប្អូន ក៏នាំគ្នាបណ្តើរម៉ូតូ មកដល់ក្រោយ វត្តវង្គតបូរី ដើម្បីរកជាងប៉ះ។ ពេលនោះក៏មាន ជនសង្ស័យពីរនាក់ ដើរមកស្ទាក់ផ្លូវ ហើយបានថាឱ្យ ជនរងគ្រោះជា ចោរលួចម៉ូតូគេ បន្ទាប់មកជនសង្ស័យ បានវាយទៅលើ ជនរងគ្រោះជាប្អូន បួនប្រាំដៃកណ្តាលមុខ ជនរងគ្រោះ ទ្រាំមិនបានក៏ បានវាយតដៃទៅវិញ តែវាយមិនឈ្នះ ជនសង្ស័យនោះទេ ក៏សម្រេចចិត្ត នាំបងប្អូនរត់ចោល ម៉ូតូគេចចេញពី ក្រុមជនសង្ស័យ។

បន្ទាប់ពីជនរងគ្រោះ រត់អស់ហើយនោះ ក្រុមជនសង្ស័យ បានជិះម៉ូតូជនរងគ្រោះ យកទៅលាក់ទុក នៅក្នុងផ្ទះជួល ក្បែរកន្លែង កើតហេតុ ។ ចំណែកជនរងគ្រោះវិញ បន្ទាប់ពីរត់គេចខ្លួន ពីក្រុមជនសង្ស័យនោះ ក៏បានទៅ ជួបប្រទះជាមួយនឹង នគរបាលកំពុង ជិះម៉ូតូល្បាត ក្នុងតាមមូលដ្ឋាន ក៍មានការភ្ញាក់ផ្អើល ហើយនគរបាល ក៏បានចេញតាម ចាប់ជនសង្ស័យ ភ្លាមៗតែម្តង ។ ដោយសារតែម៉ូតូ របស់ជនរងគ្រោះ បែកកង់នោះ ធ្វើឱ្យសមត្ថកិច្ច ស្រួលកំណត់មុខសញ្ញា ដោយសមត្ថកិច្ច បានធ្វើការសាកសួរ ប្រជាពលរដ្ឋតាមផ្លូវ ពេលនោះប្រជាពលរដ្ឋ ក៏ប្រាប់ថាឃើញ ជនសង្ស័យ ជិះយកចូលទៅក្នុង បន្ទប់ជួលហើយ ។ គ្រាន់តែទទួលបាន ព័ត៌មានភ្លាមនោះ កម្លាំងនគរបាល ក៏បានចូលទៅឆែកឆេរ បន្ទប់ជួលរបស់ ជនសង្ស័យ និងបានឃាត់ខ្លួន ជនសង្ស័យម្នាក់ រួមទាំងដកយក ម៉ូតូរបស់ ជនរងគ្រោះមកវិញ ចំណែកជនសង្ស័យ ម្នាក់ទៀតបាន រត់គេចខ្លួនបាត់ ស្រមោលតែម្តង ។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបាននគរបាល បញ្ជូនខ្លួនទៅកាន់ ប៉ុស្តិ៍នគរបាល រដ្ឋបាលទឹកថ្លា ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]