កណ្តាល ៖ បុរសម្នាក់ បាននាំកូនស្រី ទៅបង់សំណាញ់ ស្រាប់តែធ្វេសប្រហែស មិនបាន មើល ក៏លង់ទឹកស្លាប់ តែម្តង ហើយសពត្រូវ បានប្រជាពលរដ្ឋ អ្នកនេសាទ ប្រទះឃើញ អណ្តែតទឹក កាលពីវេលាម៉ោង ៤ រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅចំណុច មាត់ទន្លេបាសាក់ ស្ថិតក្នុង ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ លោក យិន ហៀង អាយុ៥២ឆ្នាំ ជាឪពុក បាននាំកូនស្រីឈ្មោះ ហៀង សុខមួយ អាយុ១១ឆ្នាំ ទៅបង់សំណាញ់ ។ សមត្ថកិច្ច បានបន្តទៀតថា ពេលកំពុងបង់ សំណាញ់នោះ កូនស្រី ចុះលេងទឹក បន្ទាប់មកឪពុក ភ្លេចខ្លួនក៏បាត់កូនស្រី ដោយឃើញ តែស្បែកជើង នៅលើគោក រួចក៏ផ្អើលឆោឡោ រាវរកក្នុងទឹក នឹងដើរកតែមិនឃើញ ។

សមត្ថកិច្ចបាន បញ្ជាក់ថា  លុះដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ វេលា ម៉ោង ១៦.០០នាទី អ្នកនេសាទត្រី ក៏ប្រទះឃើញ សាកសព ក្មេងស្រី អណ្ដែត នៅចំណុច ច្រាំងទន្លេ ស្ថិតនៅ ភូមិកណ្ដាលកោះខាងកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល ។

ក្រោយពីជំនាញ បច្ចេកទេសស្រុក ពិនិត្យសពរួច ក៏ប្រគល់សព ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]