រាជធានីភ្នំពេញ៖ ទំនាក់ទំនង រវាងប្រទេសកម្ពុជា និង សាធារណៈរដ្ឋកូរ៉េ មានការរីកចំរើន យ៉ាងខ្លាំងដល់កំរិតមួយ គួរឲ្យកត់សំគាល់លើគ្រប់ វិស័យ ជាពិសេស លើវិស័យពាណិជ្ជកម្ម និង វិស័យ ទេសចរណ៍។ ក្នុងនោះដែរ ប្រជាពលរដ្ឋ របស់ប្រទេសទាំងពីរ កំពុងតែ ធ្វើការបំរើគ្នាទៅ វិញទៅមក ដែលក្នុងនោះ បើតាម ពលរដ្ឋ ខ្មែរកំពុងរស់នៅ និង ធ្វើការងារនៅកូរ៉េ មានប្រហែល ១ម៉ឺន២ពាន់នាក់ ខណៈ ពលរដ្ឋកូរ៉េធ្វើ ការនៅកម្ពុជា មានប្រហែល ៨ពាន់នាក់ នេះបើតាមឯកសារ របស់សា្ថនទូតសាធាណរៈរដ្ឋកូរ៉េ។

យ៉ាងណាមិញ កាលពីថ្ងៃសៅរ៍ ទី ១៨ ខែ តុលា ឆ្នាំ២០១៤នេះ កម្ពុជា និង កូរ៉េ បានរៀបចំ ការប្រកួតកីឡា ក្រោមប្រធានបទ “បេះដូងតែមួយ” ឬ“ ចិត្តតែមួយ” ជាលើកដំបូងក្នុងឆ្នាំ២០១៤នេះ ដែលកម្មវិធីនេះ បានផ្តួចផ្តើមឡើងដោយ ស្ថានទូតសាធារណៈកូរ៉េប្រចាំនៅកម្ពុជា ដោយមាន ការចូលរួម ក្រោមអធិបតីភាព ឯកឧត្តម  អ៊ិត សំហេង រដ្ឋមន្ត្រីនៃក្រសួង ការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ , ឯកឧត្តម ឯកអគ្គរដ្ឋទូត សាធារណៈ កូរ៉េ គីម ហាន់ស៊ូ និង ភ្ញៀវកត្តិយសកម្ពុជា និងកូរ៉េ ព្រមទាំងបងប្អូន កម្មករនិយោជិកខ្មែរ ជាច្រើននាក់ នៅក្នុងពហុកីឡាដ្ឋានជាតិ អូឡាពិក។

ការប្រារព្ធពិធី កម្មវិធី “បេះដូងតែមួយ” ឡើងគឺក្នុងគោលបំណង ដើម្បីលើកកម្ពស់ សីលធម៌ សុខភាព សាមគ្គីភាព រវាងនិយោជិក និង និយោជក ហើយព្រមទាំង ផ្តល់ឱកាស ដល់ប្រជាជនខ្មែរ , ប្រជាជនកូរ៉េ និង ក្រុមហ៊ុនកូរ៉េ បានស្វែងយល់ពីគ្នាទៅវិញ ទៅមកកាន់តែ ស៊ីជម្រៅ និងដើម្បី ឈានទៅរកមិត្តភាព ដែលពិតប្រាកដ។ ក្នុងនោះ បើតាមសំដីរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត សាធារណៈរដ្ឋកូរ៉េ មានប្រសាសន៍ថា ទស្សនៈកូរ៉េ បានយល់ ក្នុងក្រុមហ៊ុនមួយលុះត្រា បុគ្គលិក និង និយោជកមាន ការរីករាយសប្បាយចិត្ត និងធ្វើការជាមួយគ្នា  ទើបក្រុមហ៊ុនរីកចំរើនបាន ដូច្នេះការប្រារព្ធ កម្មវិធី បែបនេះធ្វើរាល់ឆ្នាំ នៅកូរ៉េ ដែលធ្វើឲ្យ និយោជក និង និយោជិក អាចសប្បាយរីករាយជាមួយគ្នា ។ លើសពីនេះ ឯកអគ្គរដ្ឋទូត បន្ថែមថា កម្មវិធី “បេះដូងតែមួយ” នេះមានក៏ន័យថា ចង់បង្ហាញថា និយោជក និង និយោជិក គឺជាគ្រួសារតែមួយ មិនថាកម្ពុជា ឬ កូរ៉េ នោះទេ គឺយើងធ្វើការងារ ជាមួយគ្នា ស្ថិតក្រោមដំបូលតែមួយ ចិត្តតែមួយ និងរួមគ្នាជាធ្លុងមួយ ដើម្បីរីកចំរើន និងជោគជ័យ ។

សំរាប់កម្មវិធី “បេះដូងតែមួយ” នេះគឺធ្វើឡើង ដោយយកគំរូតាម កម្មវិធីប្រកួត កីឡាអូឡាំពិក ដោយមានកម្មវិធីកីឡាមួយចំនួន ដែលបង្កើត ជា ទីកន្លែងមួយ អាចឲ្យមនុស្សជាច្រើន ប្រាស្រ័យ ទាក់ទងគ្នា និង ប្រកួតប្រជែងគ្នា ប្រកបដោយទឹកចិត្តជាអ្នកកីឡា។ កម្មវិធីសំខាន់ៗ រួមមាន កម្មវិធីសប្បាយសប្បាយកូរ៉េ កម្មវិធីរីករាយជាមួយសិល្បៈកូរ៉េ-កម្ពុជា , ការប្រកួតកាយសម្បទា (បាល់ទះ, ការទាញព្រ័ត្រ, រត់បណ្តាក់ និង វាយបាល់ឡុង -ល-) ជាដើម ។

លើសពីនេះទៀត ក៏មានកម្មវិធីផ្តល់ ជារង្វាន់ លើកទឹកចិត្ត ទៅដល់ អ្នកដែលបាន ចូលរួមប្រកួត កីឡា កាយសម្បទា និង អ្នកដែលបានបំពេញ ឆ្លើយ សំណួរល្បងប្រាជ្ញា ហើយព្រមទាំងមាន ការចាប់ រង្វាន់ជូនផ្តល់ បងប្អូននិយោជិក ទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធី “បេះដូងតែមួយ” នេះផងដែរ។

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]