កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់ មានមនុស្សចំនួន១៦នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៏ បាក់ស្រុតរបាំងដែក ធ្លាក់ចូលរណ្តៅ ជម្រៅប្រហែល២០ម៉ែត្រ នៅក្នុងអំឡុងពេលសម្តែង របស់ក្រុមតារា ចម្រៀងកូរ៉េ ដ៏ល្បីឈ្មោះ 4Minute កាលពីយប់ថ្ងៃសុក្រ ទី១៧ ខែតុលា ម្សិលមិញ នៅក្នុងទីក្រុង Seongnam ប្រទេសកូរ៉េខាងត្បូង ខណៈពួកគេ បានព្យាយាម ឡើងឈរនៅលើរបាំងនោះ ដើម្បីទស្សនា ការសម្តែងនេះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មនុស្សច្រើនជាង២០នាក់ បានឡើងទៅលើរបាំងដែកមួយ នៅក្នុងកម្មវិធីប្រគុំតន្រ្តីមួយ នៅក្នុងទីក្រុង Seongnam បណ្តាលឲ្យ បាក់ស្រុតចុះទៅក្រោម ជម្រៅប្រមាណ២០ម៉ែត្រ និងបណ្តាលឲ្យមនុស្សចំនួន ១៦នាក់ បានស្លាប់បាត់បង់ជីវិត និងរងរបួសស្រាល៩នាក់ និង៣នាក់ផ្សេងទៀត រងរបួសធ្ងន់។

តាមរបាយការណ៏ របស់ទីភ្នាក់ងារ សារព័ត៌មាន Yonhap របស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ ទាំង១៦នាក់ ក្នុងនោះមាន១២នាក់ បានស្លាប់នៅកន្លែងកើតហេតុ និង២នាក់បានស្លាប់ ខណៈបញ្ចូនទៅមន្ទីរពេទ្យ រីឯ២នាក់ផ្សេងទៀតបានស្លាប់ ខណៈកំពុងព្យាបាល។ ចំនែកឯអ្នករងរបួសវិញ បានបញ្ចូនទៅកាន់មន្ទីរពេទ្យ ចំនួន៤ ដែលស្ថិតនៅក្បែរ ទីតាំងមួយ ដែលមានឈ្មោះថា Pangyo Techno Valley។

ជាមួយគ្នានេះដែរ បើតាមសម្តីសាក្សី ដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា «ជនរងគ្រោះទាំងនោះ ព្យាយាមឡើងឈរ នៅលើរបាំងដែកនោះ ដើម្បីទស្សនា ការប្រគុំតន្រ្តីនោះ ឲ្យបានច្បាស់ល្អ ប៉ុន្តែវាជាសំណាងអាក្រក់មួយ របស់ពួកគេ ដែលមានគ្រោះថ្នាក់ ជាយថាហេតុនេះ កើតឡើង។ នៅពេលកើតហេតុ មានសម្លេងស្រែកយ៉ាងខ្លាំង នៅពេលដែលខ្ញុំងាកមើល គឺឃើញពួកគេ ធ្លាក់ចុះទៅក្រោម (រណ្តៅ) នោះបាត់ទៅហើយ»។

គួរបញ្ជាក់ផងដែរថា មនុស្សប្រមាណជា ៧០០នាក់ បានចូលរួមក្នុងការប្រគុំតន្រ្តីនោះ ដែលមានការចូលរួមសម្តែង ពីអ្នកសិល្បៈល្បីឈ្មោះ ប្រចាំនៅប្រទេសកូរ៉េខាងត្បូង ជាច្រើននាក់ រួមទាំងក្រុមតារាចម្រៀង ស្រីកូរ៉េ ដ៏ស្រស់ស្អាត 4Minute ផងដែរ៕

សូមទស្សនាវីដេអូទាំងអស់គ្នា៖



របាំងដែកដែលបានបាក់ស្រុត

ក្រុមតារាចម្រៀងស្រី 4Minute

ប្រភព ៖ CNN

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]