អង់គ្លេស៖ ចិញ្ចៀនមាស អាយុកាល ៣០០ឆ្នាំមួយវង់ មានឆ្លាក់ជាអក្សរ ផងនោះ ត្រូវបានបុរសម្នាក់ រកឃើញ ហើយចិញ្ចៀននេះ ថែមទៀតមាន រូបរាងស្រដៀង ទៅនឹងចិញ្ចៀន ក្នុងរឿងហូលីវូដ Lord of the Rings ទៀតផង។

លោក Morley Howard ដែលជាអ្នក ដើរស្វែងរក វត្ថុបុរាណម្នាក់ បានចៃដន្យ រកឃើញ ចិញ្ចៀនមាស មួយវង់ នៅក្នុងដីស្រែដែល គេទើបនឹង ភ្ជួររាស់ថ្មី នៅតំបន់ Highbridge ប្រទេសអង់គ្លេស ដែលចិញ្ចៀនមាសនេះ គឺលេចចេញពីក្នុងភក់ឡើងមក ពីក្នុងដីស្រែនេះ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ចិញ្ចៀនមាសនេះ មានទំហំ ដូចចិញ្ចៀន ក្នុងរឿង Lord of Rings ហើយមានឆ្លាក់ អក្សរថា “In thee my choys I do rejoys” ត្រូវបានដឹងថា មានអាយុកាល ៣០០ឆ្នាំមុនម្ល៉េះ។ សម្រាប់ ចិញ្ចៀនបែបនេះ គឺជាប្រភេទចិញ្ចៀនមាស គេធ្វើវា សំរាប់ជាកាដូ ដ៏ពេញនិយម ជូនគូស្នេហ៍ នៅសម័យនោះ ចន្លោះសតវត្សទី ១៥ ដល់ទី ១៧ ក្នុងប្រទេសបារាំង និង អង់គ្លេស ហើយឆ្លាក់អក្សរ លើចិញ្ចៀនបែបនេះ ដែលត្រូវឆ្លាក់មាន ទាំងភាសា បារាំង ឡាទីន និង ភាសាអង់គ្លេស ជាដើម។

គួរបញ្ជាក់ដែរថា ទីនោះ ធ្លាប់ជាទីក្រុងបុរាណ ហើយក៏ជាទីកន្លែង ពេញនិយម សម្រាប់អ្នកស្វែងរក សម្បត្តិសម័យបុរាណផងដែរ ព្រោះនៅក្នុងឆ្នាំ ១៦០៧ មានទឹកជំនន់ដ៏ធំ បានធ្វើឲ្យទ្រព្យសម្បត្តិក្នុង ទីក្រុង ជាច្រើន នៅសម័យនោះ កប់ក្នុងភក់ និង បន្សល់ទុក រហូតដល់សព្វថ្ងៃនេះ។


រូបភាពៈ ចិញ្ចៀនក្នុងរឿង Lord of Rings

សម្រាប់ លោក Morley Howard វិញអាចរកឃើញ ចិញ្ចៀនមាស ដោយប្រើប្រាស់ ឧបករណ៍សំរាប់រក លោហៈធាតុ ហើយគាត់ក៏បាននិយាយថា ចិញ្ចៀននេះ មានទម្ងន់ ប្រមាណ ៦.៨ក្រាម។ គាត់នឹងយកចិញ្ចៀននេះ ឲ្យអ្នកជំនាញ ត្រួតពិនិត្យមុន ធ្វើការប្រគល់ឲ្យ សារមន្ទីរចក្រភពអង់គ្លេស ។ គាត់បន្តថា ចិញ្ចៀននេះ អាចមានតម្លៃពី ២០០០ ដល់ ៦០០០ ដុល្លារ ប្រសិនបើសារមន្ទីរ អង់គ្លេស ពិតជាចង់បានមែននោះ ហើយសារមន្ទីរ នឹងចែកប្រាក់ ៥០% ដល់ម្ចាស់ដីស្រែ និង ដល់គាត់ ៥០% ផងដែរ៕

រូបភាពៈ ចិញ្ចៀនមាសដែលលោក Morley Howard បានរកឃើញ

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]