បារាំង៖ នេះពិតជារឿង មិនគួរឲ្យជឿ ដែលបន្ទប់គេង របស់យោធា បារាំងម្នាក់ ត្រូវបានរក្សាទុក ដោយមិនប៉ះពាល់ឬផ្លាស់ ប្តូរអ្វី ទាំងអស់ ចាប់តាំង ពីគាត់ ត្រូវបានស្លាប់ ក្នុងសង្គ្រាមលោកលើកទី១ ជិត ១០០ឆ្នាំមុនម៉្លេះ ហើយបន្ទប់នេះ អាចនឹងត្រូវ រក្សាទុកសភាព ដដែល បន្ត ៤០០ឆ្នាំទៀត ។

ប្រភពព័ត៌មាន បានឲ្យដឹង បន្ទាប់ពី លោក Hubert Rochereau ដែលជាយោធាសញ្ជិាតបារាំង ត្រូវបានគេសម្លាប់ ក្នុងសមរភូមិ ក្នុងប្រទេស ប៊ែលហ្សិក នៅក្នុងឆ្នាំ១៩១៨ មក គ្រួសាររបស់គាត់ បានថែរក្សាទុកបន្ទប់គេងរបស់គាត់ ឲ្យនៅសភាពដដែលរហូត ដើម្បីទុកជាកន្លែង គោរព បូជាដល់វិញ្ញាណក្ខន្ធរបស់គាត់។ ក្រោយមកពី គ្រួសាររបស់ យោធារូបនេះបាន លក់ផ្ទះនេះ នៅឆ្នាំ១៩៣៦ ក៏បានចុះកិច្ចសន្យា ជាមួយម្ចាស់ ផ្ទះថ្មី ថា បន្ទប់គេងនេះត្រូវតែ រក្សាទុកបែបនេះ រហូតដល់ ៥០០ឆ្នាំទៀត។

បច្ចុប្បន្ន កិច្ចសន្យានេះ ពិតជាមានប្រសិទ្ធភាព ដោយសារតែ បន្ទប់គេងនេះ នៅតែរក្សាសភាពដដែល នៅក្នុងផ្ទះមួយ ក្នុងភូមិ Belabre នៅភាគ កណ្តាល ប្រទេសបារាំង ដែលបានក្លាយជាទី សំរាប់រំលឹកដល់ វីរភាពរបស់ មន្ត្រីយោធាវ័យក្មេង ដែលបានកើតក្នុងឆ្នាំ ១៨៩៦ និង បានស្លាប់ក្នុង សមរភូមិ Loker តាំងពីឆ្នាំ ១៩១៨ អស់ ជិតមួយសតវត្សមកហើយនោះ ។

សភាពនៅបន្ទប់គឺមាន សំភារៈចាស់ជាច្រើន របស់យោធានេះ រួមមានទាំង សំលៀកបំពាក់ ឯកសណ្នានជាយោធា រូបថតតាំងលើជញ្ជាំង កញ្ចប់បារី សៀវភៅ ស្បែកជើង និងឧបករណ៍ចាស់ៗ ជាច្រើនទៀតផងដែរ។ យ៉ាងណាមិញ សំរាប់ម្ចាស់ផ្ទះថ្មី នាពេលបច្ចុប្បន្ននេះ លោក Daniel Fabre និយាយថា គាត់ បានរក្សាទុក បន្ទប់គេងនេះ ដូចសភាពដើម គ្មានការកែប្រែអ្វីទាំងអស់ ហើយគាត់សង្ឃឹមថា ម្ចាស់ផ្ទះ ដែលនឹងរក្សាបន្ទប់ គេងនេះ ឲ្យនៅតែមានសភាព បែបនេះដដែល។

លើសពីនេះ គាត់បន្ថែមថា ប្រសិនបើគាត់លក់ ផ្ទះនេះ គាត់នឹងស្វែងរកម្ចាស់ថ្មី ដែលគោរពដល់ យោធាវ័យក្មេងដែល បានស្លាប់នេះ ហើយ នឹងចង់រក្សា បន្ទប់គេងនេះ ឲ្យក្លាយដូចជា សារមន្ទីរ ដ៏ពិសេសមួយ ដែលសំភារៈទាំងឡាយ គឺរក្សានៅដដែល អស់រយៈពេលជាយូរ ផងដែរ។  គួរ រំលឹកដែរថា យោធាម្នាក់នេះ គឺនៅក្នុងចំណោម យោធាបារាំង ៥៨០,០០០ នាក់ ដែលបានស្លាប់ ក្នុងចំបាំងនៅជួរមុខ ភាគខាងលិចបារាំងក្នុង សង្គ្រាមលោកលើកទី ១ ចន្លោះពីឆ្នាំ ១៩១៤ ដល់ឆ្នាំ១៩១៨ ៕

រូបភាពៈ សភាពទាំងឡាយនៅក្នុងបន្ទប់គេងនេះ នៅតែរក្សាបានជិត១០០ឆ្នាំមកហើយ

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]