ហ្វីលីពីន៖ បុរសម្នាក់ ជាកងម៉ារីនអាមេរិក បានជាប់ចោទពីបទ សម្លាប់នារីភេទទី៣ ជនជាតិហ្វីលីពីន ក្រោយពេល ដែលបាន ស្គាល់នាងនៅក្នុង បារមួយកន្លែង។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នាង Jeffrey Laude (Jennifer Laude) អាយុ២៦ឆ្នាំ ត្រូវបាន គេរកឃើញ ស្លាប់បាត់បង់ជីវិត នៅក្នុងបន្ទប់ទឹក សណ្ឋាគារ ស្ថិតនៅ Olongapo ភាគខាងជើង ទីក្រុងម៉ានីល។ មុនពេលស្លាប់ នាងត្រូវបានគេឃើញ បណ្តើរបុរសម្នាក់ នៅក្នុងបារមួយកន្លែង កាលពីថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០១៤ តាមរយៈកាមេរ៉ា សុវត្ថិភាពរបស់បារនោះ។

ជាមួយគ្នានេះដែរ គេបានរកឃើញ ស្រោមអនាម័យនៅក្នុង បន្ទប់ដែលនាងស្លាប់ ទើបគេសន្និដ្ឋានថា ការស្លាប់របស់នាង គឺជាករណីឃាតកម្ម ព្រោះតែនៅលើសាកសព មានស្នាមច្របាច់ក ហើយបាន យករបស់ ដែលបានរកឃើញ ទៅពិនិត្យដើម្បី រកអត្តសញ្ញាណ ជនសង្ស័យ។ ក្នុងនោះដែរ គេក៏បានសន្និដ្ឋានថា ករណីឃាតកម្មនេះ ប្រហែលជាបុរសម្នាក់នោះ ដឹងថា Jennifer គឺជាខ្ទើយ ព្រោះនាងវះកាត់ តែសុដនប៉ុណ្ណោះ មិនបានវះកាត់ ប្តូរភេទនោះទេ។

យ៉ាងណាមិញ ក្រោយពីបានពិនិត្យវត្ថុតាង ដែលបន្សល់ទុក នៅកន្លែងកើតហេតុ រួមជាមួយរូបភាព នៅក្នុងកាមេរ៉ាសុវត្ថិភាព គេក៏កំណត់បាន អត្តសញ្ញាណ ជនសង្ស័យ គឺជាកងម៉ារីនអាមេរិក មានឈ្មោះថា Joseph Scott Pemberton មកពីរដ្ឋ Carolina ហើយពេលនេះ ប៉ូលីសហ្វីលីពីន បានធ្វើការស៊ើបអង្កេត និងតាមចាប់ខ្លួន កងម៉ារីនរូបនេះ បាននៅលើនាវាចម្បាំង USS Peleliu ក្រោយពេលកើតហេតុ មួយថ្ងៃ។

គួរបញ្ជាក់ផងដែរថា កងម៉ារីន និងកងទ័ពជើងទឹក របស់អាមេរិក ប្រមាណ ៣,០០០នាក់ បានមកធ្វើ សមយុទ្ធយោធា ជាមួយភាគី ទាហាន ហ្វីលីពីន រយៈពេល២សប្តាហ៍ និងបានត្រលប់ទៅវិញ នៅក្នុងសប្តាហ៍នេះ៕



ប្រភព៖ Stomp

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]