ខេត្តតាកែវ ៖ ឪពុកចិត្តតិរច្ឆានម្នាក់ ត្រូវបាននគរបាល ស្រុកសំរោង ចាប់ខ្លួនតាមពាក្យបណ្តឹង របស់ប្រពន្ធ ដែលចោទប្រកាន់ ពីបទចាប់រំលោភ សេពសន្ថវៈកូនស្រីបង្កើត រហូតមានផ្ទៃពោះ តាំងពីដើមឆ្នាំ២០១៤កន្លងទៅ ខណៈពេលដែលគាត់ ជាប្រពន្ធមិននៅផ្ទះ ។ ក្រោយមកដោយសារ ឃើញកូនស្រីមានផ្ទៃពោះ កាន់តែធំ អត់មានប្តីនោះ ទើបគាត់ជាម្តាយ ក៏បានជជីកសួរនាំច្រើនដង ទើបកូនស្រី និយាយប្រាប់ថា «ម៉ែអើយ... ពុកជាអ្នកចាប់រំលោភកូន ជាច្រើនដង»។

នៅពេលបានទទួលចម្លើយ របស់កូនបែបនេះ ស្ត្រីជាម្តាយ ទៅប្តឹងប៉ូលិសប៉ុស្តិ៍ ឱ្យចាប់ប្តីតែម្តង ។ ហេតុការណ៍ប៉ូលិសចាប់ខ្លួន ឪពុកចិត្តតិរច្ឆាន រំលោភកូនស្រី រហូតមានផ្ទៃពោះ៨ខែនេះ បានកើតឡើង កាលពីវេលា ម៉ោង១០ព្រឹក ថ្ងៃទី១៤ តុលា ស្ថិតនៅក្នុងភូមិ ដីក្រហម ឃុំសំរោង ស្រុកសំរោង ។

លោក មឿង សារុន អធិការនគរបាល ស្រុកសំរោង បានឱ្យដឹងថា ឪពុកតិរច្ឆាន ដែលចាប់រំលោភកូនស្រី របស់ខ្លួន រហូតមានផ្ទៃពោះ៨ខែនេះ ឈ្មោះ ទិត្យ ប៊ុនថន អាយុ៤៣ឆ្នាំ ប្រពន្ធអាយុ៤២ឆ្នាំ មានកូនចំនួន៣នាក់ នៅក្នុងបន្ទុក។ ចំណែកកូនស្រី រងគ្រោះ អាយុ១៥ឆ្នាំ ។

លោកអធិការស្រុក បានបន្តទៀតថា នៅក្នុងពាក្យបណ្តឹង របស់ស្ត្រីជាម្តាយ បានរៀបរាប់ថា កាលពីខែមីនា ២០១៤ កន្លងទៅ គាត់បានទៅបុណ្យ នៅផ្ទះបងប្អូន នៅក្នុងភូមិ ដោយទុកឱ្យកូនស្រី នៅចាំផ្ទះជាមួយឪពុករបស់គេ។ នៅពេលនោះ ឪពុកចិត្តតិរច្ឆាន បានចាប់រំលោភសេពសន្ថវៈ ចំនួន២ដង និងបានគំរាមសម្លាប់ចោល ប្រសិនបើហ៊ាននិយាយប្រាប់គេឯង ។

ក្រោយមកស្ត្រីជាម្តាយ បានសម្គាល់មើល សភាពកូនស្រី ខុសប្លែកពីធម្មតានោះ ក៏ចេះតែដេញដោលសួរនាំ តែកូនមិនព្រម និយាយប្រាប់ទេ ព្រោះឪពុកតិរច្ឆាននោះ ចេះតែគំរាមសម្លាប់ គ្រប់ពេលគ្រប់មាត់ ។ ក្រោយមកដោយសារម្តាយ ចេះតែជជីកសួរ ទើបកូនស្រី ដាច់ចិត្តនិយាយប្រាប់ ពីដំណើររឿង ទើបម្តាយប្តឹងប៉ូលិសប៉ុស្តិ៍ ។

ទោះបីជាដៃជាប់ខ្នោះ និងមានពាក្យបណ្តឹង របស់ស្ត្រីជាប្រពន្ធ ចោទប្រកាន់បែបណាក៏ដោយ ក៏បុរសជាប្តី ចិត្តតិរច្ឆាននេះ នៅតែមិនព្រមសារភាពដែរ ។

លោកវរសេនីយ៍ទោ សែម សុផាត នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឱ្យដឹងថា សាក្សីគឺស្ត្រីជាប្រពន្ធ និងកូនស្រីរងគ្រោះ មានផ្ទៃពោះ៨ខែ ។ ទោះបីជាជនល្មើស មិនព្រមសារភាពក៏ដោយ ក៏អត់មានបញ្ហាអ្វីដែរ ។ នៅថ្ងៃទី១៥ តុលា សមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ហើយ អត់មានច្រិមច្រុមឡើយ ៕

ជនសង្ស័យរំលោភកូនស្រីបង្កើត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]