វៀតណាម៖ កាលពីពេលថ្មីៗនេះ វៀតណាមបាន ប្រកាសជាផ្លូវការថា នឹងសាងសង់ កំពង់ផែសមុទ្រ អន្តរជាតិដ៏ធំមួយ នៅលើកោះត្រល់ (Phu Quoc Island) ស្ថិតនៅ ភាគខាងត្បូងខេត្ត Kien Giang ដែលអាចឲ្យនាវាធំៗ ចូលមកបាន។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រសួងដឹកជញ្ជូន និងអាជ្ញាធរខេត្ត បានឯកភាពគ្នា ពីការសាងសង់ កំពង់ផែសមុទ្រ នៅលើកោះត្រល់ ដោយតម្រូវឲ្យ សាងសង់នៅក្បែរទីក្រុង Duong Dong ដើម្បីភាព ងាយស្រួល និងទាក់ទាញ អ្នកវិនិយោគ ព្រមទាំងអ្នកដំណើរ អន្តរជាតិផងដែរ។ កំពង់ផែសមុទ្រ ដែលគ្រោងនឹងសាងសង់នេះ មានប្រវែងដល់ទៅ ៤០០ម៉ែត្រ និងមានទំហំ ១៩ម៉ែត្រ ហើយស្ពាន ដែលតភ្ជាប់ពី មាត់ច្រាំងទៅនឹង កំពង់ផែមានប្រវែង ១,០២០ម៉ែត្រ ត្រូវបានគេប៉ាន់ស្មានថា នឹងចំណាយអស់ ទឹកប្រាក់ប្រមាណ ៥៩លានដុល្លារអាមេរិក។

លើសពីនេះទៅទៀត កំពង់ផែសមុទ្រដ៏ធំមួយនេះ អាចទទួលនាវាកម្សាន្ត ដែលផ្ទុកអ្នកដំណើរ ៥ទៅ៦ពាន់នាក់បាន ហើយគេរំពឹងថា ក៏នឹងអាចទទួលនាវា ដែលដាក់កុងតឺន័រ បានផងដែរ។ ក្នុងនោះដែរ ក្រសួងដឹកជញ្ជូន របស់វៀតណាម ក៏បានលើកទឹកចិត្ត ឲ្យអ្នកវិនិយោគចូលរួម ក្នុងការអភិវឌ្ឍន៍ កំពង់ផែសមុទ្រ នៅក្រោមទ្រង់ទ្រាយ ភាពជាដៃគូ រដ្ឋ˗ឯកជន ផងដែរ។

គួរបញ្ជាកផងដែរថា កោះត្រល់គឺជាកោះ ដែលមានទីតាំង ស្ថិតនៅលើច្រករបៀង សេដ្ឋកិច្ចសមុទ្រ ដ៏ពិសេសមួយរវាង វៀតណាម˗កម្ពុជា˗ថៃ មានទំហំជាង ៥៨៩គីឡូម៉ែត្រក្រឡា និងមានប្រជាជន រស់នៅសរុប ៩៦,៩៤០នាក់ ហើយគ្រាន់តែ ៧ខែដំបូង ក្នុងឆ្នាំ២០១៤នេះ មានភ្ញៀវទេសចរ ប្រមាណជិត ៣២៥,០០០នាក់ បានទៅកម្សាន្ត នៅលើកោះត្រល់នេះ៕

ប្រភព៖ xinhuanet

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]