ភ្នំពេញ៖ ការប្រគុំតន្ត្រី សប្បុរសធម៌ «មិត្ដយើង» ដែលផ្តួចផ្តើមដោយក្រុមនិស្សិត នៃវិទ្យាស្ថាន ភាសាបរទេស ក្នុងគោលបំណង ដើម្បីសកម្មភាព សប្បុរសសុទ្ធសាធ បានបញ្ចប់ទៅជាស្ថាពរ បានយ៉ាងជោគជ័យ ជាទីបំផុត កាលពីរសៀលថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៤ ម្សិលមិញនេះ ដោយកក្រើកអស់សាល Multipurpose Hall នៃ មជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជា-កូរ៉េ ជាមួយនឹងការគាំទ្រ និងការចូលរួមទស្សនា ពីទស្សនិកជន យ៉ាងច្រើនកុះករ។


ក្រោមក្រសែភ្នែកទស្សនិកជន ជិត ១០០០ នាក់ កម្មវិធីប្រគុំតន្ត្រី សប្បុរសធម៌ «មិត្ដយើង» បានដំណើរ ការទៅមុខ យ៉ាងរលូន រហូតដល់បញ្ចប់ ដោយមានសម្តែងពី សិល្បករ និងសិល្បការនីខ្មែរ វ័យក្មេង ស្ម័គ្រចិត្ដជាច្រើនរូប អមជាមួយនឹងសម្រែកស្រែក ហ៊ូរកញ្ជៀវ ពាសពេញសាល មិនចេះដាច់សោះឡើយ។


ក្នុងនោះ គេសង្កេតឃើញ មានវត្តមាន តារាចម្រៀង ក៏ដូចជាអ្នក ដែលមានសមត្ថភាព និពន្ធបទ ចម្រៀងដោយខ្លួនឯង ជាច្រើនរូប ដូចជា កញ្ញា Nikki បានបកស្រាយបទចម្រៀងពីរបទ, លោក G-Devith ម្ចាស់បទ «Live Fast Die Young», លោក Jimmy Kiss ម្ចាស់បទ «Baby I’m sorry», កញ្ញា Syra ម្ចាស់បទ «ច្រណែនគេដែលមិនមែនជាខ្ញុំ» ក៏ដូចជា លោក សីហា ម្ចាស់បទ «អូនអ៊ូក» និងសិល្បករ សិល្បការនី ជាច្រើនរូបទៀត ផងដែរ។

ក្រោមវោហាស័ព្ទ បែបកំប្លែង និងក្រមិចក្រមើម របស់ពិធីករ ដែលមានប្រជាប្រិយភាព ក្នុងបណ្តាញ សង្គមហ្វេសប៊ុក លោក PeyPey Dy បានញ៉ាំងឲ្យទស្សនិកជន ផ្ទុះសំណើចសើចក្អាកក្អាយ និងសប្បាយរីករាយ រួមជាមួយនឹងការសម្តែង ក៏ដូចជាផ្ទាំង ទស្សនីយភាពសិល្បៈ ពីក្រុមរាំ SuperK, ក្រុមកំប្លែង របស់និស្សិត វិទ្យាស្ថានបរទេស និងក្រុមបង្ហាញម៉ូត Lachhuk ពីសកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ ជាដើម។


បើតាមកញ្ញា សូរ៉ាឌី ទស្សនិកជនមួយរូប ក្នុងចំណោមទស្សនិកជន ជាច្រើននាក់ ឯទៀត បានផ្តល់ បទសម្ភាស៍ នៅមុនពេលការ ប្រគុំតន្ត្រី ចាប់ផ្តើមថា៖ «គោលបំណងនៃការ ចូលរួមការប្រគុំតន្ត្រី សប្បុរសធម៌ «មិត្តយើង» មួយនេះ គឺខ្ញុំមិនត្រឹមតែ ដើម្បីទទួលបាន ការសប្បាយរីករាយ នោះទេ ថែមទាំងអាចចូលរួម ក្នុងសកម្មភាពសប្បុរសធម៌ ដែលកត្តាទាំងនេះ អាចជួយជម្រុញសង្គម ឲ្យមានការអភិវឌ្ឍន៍ និងជួយដល់ជនក្រីក្រ ក៏ដូចជាអ្នកដែលត្រូវការ ជំនួយផងដែរ»៕

វីដេអូ៖

តើតន្ត្រីសប្បុរសធម៌ «មិត្តយើង» បង្កើតឡើង ក្នុងគោលបំណងអ្វី? សូមទស្សនាវីដេអូ៖

គួរបញ្ជាក់ផងដែរថា ថវិកាទាំងអស់ នឹងបង្វែរទៅជាជំនួយ សប្បុរសធម៌ ដូចជា៖
1. សាងសង់បង្គន់ចំនួនបី នៅ អនុវិទ្យាល័យឫស្សីស្រុក ខេត្តកំពត
2. ផ្តល់ជាសម្ភារៈសិក្សា ដល់ អង្គការស្នាមញញឹមដើម្បីកុមារ
3. ផ្តល់ជាសម្ភារៈសិក្សា ដល់ បឋមសិក្សាដូនពៅក្នុង ស្រុកមេមត់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះសកម្មភាពសប្បុរសធម៌ របស់និស្សិតកម្ពុជា?

ដោយ RoMeo & Viroth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Peypey Dy