ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍ចម្លែក និងភ្ញាក់ផ្អើលមួយបានកើតឡើងរយៈពេល២ថ្ងៃមកហើយ គិតត្រឹម ថ្ងៃ៩ តុលា ដោយសារតែស្ត្រីម្នាក់បានអះអាងថា គាត់ប្រសូតបុត្រមកជាព្រះទម្រង់២អង្គ (ចិញ្ចៀន) និងកែវ៧ពណ៌១អង្គ(ស៊ុត) ខណៈដែលខ្លួនគាត់គ្មានពពោះបន្តិចសោះ ។ អ្វីដែលចម្លែកទៅទៀតនោះ គឺនៅពេលដែលលើកបុត្រទាំង៣អង្គ មកបំបៅដោះស្វិតដែលគ្មានទឹកដោះសោះក៏ប្រែជាឡើងប៉ោង ចុងដោះឡើងក្រហម និងមានចេញទឹកដោះថែមទៀត ។

ហេតុការណ៍ចម្លែកដែលអ្នកខ្លះជឿ អ្នកខ្លះអត់ជឿនេះ បានកើតឡើងនៅភូមិព្រៃព្រាល ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ។ ទោះជាយ៉ាងនេះក្តី ការភ្ញាក់ផ្អើលនេះមិនមានមនុស្សច្រើនចាប់អារម្មណ៍ប៉ុន្មានទេ គឺមានតែ២០ទៅ៣០នាក់ប៉ុណ្ណោះ ពពាក់ពពូនទៅមើល ។ គ្រួសារដែល អះអាងថាមានរឿងចម្លែកនេះ ប្តីឈ្មោះ ប៊ូ រ៉ុនងាយ អាយុ៥២ឆ្នាំ ហើយប្រពន្ធ ដែលអះអាងថាមានបារមី សណ្ឋិតឈ្មោះ ជា អ៊ីត អាយុ៤២ឆ្នាំ ។ ប្តីប្រពន្ធនេះមានកូន៥នាក់ ក្នុងនោះប្រុស៣នាក់ ។ បុរសជាប្តីនិយាយថា នៅវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី៨ តុលា គឺជាថ្ងៃចេញព្រះវស្សា ខណៈរូបគាត់ កំពុងចិត្តបន្លែ ធ្វើម្ហូបទៅវត្តជាមួយប្រពន្ធ ស្រាប់តែប្រពន្ធគាត់ស្រែកយំថា «មាតាចង់ទៅវត្តដើម្បីប្រោសពល និងជួយកសាងវត្តព្រះជ័យឥន្ទ្រាផង» ។

ប្តីរៀបរាប់ថា ការយំស្រែកសុំទៅវត្តបែបនេះគាត់ស្មានតែប្រពន្ធសុំទៅដោយធម្មតា តែពេលនោះ ប្រពន្ធគាត់ បានសុំឱ្យមានការ ដង្ហែដោយមាន បាំងក្លស់ផង សូម្បីតែគាត់បាំងឆត្រឱ្យ ក៏មិនព្រមដែរ ហើយគាត់បានទៅខ្ចីក្លស់ពីវត្តមកបាំងឱ្យ ។ នៅពេលនោះម៉ោង ជាង៩ព្រឹកទៅហើយ ប្រពន្ធគាត់ត្រូវបាន ដង្ហែដោយមានមនុស្ស ប្រមាណ៣០នាក់ ភាគច្រើនជាយាយៗ ដែលហែ ដោយថ្មើរជើង មកកាន់វត្តព្រះជ័យឥន្ទ្រា ហៅវត្តដំរីកូន ស្ថិតក្នុងភូមិព្រៃព្រាល ឃុំអញ្ចាញរូង ជាវត្តក្នុងភូមិ ដែលគាត់រស់នៅ និងមានចម្ងាយ ជាង១គីឡូម៉ែត្រពីផ្ទះរបស់គាត់ ។ បុរសជាប្តីបន្តថា ពេលមកដល់វត្ត ប្រពន្ធគាត់ដែលតាំងខ្លួន ជាព្រះមាតា បានទៅគង់នៅកុដិ១ ដែលគេទុកសម្រាប់ ដាក់សម្ភារចានឆ្នាំង ហើយក៏មានមនុស្សម្នា ចេះតែមក មើលដែរ។

រហូតដល់ម៉ោងជាង៣រសៀល ស្រាប់តែប្រពន្ធគាត់មានពោះធំដូចមនុស្សមានទម្ងន់៦-៧ខែ ហើយក៏ ស្រាប់តែឈឺពោះ និងប្រសូត បានជាចិញ្ចៀន ដែលតម្រូវឱ្យ ហៅថាព្រះទម្រង់ មានសណ្ឋាន ដូចសត្វឥន្ទ្រី ។ លុះថ្ងៃស្អែកឡើង ថ្ងៃទី៩ តុលា ស្រាប់តែប្រពន្ធគាត់ ប្រសូតបានចិញ្ចៀន ជាព្រះ ទម្រង់មួយវង់ មានដាំត្បូង ។ បុរសជាប្តី បានរំឭកថា កាលពីជាង៣ខែ មុន ប្រពន្ធគាត់និងគាត់ ពេលដើររើសលាមកគោ ក្របី តាមវាលស្រែ ដើម្បីយកមកដាក់ ឡជីវឧស្ម័ន ស្រាប់តែប្រពន្ធគាត់ ឈឺពោះ ហើយប្រសូតបានស៊ុតមួយ ដែលតម្រូវឱ្យហៅថា កែវ៧ពណ៌ តែកាលណោះ ប្រពន្ធគាត់បានលាក់ទុករហូតមក ទើបតែប្រាប់គាត់ នៅពេលប៉ុន្មានថ្ងៃ មុននេះប៉ុណ្ណោះ ។ អ្នកភូមិ ពិសេសយាយៗ ដែលនៅផ្ទះជិតស្ត្រី ខាងលើនេះនិយាយថា ស្ត្រីរូបនេះគ្មានកូនតូចអីទេ ដោះក៏ស្វិតទៅទៀត ប៉ុន្តែអ្វីដែលចម្លែកនោះ គឺនៅពេលដែលស្ត្រីរូបនោះ លើកបុត្រទាំង៣ មានព្រះទម្រង់២អង្គ និងកែវ៧ពណ៌មួយអង្គ ដាក់លើកន្សែងពោះគោ យកមកបំបៅ ស្រាប់តែដោះឡើងរឹង ហើយមានទឹកដោះទៀត ។

ស្ត្រីអ្នកភូមិម្នាក់ឈ្មោះ ជឹម ជន អាយុ៤១ឆ្នាំ ដែលជាអ្នកនៅជាប់ផ្ទះស្ត្រីខាងលើនេះនិយាយថា គាត់ពិតជាបានបង្កើត បុត្រនោះដោយផ្ទាល់ដៃ ឱ្យទៀតផង គឺមិនក្លែងបន្លំទេគាត់មានជំនឿខ្លាំងណាស់ ។ ដោយឡែកលោកតា គង់ ដែលជាគណៈកម្មការ និងជាអាចារ្យវត្តវិញ និយាយថា គាត់មិនបានដឹង អ្វីទាំងអស់ សូម្បីតែស្ត្រីរូបនោះមកនៅកុដិសម្រាប់ដាក់ចានឆ្នាំង ក៏គាត់មិនបានដឹងដែរ ថ្វីបើគាត់ជាអាចារ្យវត្តក៏ពិត មែន ។ ប៉ុន្តែពេលសួរគាត់ថា តើរឿងហេតុដែលបានកើតឡើងនេះ លោកតាជឿដែរឬអត់ គាត់ឆ្លើយថា ឱ្យជឿម៉េច បើមិនដែលឃើញផ្ទាល់ភ្នែក និងមិន ដែលដឹងផងហ្នឹង ។ ចំណែកអ្នកភូមិ ខ្លះទៀត ដែលបានទៅមើល ហេតុការណ៍នោះ ដែរបាននិយាយ ពេលចេញមកវិញថា ខ្ញុំមិនសូវជឿប៉ុន្មានទេ មើលទៅដូចចិញ្ចៀន និង ពងទាធម្មតាសោះ ឱ្យជឿម៉េចបាន ព្រោះសព្វថ្ងៃនេះ ខ្វះអីមនុស្សបោកប្រាស់ ដូចគ្រួសារគាត់ ក៏ធ្លាប់ចាញ់បោក គេម្តងដែរ រឿងខ្នាយតាន់កាប់មិនមុត ដុតមិនឆេះស្អីនោះ ការពិតបោកសោះ ។

មុននឹងថតរូប ស្ត្រីដែលអ្នកខ្លះជឿថា មានបារមីបានប្រាប់អ្នកកាសែតថា បើមិនសុំថតមិនជាប់ឡើយ តែដើម្បីគោរពសិទ្ធិក៏បានសុំបារមី ថតជាង១០ប៉ុស្តិ៍ឃើញថា ថតជាប់ទាំងអស់ (Sic) ។ រឿងរ៉ាវ ខាងលើនេះ គ្រាន់តែជាព័ត៌មានមួយ ដែលបានកើតឡើង ដោយមានមនុស្ស ពពាក់ពពូនទៅមើល ។ ប៉ុន្តែថាមនុស្ស កើតកូនចម្លែកបែបនេះ ពិតជាពិបាកជឿណាស់ និងគ្មានភាពអស្ចារ្យ ណាមួយ គួរឱ្យជឿសោះ ដែលមនុស្ស កើតកូនបានពង បានចិញ្ចៀនបែបនេះ ។ មនុស្សគឺកើតមកជាមនុស្សហើយ ។ អ្វីដែលធ្វើឱ្យចាប់អារម្មណ៍នោះគឺក្នុងចំណោមអ្នកភូមិ មានអ្នកខ្លះជឿ អ្នកខ្លះទៀតមិនជឿទេ ៕





វីដេអូ ដកស្រង់ពីហ្វេសប៊ុក៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីត