លោក Steve Jobs ត្រូវបានគេចាត់ទុក ជាសហគ្រិនខាងបច្ចេកវិទ្យា ដ៏ឆ្នើមបំផុតមួយរូប នៅក្នុងប្រវត្តិសាស្ត្រ។ រូបលោក បានធ្វើឲ្យ អ៊េបផល ក្លាយជាក្រុមហ៊ុនយក្ស មានតម្លៃថ្លៃបំផុតមួយ នៅលើពិភពលោក និងបានផ្លាស់ប្តូរ របៀបដែលមនុស្ស ប្រើប្រាស់គ្រឿង អេឡិចត្រូនិចផងដែរ។

រូបភាព: លោក Malcolm Gladwell និង លោក Steve Jobs

តាមការបញ្ជាក់ពីលោក Malcolm Gladwell ដែលជាអ្នកនិពន្ធ ដ៏មានប្រជាប្រិយភាពមួយរូប បានឲ្យដឹងថា លោក Steve Jobs មិនមែនក្លាយខ្លួន ជាមនុស្ស អស្ចារ្យរបស់ពិភពលោកបាន ព្រោះតែប្រាជ្ញារបស់គាត់នោះទេ។ គាត់បានរៀបរាប់ប្រាប់ នៅក្នុងកិច្ចប្រជុំ ជំនួញពិភពលោក នៅទីក្រុង ញ៊ូវយ៉ក យ៉ាងដូច្នេះថា លោក Steve Jobs ក្លាយជាមនុស្ស ដែលយើង ស្គាល់គ្រប់គ្នា ដូចសព្វថ្ងៃនេះ ដោយសារតែ ចរិតលក្ខណៈដ៏ពិសេស របស់គាត់ ដែលយើង ក៏អាចរៀនសូត្រ ដើម្បីអភិវឌ្ឍខ្លួនឯងបាន ដូចជាគាត់ផងដែរ។

លោក Malcolm បានបញ្ជាក់ពាក្យមួយម៉ាត់ថា៖ «ភាពបន្ទាន់» (Urgency) ជាចរិតលក្ខណៈ របស់លោក Steve Jobs និង សហគ្រិនអស្ចារ្យ ជាច្រើនរូបទៀត។

គាត់បានប្រាប់ទៅកាន់ អ្នកចូលរួម ក្នុងកិច្ចប្រជុំ ឲ្យគិតពិចារណា អំពីប្រវត្តិ របស់លោក Steve Jobs ជាមួយនឹង ក្រុមហ៊ុន Xerox ដែលជា កន្លែងប្រជុំទៅដោយ គំនិតបង្កើតថ្មីមួយកន្លែង។ គាត់បានបន្តថា៖ ក្នុងអំឡុងទស្សវត្សឆ្នាំ ៦០ជាង Xerox ធ្លាប់ជាក្រុមហ៊ុន បច្ចេកវិទ្យា ដ៏សំខាន់បំផុតមួយ នៅក្នុង ពិភពលោក ព្រោះនៅទីនោះ សំបូរទៅដោយ អ្នកវិទ្យាសាស្ត្រឆ្នើមៗបំផុត របស់ពិភពលោក ហើយទីនោះ មានកញ្ចប់ ថវិកាគ្រប់គ្រាន់ ដើម្បីធ្វើការស្រាវជ្រាវ ចង់បង្កើតអ្វីក៏បាន សំរាប់ អនាគតខាងមុខ។ Xerox ធ្លាប់ផលិតបាន បច្ចេកវិទ្យាទាក់ទងនឹង PC, Internet, Word processor និង GUI (Graphic User Interface) ជាដើម។

ក្រោយមក ក្នុងខែធ្នូ ឆ្នាំ១៩៧៩ លោក Steve Jobs ដែលមានអាយុទើបតែ ២៤ឆ្នាំ ត្រូវបានXerox អញ្ជើញមកទស្សនា នៅមន្ទីរ ស្រាវជ្រាវ របស់ខ្លួន ដែលហៅកាត់ថា PARC ។ ពួកគេបាននាំលោក Steve Jobs ដើរទស្សនាមើល នូវរបស់ជាច្រើន ដែលលោក Steve Jobs ផ្ទាល់ មិនធ្លាប់នឹងបានឃើញពីមុន មកឡើយ។ ក្នុងនោះ លោក Steve Jobs បានឃើញ Mouse (ឧបករណ៍សំរាប់បញ្ជា) ហើយបាន លាន់មាត់ និយាយថា៖ «Oh my god, របស់នេះវានឹងផ្លាស់ប្តូរ របៀបក្នុងការប្រើកុំព្យូទ័រ (PC) ។ ឯបុរសនាំលោក Steve Jobs ដើរមើលនោះ បានឆ្លើយតប វិញថា៖ បាទ! ពួកយើង បាននឹងកំពុង បន្តបង្កើតវាឡើង ដោយចំណាយពេល អស់១០ឆ្នាំ មកហើយ។ ចំណែកលោក Steve Jobs ពេលបាន ឃើញហើយ ហាក់មានអារម្មណ៍ រំភើបយ៉ាងខ្លាំង ដោយបានលោតហក់ ចុះឡើងទៀតផង។

ក្រោយពីបញ្ចប់ ការចូលទៅទស្សនានៅ មន្ទីរស្រាវជ្រាវ PARC របស់ ក្រុមហ៊ុន Xerox រួចភ្លាម គាត់មិនបង្អង់យូរទេ ក៏បានជិះឡាន ទៅជួប ក្រុមបង្កើតរបស់គាត់ និង បានប្រាប់ទៅពួកគេថា គាត់ទើបនឹងបានឃើញរបស់ដ៏អស្ចារ្យបំផុតមួយ នៅ PARC ហើយគេហៅវាថា “Graphic User Interface” (ផ្ទាំងអាចឲ្យអ្នកប្រើ មើលឃើញ ដើម្បីងាយប្រើប្រាស់)។

គាត់បានប្រាប់ទៀតថា៖ «យើងមិនចាំបាច់ត្រូវវាយបញ្ចូលកូដ ដើម្បីបញ្ជា GUI ទៀតទេ យើងគ្រាន់តែ យកដៃបញ្ជាលើអេក្រង់ ទៅ ចុចលើ Icon វិញ»។ លោក Steve Jobs បានសួរទៅកាន់ក្រុមបង្កើត Software របស់គាត់ថា៖ តើពួកយើង អាចបង្កើតបាន ដូចជា ពួកគេទេ? ក្រុមរបស់គាត់ បានឆ្លើយតប មកវិញថា៖ «មិនអាចទេ» ។ លោក Steve Jobs ប្រាប់ទៅវិញថា ពួកគេត្រូវតែ ធ្វើវាឲ្យបាន ចំពោះគំរោងអ្វីក៏ដោយ ដែលពួកគេ កំពុងតែធ្វើ ត្រូវទុកចោលមួយឡែកទាំងអស់ ហើយងាកមកចាប់ផ្តើម បង្កើតអ្វីដែលគាត់ ចង់បាននោះវិញ។

បន្ទាប់មកទៀត លោក Steve Jobs បានធ្វើដំណើរ ជុំវិញក្រុង ដើម្បីនិយាយជាមួយនឹង អ្នកផលិត ដើម្បីចរចារតម្លៃ ក្នុងការផលិត Mouse ក្នុងតម្លៃតែ ១៥ដុល្លារ ដែលវាថោក ជាងក្រុមហ៊ុន Xerox ឆ្ងាយណាស់ ដែលមានតម្លៃ ដល់ទៅ ៣០០ដុល្លារ ឯណោះ។ ជាលទ្ធផល លោក Steve Jobs យក Mouse មកប្រើប្រាស់ជាមួយនឹង GUI (ផ្ទាំងអេក្រង់ អាចឲ្យអ្នកប្រើមើលឃើញ) ដោយធ្វើឲ្យ របស់ទាំងពីរនេះ ភ្ជាប់បញ្ចូលគ្នា ហើយជាលទ្ធផល គាត់ផលិតបាន ម៉ាស៊ីនកុំព្យូទ័រមួយប្រភេទ មានឈ្មោះហៅថា Macintosh ដែលជា ផលិតផល ដ៏អស្ចារ្យមួយមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រ របស់តំបន់ Silicon Valley ហើយវាក៏ជាផលិតផល ដែលជួយឲ្យ Apple ទទួលបានជោគជ័យ រហូតមកទល់ សព្វថ្ងៃនេះដែរ។

ត្រឡប់មកសំនួរ របស់លោក Malcolm Gladwell វិញ គាត់បានសួរទៅកាន់ អ្នកចូលរួម ក្នុងកិច្ចប្រជុំថា៖ ហេតុអ្វីបានជាពួកគេ នាំគ្នា ប្រើប្រាស់កុំព្យូទ័របស់ Apple ជំនួសកុំព្យូទ័រ របស់ ក្រុមហ៊ុន Xerox ដ៏ល្បីនោះទៅវិញ? តើលោក Steve Jobs ឆ្លាតជាង មនុស្សនៅ Xerox PARC? លោក Malcolm បានឆ្លើយថា៖ មិនមែនឡើយ! មនុស្សនៅ Xerox ឆ្លាតជាង ហើយថែមទាំងបង្កើតបាន Graphic User Interface ទៀត ប៉ុន្តែ លោក Steve Jobs បានលួចយកទៅប្រើប្រាស់។

គាត់សួរបន្តទៀតថា៖ តើលោក Steve Jobs មានប្រាជ្ញា និង ការយល់ដឹងជ្រៅជ្រះជាង Xerox ឬ? គាត់ឆ្លើយថា៖ មិនមែនទេ។ ចុះ លោក Steve Jobs មានធនធានច្រើនជាង Xerox? នោះក៏មិនមែនដែរ Xerox រកចំណូលបានច្រើនជាង ក្រុមរបស់លោក Steve Jobs ឆ្ងាយណាស់ ព្រោះ Xerox ជាក្រុមហ៊ុនធំបំផុតមួយ ខណៈ លោក Steve Jobs គ្រាន់តែមាន ក្រុមតូចមួយ (Startup) ទើបនឹងចាប់ផ្តើមប៉ុណ្ណោះ។

ដូច្នេះសរុបមកវិញ លោក Steve Jobs មានចរិតលក្ខណៈ ធ្វើអ្វីក្នុងភាពបន្ទាន់ (Urgency)។ គាត់ចង់ធ្វើអ្វី គឺគាត់ធ្វើវាភ្លាម។ គ្រាន់តែ គាត់ដឹងភ្លាម គាត់ប្រញ៉ាប់ទៅជួប ក្រុមរបស់គាត់ និង ឲ្យបញ្ឈប់រាល់ការងារ ទាំងឡាយ រួចងាកមកចាប់ផ្តើមការងារ ដែលគាត់ចង់ បាននោះ។ ចំណែក Xerox វិញ ព្រោះតែមានលុយ និង ពេលវេលា ច្រើនពេក ពួកគេ មិនមានចិត្តធ្វើអ្វី ដែលមានលក្ខណៈ បន្ទាន់ឡើយ។ ចំពោះលោក Steve Jobs វិញ គាត់ប្រញាប់ប្រញាល់ បន្ទាន់ភ្លាមៗ ដែលនេះហើយ ជាអ្វីដែលធ្វើឲ្យគាត់ ក្លាយជាមនុស្ស ដ៏អស្ចារ្យម្នាក់។ លោក Malcolm បានបន្ថែមជាចុងក្រោយថា៖ ភាពខុសគ្នារវាង លោក Steve Jobs នឹង ក្រុមហ៊ុន Xerox មិនមែនមកពីធនធាននោះទេ តែខុសគ្នាត្រង់ ផ្នត់គំនិត និង ឥរិយាបថ (attitude)៕

ក្រោយពីអានហើយ តើមិត្តអ្នកអាន ទទួលបាន ចំណេះដឹងអ្វីខ្លះ និង យល់ឃើញ យ៉ាងណាខ្លះដែរ? សូមចូលរួមបញ្ចេញជា មតិយោបល់របស់អ្នក នៅខាងក្រោម៖

ប្រភព៖ businessinsider

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]