ភ្នំពេញ៖ បន្ទាប់ពីមាន គ្រោះថ្នាក់ចរាចរ រថយន្ដដឹកទឹកសុទ្ធ កិនក្មេងប្រុស អាយុ២ឆ្នាំ ស្លាប់យ៉ាង អណោចអធ័ម នៅសង្កាត់ព្រែក កំពឹស ខណ្ឌដង្កោ នោះព្រឹកថ្ងៃទី០១ ខែ តុលា ឆ្នាំ២០១៤ ដដែលនេះ វេលាម៉ោង៩ និង៤០នាទី មានករណីគ្រោះថ្នាក់ ចរាចរណ៍ ស្រដៀងគ្នាបាន កើតឡើងនៅ ភូមិទួលពង្រ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នោះគឺរ៉ឺម៉ក ដឹកហ្គាស បានបុកក្មេងប្រុស អាយុ៤ឆ្នាំពេល កំពុងរត់ឆ្លងផ្លូវ បណ្ដាលឱ្យស្លាប់ ក្រោយពេល ដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យ ។

សមត្ថកិច្ចមូលដ្ឋាន ប៉ុស្ដិ៍ចោមចៅ ដែលចុះទៅកាន់ កន្លែងកើតហេតុនោះ បាននិយាយថា ក្មេងប្រុសរង គ្រោះឈ្មោះ អ៊ុក ភក្ដី អាយុ ៤ឆ្នាំ មានឪពុកឈ្មោះ អ៊ុក សុផាន អាយុ៣៦ឆ្នាំ និងម្ដាយឈ្មោះ សន វណ្ណី អាយុ៣២ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ។

សមត្ថកិច្ចបានបន្ដថា គ្រោះថ្នាក់ចរាចរ ផ្ដាច់ជីវិតក្មេងប្រុសម្នាក់ ទៀតនោះបានកើតឡើង ខណៈដែលម៉ូតូ រ៉ឺម៉កដឹកហ្គាស បានធ្វើ ដំណើរក្នុងទិសដៅ ពីលិចទឹកកើត លុះដល់ ចំណុចកើតហេតុ ស្រាប់តែក្មេង ប្រុសរងគ្រោះ រត់ឆ្លងផ្លូវ ពេលនោះរ៉ឺម៉កបុក និងកិនបណ្ដាល ឱ្យស្លាប់ បើទោះបីឪពុកម្ដាយ និងសាច់ញាតិ ខំដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យក៏ដោយនោះ។

សមត្ថកិច្ចបានបន្ដទៀតថា ក្រោយកើត ហេតុ អ្នកបើករ៉ឺម៉កដឹកហ្គាស ត្រូវបានចាប់ ខ្លួនប្រគល់ទៅ ឱ្យសមត្ថកិច្ច ដើម្បីចាត់ការ តាមផ្លូវច្បាប់ ។ ដោយឡែកសពក្មេងប្រុស រងគ្រោះ ត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាម ប្រពៃណីទាំងក្ដី អាលោះអាល័យជាទីបំផុត ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]